ខេត្តព្រះសីហនុៈ ក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ VLK Royal Tourism Group បានវិនិយោគរួមគ្នាជាមួយដៃគូមកពីប្រទេសថៃ លើការបង្កើតសណ្ឋាគារប៊ូទិក លំដាប់ផ្កាយបួន (OC Boutique) នៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការនិងភ្ញៀវទេសចរចាប់តាំងពីឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកក្លិបឆ្នេរសមុទ្រស្អាតបំផុតនៅលើពិភពលោកកាលពីឆ្នាំមុន។
សណ្ឋាគារឆ្នេរអូរឈើទាល ដែលមានទីតាំងជាប់នឹងឆ្នេរអូរឈើទាល បានចាប់ផ្តើមសាងសង់ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១១ ហើយបច្ចុប្បន្ន ការសាងសង់នេះបានរួចរាល់៩០ភាគរយហើយ ដោយសណ្ឋាគារនេះមាន ៦៦បន្ទប់ សម្រាប់បម្រើភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់សម្រាកលម្ហែនៅឆ្នេរសមុទ្រ។
លោក ឡាវ ហេងអគ្គនាយក VLK ដែលបដិសេធមិនបញ្ចេញព័ត៌មានទាក់ទងនឹងទឹកប្រាក់វិនិយោគនិងម្ចាស់សណ្ឋាគារនេះបានឲ្យដឹងថា ក្នុងអំឡុងពិធីបើកសាកល្បងក្រុមហ៊ុនបានធ្វើជាច្រើនឆ្នាំមកហើយទាក់ទងនឹងការស្រាវជ្រាវទីផ្សារសក្តានុពលប្រភេទសណ្ឋាគារក្នុងខេត្ត និងការស្រាវជ្រាវទីផ្សារនៅក្រៅប្រទេសអំពីតម្រូវការ។
លោកលើកឡើងថា៖ «ជាការពិតណាស់ យើងមិនទាន់បានបញ្ចប់ការអភិវឌ្ឍរបស់យើងឡើយ ដោយសារតម្រូវការទីផ្សារ នៅតែធំដដែល។ ការណ៍នេះមានន័យថា ការវិនិយោគរបស់យើងផ្អែកលើតម្រូវការទីផ្សារបើវាកាន់តែធំៗទៅ យើងនឹងចំណាយកាន់តែច្រើន។ សេវារបស់យើង នឹងបម្រើភ្ញៀវក្នុងលំដាប់ផ្កាយ៤ ទៅ ៥»។
លោកបន្តថាការសម្រេចវិនិយោគរួមគ្នាក្នុងការបង្កើតសណ្ឋាគារនេះ ដោយសារសង្កេតឃើញថាសណ្ឋាគារលំដាប់ស្តង់ដារអាចឲ្យភ្ញៀវទេសចរសប្បាយរីករាយនឹងការស្នាក់នៅរយៈពេលយូរ៖ «យើងមានសេវាជាច្រើន ផ្តល់ដល់ពួកគេ យើងផ្តោតជាសំខាន់លើស្តង់ដារ ដើម្បីប្រកួតប្រជែងជាមួយថៃ និងវៀតណាមនិងប្រទេសជិតខាងផ្សេងទៀត»។
លោកបានបន្ថែមថា បញ្ហាវិបត្តិនៅអឺរ៉ុបមិនមែនជាក្តីបារម្ភទេដោយសារតែចំនួនភ្ញៀវអាស៊ីមានស្ថានភាពល្អ។
លោក ឡាវ ហេង មានអាជីវកម្មជាច្រើនក្នុងឧស្សាហកម្មទេសចរណ៍ ដូចជា ភោជនីយដ្ឋានជាដើម ប៉ុន្តែការវិនិយោគលើសណ្ឋាគារនេះ ជាការវិនិយោគថ្មីរបស់លោក ជាមួយដៃគូថៃ ដែលមានបទពិសោធពេញលេញនៅអាស៊ី។ លោកថ្លែងថាមានបញ្ហាប្រឈម និងផលវិបាកច្រើនក្នុងគម្រោងនេះ។
លោកបន្តថា៖ «យើងមានបញ្ហាប្រឈម និងផលវិបាកជាច្រើន ដោយសារយើងប្រឈមនឹងបញ្ហាធនធានមនុស្ស។ ខ្ញុំអាចនិយាយបានថា យើងខ្វះអ្វីៗជាច្រើន ដូចជា អគ្គិសនីនៅទីនេះតែងតែដាច់ជាញឹកញាប់ សូម្បីតែប្រព័ន្ធលូ។ យើងមិននឹកស្មានថា យើងកំពុងប្រឈមនឹងបញ្ហានេះឡើយ ពេលយើងចាប់ផ្តើមនោះ»។
ប៉ុន្តែលោកបញ្ជាក់ថា បញ្ហានេះអាចដោះស្រាយបាន ហើយកត្តាសំខាន់គឺថា បើប្រទេសមួយចំនួន អាចអភិវឌ្ឍសណ្ឋាគារនេះបាន កម្ពុជាក៏អាចធ្វើវាបានដែរ។
លោកស្រីAmornratKongsawat ដែលជាដៃគូថៃបានឲ្យដឹងថា ការវិនិយោគរួមរបស់លោកស្រី នឹងឆ្លើយតបទៅនឹងកំណើនតម្រូវការសណ្ឋាគារនេះ។ លោកស្រីបានលើកឡើងថា៖
«យើងបានធ្វើដំណើរការជាច្រើន ហើយយើងដឹងថា និន្នាការអតិថិជន កំពុងស្វែងរកអ្វីដែលខុសប្លែកពីមុន ដូច្នេះយើងបានបង្កើតសណ្ឋាគារប៊ូទិក។ និន្នាការអតិថិជន កំពុងស្វែងរកសណ្ឋាគារ អ្វីៗគឺប្លែកពីគេ តូច និងជាលក្ខណៈឯកជន ដែលជាហេតុធ្វើឲ្យយើងផ្តោតលើទីផ្សារនោះទេ»។
លោកស្រី បានលើកឡើងថា៖ «កត្តាដំបូងក្នុងការវិនិយោគរបស់យើង គឺរបៀបដែលយើងអាចបម្រើអតិថិជនប្រកបដោយស្តង់ដារល្អ ហើយប្រសិនបើពួកគេដឹងថាយើងមានស្តង់ដារល្អ យើងផ្តោតលើបណ្តាញសង្គម ហើយយើងព្យាយាមសាងសង់បណ្តាញសង្គមកាន់តែរឹងមាំ និងប្រើប្រាស់ទីផ្សារឌីជីថល។ យើងស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានថៃ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាប្រទេសដែលមានប្រជាប្រិយភាពសម្រាប់ភ្ញៀវទេសចរពិភពលោក។ នេះជាឱកាសល្អដែលកម្ពុជា អាចបង្ហាញដល់ភ្ញៀវទេសចរបរទេសថា កម្ពុជា មានសណ្ឋាគារដែលមានស្តង់ដារល្អ អាចទទួលពួកគេបាន»។
លោក ហូ វណ្ឌី ប្រធានក្រុមហ៊ុនទេសចរណ៍ World Express និងសហប្រធានក្រុមការងារវិស័យឯកជន បានអបអរសាទរចំពោះការវិនិយោគនៅក្នុងសណ្ឋាគារថ្មី នៅតំបន់ឆ្នេរ ជាពិសេសសណ្ឋាគារប៊ូទិក។ លោកបានឲ្យដឹងថា បច្ចុប្បន្ន ខេត្តនេះ មានសណ្ឋាគារប្រហែល ៥០ដោយមានបន្ទប់ចំនួន២ពាន់មានការរចនាទៅតាមបែបបុរាណ និងមានផ្ទះសំណាក់ជាង២ពាន់បន្ទប់។
លោកថ្លែងថា៖ «ទោះបីយើងមានបន្ទប់ប្រហែល៥ពាន់ក៏ដោយ ក៏យើងមិនអាចឆ្លើយតបនឹងកំណើនតម្រូវការ ក្នុងអំឡុងថ្ងៃឈប់សម្រាកជាសាធារណៈ ឬរដូវសម្បូរភ្ញៀវច្រើនបានដែរ។ សណ្ឋាគារនេះ អាចបំពេញតម្រូវការតែក្នុងអំឡុងថ្ងៃធម្មតា ប៉ុន្តែសម្រាប់ថ្ងៃឬឱកាសពិសេស យើងអាចប្រឈមនឹងបញ្ហា។ ដូចអ្នកឃើញហើយថា ចំនួនភ្ញៀវទេសចរ កំពុងកើនឡើងនៅតំបន់ឆ្នេរ ចាប់តាំងពីយើងក្លាយជាសមាជិកក្លិបឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ការអភិវឌ្ឍនេះ នឹងឆ្លើយតបនឹងតម្រូវការថ្មីៗរបស់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក»។
ទោះបីយ៉ាងនេះក្តី កង្វះការហោះហើរត្រង់ទៅតំបន់ឆ្នេរ ជាបញ្ហាចម្បងដែលត្រូវដោះស្រាយ។
លោក ឡាវ ហេង បានលើកឡើងថា បញ្ហានៅទីនេះ គឺថាមិនមានការហោះហើរត្រង់ឡើយ។ បច្ចុប្បន្ន គេកំពុងរង់ចាំក្រុមហ៊ុនអាកាសចរដើម្បីពិចារណាអំពីការហោះហើរ បន្ទាប់មក ឧស្សាហកម្មទេសចរនៅទីនេះ នឹងរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកថ្លែងថា៖ «រដ្ឋាភិបាល ត្រូវផ្តល់គ្រឿងលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរទាំងនោះ និងលើកទឹកចិត្តដល់ពួកគេឲ្យបណ្តាក់ទុន នៅពេលពួកគេខាតបង់។ បើរដ្ឋាភិបាល នៅតែឲ្យពួកគេមកដោយខ្លួនឯង ពួកគេ នឹងមិនមកឡើយ រដ្ឋាភិបាល ត្រូវអញ្ជើញពួកគេឲ្យមក ដោយផ្តល់អត្ថប្រយោជន៍ខ្លះៗដល់ពួកគាត់»។
លោក ហូ វណ្ឌី បានឲ្យដឹងថា លោកតែងតែបានស្នើនូវគំនិតមួយចំនួន ក្នុងអំឡុងកិច្ចប្រជុំវិស័យឯកជនរដ្ឋាភិបាល ប៉ុន្តែមិនបានឆ្លើយតបឡើយ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនអាចទាក់ទងដើម្បីសុំយោបល់បានឡើយកាលពីម្សិលមិញ។
តួលេខក្រសួងទេសចរណ៍ បង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនឡើងដល់ ២៥៧៧,៥៤០ ដោយមានកំណើន ២៣,៦ភាគរយក្នុងរយៈពេល៩ខែដំបូងឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅដែលមាន២០៨៤៧៨៩នាក់ ក្នុងនោះ តំបន់ឆ្នេរ មានកំណើន ៥០,៣ភាគរយ៕CS
ភ្នំពេញ ប៉ុស្តិ៍







