សុវណ្ណាភូមិ ឡាយហ្វ៍ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ឈាន​មុខ​មួយ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្តេជ្ញា​ចិត្ត​ចូលរួមចំណែក​ជា​ថ្មី​ម្តង​ទៀត​ទៅ​លើ​វិស័យ​អប់រំ និង ការ​អភិវឌ្ឍន៍​សហគមន៍​តាម​រយៈការ​ផ្តល់​អំណោយ​នៅ​សាលាបឋម​សិក្សា ពពែ ខេត្ត​កណ្តាល។​

កាល​ពី​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៤ សុវណ្ណាភូមិ ឡាយហ្វ៍​ បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌​ដោយ​ឧបត្ថម្ភ ១ ០០០ ០០០ រៀល និង​សម្ភារ​ការិយាល័យ​ប្រើប្រាស់​ដូចជា កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនព្រីន និង​សម្ភារ​សិក្សា​ផ្សេងៗ​ជាច្រើន​ទៀត។

ទន្ទឹម​នឹង​នេះ យើង​ក៏​បាន​ផ្តល់​អំណោយ​ដល់​សិស្សានុសិស្ស​ចំនួន ១៣០នាក់ និង​លោកគ្រូ​អ្នកគ្រូ​ចំនួន ៨នាក់ ផងដែរ។ សមិទ្ធផល​ទាំងអស់​នេះ​ត្រូវ​បាន​គូស​បញ្ជាក់ ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុង​ការ​ផ្តួចផ្តើម​ការ​គាំទ្រ​យ៉ាង​សកម្ម​ទៅ​លើ​វិស័យ​អប់រំ។

សាទរ​នឹង​សកម្មភាព​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​អប់រំ​នេះ លោក ជឿន ជ័យ នាយក​សាលា បាន​សម្តែង​ការ​ដឹង​គុណ ដោយ​មាន​ប្រសាសន៍​ថា “ខ្ញុំ​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​សូម​ថ្លែងអំណរគុណ​ចំពោះ សុវណ្ណាភូមិ​ ឡាយហ្វ៍ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ដូចជា សម្ភារសិក្សា និង​សម្ភារ​ការិយាល័យ ព្រម​ទាំង​ថវិកា​ដល់​សាលារៀន”។

លោក​បាន​បញ្ជាក់​ថា ការ​បរិច្ចាគ​ទាំង​នេះ​នឹង​ធ្វើឱ្យ​មាន​ការ​ផ្លាស់ប្តូរ​កាន់​តែ​ប្រសើរ​ក្នុង​ដំណើរការ​នៃ​ការ​បង្រៀន​របស់លោកគ្រូ​អ្នកគ្រូ និង​ក៏​ដូចជា បទពិសោធន៍​សិក្សា​របស់​សិស្សានុសិស្ស។

លោក Loke Kah Meng អគ្គនាយក​ប្រតិបត្តិ​សុវណ្ណាភូមិ ឡាយហ្វ៍ បាន​លើកឡើង​ពី​សារសំខាន់​នៃ​សកម្មភាព​នេះ​ដោយ​កត់​សម្គាល់​ថា ការ​ទទួល​បាន​សម្ភារ​សិក្សា​អាច​ធ្វើឱ្យ​សិស្សានុសិស្ស​ផ្តោត​អារម្មណ៍​លើ​ការ​សិក្សា និង​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​របស់​ពួកគេ។ តាម​រយៈការ​ផ្តល់​សម្ភារ​សិក្សា និង​ឧបករណ៍​ប្រើប្រាស់​ក្នុង​ការ​អប់រំ សុវណ្ណាភូមិ ឡាយហ្វ៍ បាន​ធ្វើឡើង​ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​អប់រំ​សម្រាប់​យុវជន​ជំនាន់​ក្រោយ និង​ជម្រុញ​ការ​អភិវឌ្ឍន៍​ផ្នត់​គំនិត​របស់​ពួកគេ ។

សុវណ្ណាភូមិ ឡាយហ្វ៍ នឹង​បន្ត​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា “នៅ​ទីនេះ​ដើម្បី​អ្នក នៅទីនេះ​ដើម្បី​កម្ពុជា” ដោយ​សង្កត់ធ្ងន់​លើ​ការ​គាំទ្រ​ជា​បន្តបន្ទាប់​របស់​ខ្លួន​សម្រាប់​សិស្សានុសិស្ស និង​សហគមន៍​ទូទាំង​ប្រទេស​កម្ពុជា​តាម​រយៈការ​ស្ម័គ្រចិត្ត ការ​បរិច្ចាគ និង​ភាព​ជាដៃគូ។

អំពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី៖

ក្រុមហ៊ុន​ សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ៨.៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​កេរ្តិ៍​ដំណែល​តាំង​ពី​ឆ្នាំ ១៩៩១។ សុវណ្ណាភូមិ ឡាយហ្វ៍ ជា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹងមាំ និងទំនុក​ចិត្តព្រម​ទាំង​ទទួល​បាន​ពាន​រង្វាន់ ៤ ឆ្នាំ​ជាប់​គ្នា ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​រីកចម្រើន​លឿន​បំផុត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨, ២០១៩, ២០២០ និង ២០២១ ផ្តល់​ដោយ​ក្រុមហ៊ុន The Global Banking and Finance Review ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស​ និង​ពាន​រង្វាន់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ជាង​គេ​នៅ​កម្ពុជា​ឆ្នាំ ២០២១ ផ្តល់​ដោយ​ International Business Magazine ដែល​មាន​ទីស្នាក់ការ​នៅ​សហព័ន្ធ​អារ៉ាប់រួម៕