ហូជីមិញៈ ប្រទេសវៀតណាមកំពុងទាក់ទាញការវិនិយោគក្រុមហ៊ុនបច្ចេកវិទ្យាមកពីអាមេរិកនិងកូរ៉េខាងត្បូងកាន់តែច្រើន។
ក្រុមហ៊ុនIntelCorp,SamsungElectronicsCoនិងJabilCircuit Incជាក្រុមហ៊ុនក្នុងចំណោមក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងនិងចំណាយច្រើននៅប្រទេសវៀតណាម។ការនាំចេញផលិតផលរបស់ក្រុមហ៊ុនទាំងនេះបានជំរុញដល់កំណើននាំចេញរបស់វៀតណាម។
ការនាំចេញទូរស័ព្ទដៃនិងឧបករណ៍អេឡិចត្រូនិកជាច្រើនផ្សេងទៀតពីប្រទេសវៀតណាមបានកើនឡើង៩១ភាគរយក្នុងរយៈពេល១០ខែដំបូងឆ្នាំនេះបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅពោលគឺកើនរហូតដល់១៦ពាន់លានដុល្លារដូច្នេះវត្តមានរបស់ក្រុមហ៊ុនទាំងនោះជាប្រភពចំណូលនាំចេញដ៏ធំបំផុតរបស់វៀតណាម។
កំណើនដែលកើតចេញពីក្រុមហ៊ុនបច្ចេកវិទ្យាសកលទាំងនេះទំនងជាមកបន្សាបក្តីព្រួយបារម្ភរបស់វិនិយោគិនស្តីពីបញ្ហាសេដ្ឋកិច្ចដែលគេបានកម្រិតថានឹងកើនឡើងក្នុងល្បឿនមួយយឺតគិតចាប់តាំងពីឆ្នាំ១៩៩៩និងដោយសារតែការទម្លាក់ចំណាត់ថ្នាក់ឥណទាននិងបញ្ហាក្នុងប្រព័ន្ធធនាគារ។
កំណើនថ្លៃពលកម្មដែលកើតមានរាប់ទាំងសិង្ហបុរីនិងថៃគួបផ្សំនឹងភាពតានតឹងរវាងជប៉ុននិងចិនទំនងជាអាចជំរុញឲ្យរោងចក្រជាច្រើនប្តូរមកប្រទេសវៀតណាមដែលអាចជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនឲ្យកាន់តែតូច។
លោកVincentContiសេដ្ឋវិទូនៅក្រុមហ៊ុនAustralia &NewZealandBankingGroup Ltdមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានឲ្យដឹងថា៖
«ប្រទេសនេះកំពុងយល់អំពីអត្ថប្រយោជន៍នៃតម្លៃពលកម្មហើយឥឡូវនេះជាចំណុចផ្តុំមួយសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យារបស់សកលលោក»។
ការនាំចេញគ្រឿងអេឡិចត្រូនិករបស់វៀតណាមដែលរួមមានម៉ូដឹមទូរស័ព្ទដៃនិងខ្សែភ្លើងទៅអាមេរិកបានកើនឡើង៥៨ភាគរយនៅក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ។នេះបើតាមគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិក។បើតាមការប្រៀបធៀបការនាំចេញរបស់ចិនទៅអាមេរិកនូវឧបករណ៍ដូចគ្នាបានកើនឡើង១១ភាគរយម៉ាឡេស៊ីកើនឡើង៤ភាគរយថៃ៥ភាគរយនិងប្រទេសឥណ្ឌូនេស៊ីធ្លាក់ចុះ១៦ភាគរយ។ នេះបើតាមទិន្នន័យ។
ការនាំចេញសម្លៀកបំពាក់របស់វៀតណាមទៅអាមេរិក ជាទីផ្សារធំរបស់ខ្លួនកើនដល់៦,៥ពាន់លានដុល្លារកាលពីឆ្នាំទៅដែលធ្វើឲ្យវៀតណាមក្លាយជាប្រទេសផ្គត់ផ្គង់សម្លៀកបំពាក់ធំទីពីរទៅទីផ្សារអាមេរិកបន្ទាប់ពីចិន។
ការនាំចេញសម្លៀកបំពាក់របស់វៀតណាមមានតម្លៃ៤៧លានដុល្លារកាលពី១០ឆ្នាំមុន។
លោកThan TrongPhucប្រធានគ្រប់គ្រង DFJ VinaCapital LPដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញបានឲ្យដឹងថា៖
«វៀតណាមនឹងទទួលយកចំណែកទីផ្សារបច្ចេកវិទ្យាពីប្រទេសអាស៊ីផ្សេងទៀត។ មានកត្តារួមបញ្ចូលគ្នាជាច្រើនដែលជំរុញកំណើនប៉ុន្តែកត្តាចម្បងមួយគឺតម្លៃពលកម្មថោក»៕ SS
ភ្នំពេញ ប៉ុស្តិ៍







