ភ្នំពេញៈ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ដែលចេញផ្សាយម្សិលមិញដោយអង្គការស្បៀង និងកសិកម្ម (FAO)បង្ហាញថា តម្លៃម្ហូបអាហារនៅលើពិភពលោកបានធ្លាក់ចុះ១ភាគរយឬ២ចំណុចនៅខែតុលា ២០១២។
សន្ទស្សន៍ប្រចាំខែ មានអត្រាជាមធ្យម ២១៣ចំណុច បើធៀបអត្រាកាលពីខែកញ្ញា ដែលមាន ២១៥ចំណុច។
យោងតាម FAO ការធ្លាក់ចុះនេះ ភាគច្រើនបណ្តាលមកពីថ្លៃម្ហូបអាហារនៅលើទីផ្សារអន្តរជាតិ ធ្លាក់ចុះ ដូចជាគ្រាប់ធញ្ញជាតិ ប្រេង និងខ្លាញ់ ប៉ុន្តែថ្លៃអាហារដែលរួមមានទឹកដោះគោ និងស្ករ បែរជាឡើងថ្លៃទៅវិញ។
ក្នុងរយៈពេល១០ខែឆ្នាំនេះ តម្លៃម្ហូបជាមធ្យមគឺ៨ចំណុច ទាបជាងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។នេះបើតាម FAOដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម។
សន្ទស្សន៍នោះបានបង្ហាញថាតម្លៃស្រូវសាលី និងពោត បានធ្លាក់ថ្លៃតិចតួច ខណៈដែលតម្លៃអង្ករ ស្ថិតនៅថេរ។
លោក យ៉ង សាំងកុមារ ប្រធានមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សា និងអភិវឌ្ឍន៍កសិកម្ម (សេដាក)បានឲ្យដឹងថា ការប្រែប្រួលតម្លៃអង្ករនៅលើពិភពលោក ប៉ះពាល់ដល់ទីផ្សារកម្ពុជា។ លោកបន្តថា តម្លៃអង្ករធម្មតានៅកម្ពុជានៅថេរ បើធៀបនឹងខែមុន និងឆ្នាំមុន ដោយសារតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ ស្ថិតនៅថេរ។
លោក យ៉ង សាំងកុមារ បានលើកឡើងថា កសិករបានលក់ស្រូវរបស់ខ្លួនស្ទើរតែទាំងអស់ក្នុងអំឡុងរដូវច្រូតកាត់ ដូច្នេះតម្លៃនឹងមិនប៉ះពាល់ច្រើនដល់កសិករឡើយ ពេលរដូវច្រូតកាត់ថ្មីចូលមកដល់នៅចុងខែវិច្ឆិកានេះ។
សន្ទស្សន៍តម្លៃម្ហូបអាហាររបស់ FAO ទាបជាងសន្ទស្សន៍កាលពីខែកុម្ភៈ ឆ្នាំ២០១១ ដែលមាន ២៣៨ចំណុច និងធ្លាក់ចុះ៣ចំណុច បើធៀបនឹងសន្ទស្សន៍កាលពីខែតុលា ឆ្នាំ២០១១ ដែលមាន២១៦។ សន្ទស្សន៍តម្លៃម្ហូបអាហាររបស់ FAO ជាការវាស់វែងការប្រែប្រួលតម្លៃម្ហូបអាហារប្រចាំខែលើមុខទំនិញមួយចំនួននៅទីផ្សារអន្តរជាតិ៕CS
ភ្នំពេញ ប៉ុស្តិ៍







