ក្រុងបាងកកៈ ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា រំពឹងថានឹងសិក្សាបញ្ចប់ពីផែនការលម្អិតនៃផែនការអភិវឌ្ឍន៍រួមគ្នាសម្រាប់គម្រោងវិនិយោគដ៏ធំនៅDawei ក្នុងរយៈពេលបីឬបួនខែខាងមុខនេះ ដើម្បីឲ្យគម្រោងសាងសង់អាចចាប់ផ្តើមដំណើរការបាននៅខែមេសាឆ្នាំក្រោយនេះ។
កាលពីថ្ងៃពុធ ប្រទេសទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគម្រោងអភិវឌ្ឍន៍រួមគ្នានៃតំបន់សេដ្ឋកិច្ចពិសេសដែលមានតម្លៃ ៥០ពាន់លានដុល្លារ និងកំពង់ផែទឹកជ្រៅនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Nyan Tan អនុប្រធានាធិបតីមីយ៉ាន់ម៉ាមកកាន់ទីក្រុងបាងកក។
លោក Nyan Tan ដែលជាប្រធានគណៈកម្មាធិការចម្រុះជាន់ខ្ពស់មីយ៉ាន់ម៉ាថៃសម្រាប់គម្រោងអភិវឌ្ឍន៍ដ៏ធំនៃតំបន់សេដ្ឋកិច្ចពិសេស Dawei និងតំបន់គម្រោងពាក់ព័ន្ធរបស់គម្រោងនេះដែរនោះ បានជួបពិភាក្សាជា មួយលោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា និងលោក Kittiratt Na-Ranong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ដែលជាសហប្រធានក្នុងគណៈកម្មាធិការចម្រុះជាន់ខ្ពស់មីយ៉ាន់ម៉ា-ថៃនេះ។
បន្ទាប់ពីកិច្ចប្រជុំនេះ លោក Kittiratt ថ្លែងថា គណៈកម្មាធិការរងចំនួន៦ ត្រូវបានចាត់តាំងនិងចាប់ផ្តើមធ្វើការជាបន្ទាន់។ កិច្ចការរបស់គណៈកម្មាធិការរងទាំងនេះ នឹងត្រូវបញ្ចូនមកពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលនៅទីក្រុង Nay Pyi Taw នៅខែក្រោយនេះ ដែលមានលោក Niwatthamrong Bunsongphaisan ប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មមីយ៉ាន់ម៉ាធ្វើជាប្រធានក្នុងកិច្ចប្រជុំនេះ។
ដោយបដិសេធមិនបញ្ជាក់ថាតើរដ្ឋាភិបាលថៃនឹងចំណាយថវិកាសម្រាប់ការអភិវឌ្ឍន៍រួមគ្នានូវគម្រោងវិនិយោគនៅមីយ៉ាន់ម៉ានេះឬអត់នោះលោកKittiratt បានបន្តថា គណៈកម្មាធិការចម្រុះជាន់ខ្ពស់មីយ៉ាន់ម៉ា-ថៃ នឹងជួបប្រជុំម្តងទៀតនៅខែមីនាខាងមុខនេះដើម្បីសិក្សាបញ្ចប់ពីព័ត៌មានលម្អិតនៃគម្រោងDawei នេះ។
លោក បានបន្តថា៖ «ភាគីទាំងពីរ យល់ស្របថាគម្រោងវិនិយោគនេះ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រទេសថៃ និងមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងសម្រាប់មហាអនុតំបន់មេគង្គទាំងមូលរួមទាំងពិភពលោកទាំងមូលផងដែរ ដោយសារគម្រោងនេះ នឹងតភ្ជាប់តំបន់ប៉ាស៊ីហ្វិកទៅកាន់សមុទ្រ Andaman»។
លោកបញ្ជាក់ថា តែដោយសារថា គម្រោង Dawei មានទំហំធំពេក ការអភិវឌ្ឍនេះ នឹងត្រូវធ្វើឡើងជាជំហានៗ ដោយចាប់ផ្តើមពីឧស្សាហកម្មធុនស្រាល និងប្រើប្រាស់កម្លាំងពលកម្មច្រើនជាមុនសិន ទើបគម្រោងអភិវឌ្ឍន៍ឧស្សាហកម្មធុនធ្ងន់ ចាប់ផ្តើមដំណើរការជាក្រោយ៕ BP
ភ្នំពេញ ប៉ុស្តិ៍







