Headlines:

ចំណូល​ពន្ធ​កើន​តែ​អ្នក​រិះគន់​ថា​នៅ​ទាប



121109_11
បុគ្គលិកក្រុម​ហ៊ុនមួយកំពុងរាប់លុយ។ ការ​ប្រមូល​ពន្ធ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​១០​ខែ​កើន​ឡើង​៣១​ភាគរយ។ ប្រភព​ចំណូល​ពន្ធមាន​ច្រើនដូច​ជាពន្ធប្រាក់​ខែ​ជាដើម ។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ កម្ពុជា​ប្រមូល​ពន្ធ​បាន​៦៦៣​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១០​ខែ​ឆ្នាំ​នេះ​កើន​ឡើង​៣១​ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ។

ចំនួន​នេះ​ត្រូវ​បាន​គណ​បក្ស​ប្រឆាំង​អះអាង​ថា​នៅ​តែ​ទាប​ជាង​អត្រា​ជាក់​ស្តែង​ដដែល ដោយ​សារ​តែ​អំពើ​ពុក​រលួយ។

ចំណូល​ទាំង​នោះ​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​លើ​ផល​ចំណេញ ពន្ធ​កាត់​ទុក ពន្ធ​ប្រាក់​ខែ ពន្ធ​លើ​តម្លៃ​បន្ថែម (VAT) ពន្ធ​ពិសេស​លើ​ទំនិញ និង​សេវា​កម្ម​មួយ​ចំនួន ពន្ធ​លើ​អាជីវ​កម្ម ពន្ធ​រថយន្ត ពន្ធ​ប៉ាតង់ និង​ពន្ធ​អច​លនទ្រព្យ​។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ខែ លោក គង់ វិបុល អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ បាន​ជំរុញ​ឲ្យ​មន្ត្រី​ពន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​បញ្ជា​ឲ្យ​ប្រមូល​ពន្ធ​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ថវិកា​រដ្ឋ។

លោក​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា នៅ​តែ​មាន​ឱកាស​បង្កើន​ប្រាក់​ចំណូល​ពន្ធ ដូច្នេះ​កត្តា​សំខាន់​គឺ​ត្រូវ​លើក​កម្ពស់​ច្បាប់​ពន្ធ និង​ផល​វិបាក​នៃ​គេច​វេះពី​ការ​បង់​ពន្ធ​ដោយ​បុគ្គល សា​ជីវ​កម្ម ការ​ជឿ​ទុក​ចិត្ត និង​អង្គ​ភាព​ផ្សេង​ៗ​ទៀត ដើម្បី​លើក​ទឹក​ចិត្ត ដើម្បី​បង់​ពន្ធ។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​សប្តាហ៍​មុន​ថា ការ​ប្រមូល​ពន្ធ​នៅ​តែ​ទាប​ជាង​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់។

លោក​បន្ត​ថា បើ​ក្រឡេក​មើល​ទៅ​លើ​ពន្ធ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល យើង​សង្កេត​ឃើញ​ថា ពន្ធ​ទាំង​នោះ​មាន​ចំនួន​ច្រើន។ ម្យ៉ាង​វិញ​ទៀត ពន្ធ​ដែល​ប្រមូល​បាន​ពី​ប្រជាជន មាន​ច្រើន​ប្រភេទ ប៉ុន្តែ​ចំនួន​ដែល​ប្រមូល​សម្រាប់​ចំណូល​ជាតិ នៅ​តែ​មាន​អត្រា​ទាប​ដដែល​គឺ​ត្រឹម​១២ ទៅ ១៣​ភាគ​រយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង ដែល​ប្រមូល​បាន​ពី​១៨ ទៅ ២៥​ភាគ​រយ​នៃ​ប្រាក់​ចំណូល​ជាតិ។

លោក​ថ្លែង​ថា រដ្ឋាភិបាល​គួរ​ពិចារណា​អំពី​ការ​ប្រើ​ប្រាស់​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ ដើម្បី​រក​ប្រាក់​ចំណូល​បាន​កាន់​តែ​ច្រើន។ លោក​បន្ត​ថា៖ «ទាំង​ប្រាក់​ចំណូល​និង​ការ​ចំណាយ គឺ​មិន​សម​ស្រប​ឡើយ ប្រសិន​បើ​យើង​អាច​ទប់​ស្កាត់​អំពើ​ពុក​រលួយ។ យើង​អាច​រក​ចំណូល​បាន​ពី ៥០០លាន ទៅ ១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ»។

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវ​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដោយ​សារ​ប្រជាជន​បាន​បង់​ពន្ធ​ច្រើន​ជាង​ប្រទេស​ជិត​ខាង ហើយ​ពន្ធ​ដែល​ពួក​គាត់​បង់ មិន​មែន​មាន​តែ​មួយ​ប្រភេទ​នោះ​ទេ ប៉ុន្តែ​មាន​អត្រា​ពន្ធ​ក៏​ខ្ពស់​ផង​ដែរ ខណៈ​ប្រាក់​ចំណូល​សម្រាប់​ថវិកា​ជាតិ នៅ​តែ​ទាប​ដដែល តើ​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី។

លោក​ថ្លែង​ថា៖ «ប្រាក់​ជា​ច្រើន ត្រូវ​បាន​ហូរ​ចូល​ទៅ​បុគ្គល ឬ​មនុស្ស​មួយ​ក្រុម មិន​មែន​ចូល​ទៅ​ជាតិ​ឡើយ។ រដ្ឋាភិបាល ត្រូវ​តែ​ពិចារណា​អំពី​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ»។

លោក Olaf Unteroberdoerster អគ្គ​នាយក​រង​មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ឲ្យ​ដឹង​កាល​ពី​ខែ​តុលា​ថា ប្រាក់​ចំណូល​របស់​កម្ពុជា មាន​ភាព​ប្រសើរ​នៅ​ឆ្នាំ​២០១២ ដោយ​ការ​ប្រមូល​ពន្ធ​ផ្ទាល់ និង​ប្រយោល ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​០,៧៥​ភាគ​រយនៃ​GDP​។​ឱនភាព​សារពើ​ពន្ធ​ក៏​ត្រូវ​គេ​រំពឹង​ថា​នឹង​រួម​តូច​មក​នៅ​ប្រហែល​ជា​៣,២៥​ភាគ​រយ​ប៉ុណ្ណោះ​នៃ​GDP ដោយ​សារ​សម្ពាធ​ចំណាយ​អាច​គ្រប់​គ្រង​បាន។

លោក​បន្ត​ថា៖ «ដោយ​សម្លឹង​ទៅ​មុខ ការ​បង្កើន​ប្រាក់​បញ្ញើ​របស់​រដ្ឋាភិបាល ដែល​ចាប់​ផ្តើម​ដោយ​ថវិកា​ឆ្នាំ​២០១៣ នៅ​តែ​មាន​អាទិភាព​ខ្ពស់​ដោយ​ធ្វើ​ឲ្យ​កម្ពុជា​អាច​ទប់​ទល់​នឹង​ផល​វិបាក​បាន។ បើ​តាម​ការ​ប្រមើល​មើល​ក្នុង​រយៈ​ពេល​យូរ ការ​កៀរ​គរ​ចំណូល មាន​ភាព​ចាំ​បាច់​បើ​កម្ពុ​ជា​អាច​បំពេញ​តម្រូវ​ការ​អភិវឌ្ឍ និង​រក្សា​និរន្តរភាព​សារពើពន្ធ​បាន»។

កាល​ពី​ចុង​ខែ​តុលា រដ្ឋាភិបាល បាន​អនុម័ត​បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ​រហូត​ដល់​ជិត​១៣​ភាគ​រយ​សម្រាប់​ឆ្នាំ​២០១៣ គឺ​បង្កើន​ដល់​៣​ពាន់​លាន​ដុល្លារ​ខណៈ​ឆ្នាំ​២០១២ នេះ​មាន​ត្រឹម​តែ​២,៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​៕CS

This content has been locked. You can no longer post any comments.
Show/hide comments
busy