បាងកកៈ ក្រុមហ៊ុនទិញស្ករមកពីថៃជាប្រទេសនាំចេញស្ករសធំលំដាប់ទីពីរនៅលើពិភពលោក នឹងចំណាយតិចតួចសម្រាប់ប្រភេទស្ករលេខមួយដោយសារវាជាការចាប់ផ្តើមរដូវប្រមូលផលអំពៅ និងការផ្គត់ផ្គង់ច្រើនពីប្រទេសប្រេស៊ីល។
ស្ករមិនកែច្នៃនៅប្រទេសថៃសម្រាប់នាំចេញនៅចន្លោះខែមករា ដល់ខែមីនា មានតម្លៃបន្ថែមពី ០,៤៥សេន រហូតដល់ ០,៥៧សេន ក្នុងមួយផោន(០,៤៥គីឡូក្រាម) នៅក្នុងកិច្ចសន្យាទិញលក់នៅខែមីនា នៅលើផ្សារហ៊ុន ICE Futures នៅទីក្រុងញូវញ៉ក។ នេះបើយោងតាមក្រុមហ៊ុនGreen Pool Commodity Specialists Pty។បើធៀបនឹងកាលពីមួយសប្តាហ៍មុន មានតម្លៃ ០,៥ ដល់ ០,៦៥សេន។ ដំណាំអំពៅនៅប្រទេសថៃ ចាប់ផ្តើមប្រមូលផលនៅខែនេះ។
ក្រុមហ៊ុនស្រាវជ្រាវនៅBrisbane ប្រទេសអូស្ត្រាលី បានឲ្យដឹងតាមអ៊ីមែលកាលពីថ្ងៃចន្ទថា៖ «តម្លៃស្ករលេខមួយ នៅតែស្ថិតក្រោមសម្ពាធ ដោយសារលទ្ធផលផលិតកម្មខ្លាំងនៅភាគកណ្តាលប្រទេសប្រេស៊ីល និងដល់វាដល់ពេលដែលត្រូវចាប់ផ្តើមរដូវប្រមូលផលអំពៅឆ្នាំ២០១២-២០១៣»
ក្រុមហ៊ុន Unica បានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកា ទិន្នផលស្ករ នៅភាគខាងត្បូងប្រេស៊ីលដែលជាតំបន់ដាំអំពៅដ៏សំខាន់របស់ប្រទេសនេះបានកើនឡើង ៧៣ភាគរយរហូតដល់ ២,៥៥លានតោន នៅឆមាសទីពីរ បន្ទាប់ពីអាកាសធាតុស្ងួតធ្វើឲ្យកសិករបង្កើនការប្រមូលផល។
ក្រុមហ៊ុនឈ្មួញជើងសា Marex Spectron Groupនៅទីក្រុងឡុងដ៍ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទថា ទិន្នន័យរបស់ក្រុមហ៊ុន Unica បានបង្ហាញថា ផលិតកម្មនៅតំបន់នេះអាចនឹងកើនឡើងដល់ ៣៣លានតោន នៅឆ្នាំ២០១២-២០១៣។ បើធៀបនឹងឆ្នាំមុន ដែលមានអត្រា ៣១,៣លានតោន។
តម្លៃស្ករថៃ ដែលនាំយកទៅលក់នៅប្រទេសជប៉ុន ឈ្មោះថា Jspecមិនមានការប្រែប្រួលឡើយ បើធៀបនឹងសប្តាហ៍មុន។ នេះបើតាម Green Pool។
ស្ករឆៅសម្រាប់ចែកចាយនៅខែមីនា បានកើនឡើង ០,៦ភាគរយ រហូតដល់ ១៩,១៧ភាគរយ ក្នុងមួយផោនពីព្រឹកម្សិលមិញនៅញូវយ៉ក៕ CS
ភ្នំពេញ ប៉ុស្តិ៍







