ភ្នំពេញៈ ទោះបីមានសេចក្តីរាយការណ៍ថានឹងមានការអនុវត្តកិច្ចព្រមព្រៀងទិដ្ឋាការរួមជាមួយថៃនៅខែនេះក្តី ប៉ុន្តែមន្ត្រីកម្ពុជាអះអាងថាប្រទេសកម្ពុជានិងថៃនៅមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់អនុវត្តកិច្ចព្រមព្រៀងទិដ្ឋាការរួមនេះនៅឡើយទេ។នេះបើតាមមន្ត្រីការបរទេសកម្ពុជា។
កាលពីថ្ងៃសៅរ៍កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយដោយស្រង់សម្តីលោកPol LtGenPanuKerdlappol ប្រធានការិយាល័យអន្តោប្រវេសន៍ថៃដោយអះអាងពីផែនការនេះនឹងត្រូវយកអនុវត្តនៅថ្ងៃទី២១វិច្ឆិកានេះ។
លោកកុយគួងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមានប្រសាសន៍ថាគម្រោងទិដ្ឋាការរួមសម្រាប់ប្រទេសទាំង៥ក្នុងតំបន់អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមេគង្គចៅប្រាយ៉ាឬ(ACMECS) កំពុងដំណើរការប៉ុន្តែកម្ពុជានិងថៃជាប្រទេសដំបូងនឹងសាកល្បងអនុវត្តផែនការនេះ។ ការអនុវត្តកិច្ចព្រមព្រៀងនេះត្រូវបានគេសង្ឃឹមថានឹងជំរុញដល់វិស័យទេសចរណ៍ឲ្យកាន់តែរីកចម្រើន។
កាលពីមុនមន្ត្រីថៃបានស្នើឲ្យចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងនេះនៅថ្ងៃទី២១វិច្ឆិកាប៉ុន្តែកម្ពុជាក៏បានស្នើទៅវិញឲ្យមានការរៀបចំកិច្ចសហប្រតិបត្តិការបន្ថែមមុនពេលចាប់ផ្តើមអនុវត្ត។មកដល់ពេលនេះប្រទេសទាំងពីរនៅមិនទាន់បញ្ចប់កិច្ចការនេះទេ។
លោកកុយគួងលើកឡើងថា៖«នៅពេលយើងយល់ព្រមលើការរៀបចំកិច្ចសហប្រតិបត្តិការបន្ថែមពេលនោះយើងអាចអនុវត្តវាបានហើយ។រហូតមកដល់ពេលនេះយើងនៅមិនទាន់សម្រេចកិច្ចព្រមព្រៀងនេះនៅឡើយទេ។យើងត្រូវការការចរចាលើចំណុចមួយចំនួនដើម្បីឈានដល់កិច្ចព្រមព្រៀងរួមមួយ»។
កម្ពុជានិងថៃនឹងចាប់ផ្តើមអនុវត្តជាបណ្តោះអាសន្នលើគម្រោងទិដ្ឋាការរួមនេះប៉ុន្តែនៅមិនទាន់កំណត់ថានឹងអនុវត្តពេលណាទេ។នេះបើតាមលោកកុយគួង។
ពេលសួរថាប្រទេសណាមួយដែលនឹងទទួលបានប្រយោជន៍ធំជាងពីកិច្ចព្រមព្រៀងនេះលោកកុយ គួងថ្លែងថា គ្មាននរណាខាតនរណាចំណេញនោះទេ។
លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថាកិច្ចព្រមព្រៀងនេះនឹងទទួលបានប្រយោជន៍ទាំងសងខាង។
បញ្ជាក់ថា៖ «អ្វីដែលមានន័យនោះគឺថានៅពេលយើងផ្តល់ទិដ្ឋាការទៅឲ្យអ្នកទេសចរ គេអាចចូលទៅថៃឬថានៅពេលថៃផ្តល់ឲ្យគេអាចចូលមកកម្ពុជា។ពួកគេនៅតែត្រូវតម្រូវឲ្យបង់ថ្លៃចូលច្រកព្រំដែន»។
ទិដ្ឋាការរួមរវាងប្រទេសកម្ពុជានិងជួយជំរុញដល់វិស័យទេសចរណ៍របស់កម្ពុជាហើយវានឹងក្លាយជាអ្នកបង្កើនចំណូលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។នេះបើតាមលោកថោងខុន។
លោកបន្តថា៖«នេះជាការល្អហើយយើងរង់ចាំជាយូរមកហើយ។
ទិដ្ឋាការរួមគឺសម្រាប់ពលរដ្ឋអាស៊ាន ប៉ុន្តែវាក៏សម្រាប់ពលរដ្ឋមកពីតំបន់ផ្សេងទៀតដែរ»។
តាមកាសែតបាងកកប៉ុស្តិ៍មានទេសចរថៃប្រមាណ៤៨០០នាក់ទេសចរកម្ពុជា១៣០០នាក់និងទេសចរបរទេសផ្សេងទៀត១២៥០នាក់បានធ្វើដំណើរឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែតជារៀងរាល់ថ្ងៃ។
លោកស្រីJiranun Wongmongkol មន្ត្រីនៅការិយាល័យកិច្ចការពាណិជ្ជកម្មនៅស្ថានទូតថៃនៅកម្ពុជាឲ្យដឹងថាអនុស្សរណៈយោគយល់គ្នាលើទិដ្ឋាការរួមត្រូវបានចុះហត្ថលេខាជាយូរមកហើយប៉ុន្តែលោកស្រីមិនបានបញ្ជាក់ឲ្យបានពិតប្រាកដថានឹងអនុវត្តនៅថ្ងៃទី២១វិច្ឆិកានោះទេ។មន្ត្រីថៃដែលទទួលបន្ទុកអនុវត្តកិច្ចព្រមព្រៀងនេះមិនអាចទាក់ទងបានទេពីថ្ងៃម្សិលមិញ៕
ភ្នំពេញ ប៉ុស្តិ៍







