ភ្នំពេញៈក្រសួងពាណិជ្ជកម្មកំពុងបង្កើនការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាដើម្បីទាក់ទាញក្រុមហ៊ុនផលិតផលម៉ាកល្បីៗមកកម្ពុជា។
កាលពីថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្មបានបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីជិត៥០រូបដើម្បីក្លាយជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកនិងជួយលើកកម្ពស់ការចុះបញ្ជីម៉ាកផលិតផលនៅកម្ពុជា។
ការបណ្តុះបណ្តាលនេះក៏ដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយផងដែរ។
លោកស៊ីមសុខេងអនុប្រធាននាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាផលប្រយោជន៍នៃការបណ្តុះបណ្តាលភ្នាក់ងារស្របច្បាប់នេះធ្វើឲ្យម្ចាស់ម៉ាកផលិតផលងាយស្រួលក្នុងការចុះបញ្ជីតាមរយៈភ្នាក់ងារដែលបានបណ្តុះបណ្តាលរួច ការការពារម៉ាករបស់ក្រុមហ៊ុននិងងាយស្រួលទាមទារតាមផ្លូវច្បាប់ពេលមានបុគ្គលផ្សេងរំលោភបំពានម៉ាកផលិតផលរបស់ខ្លួន។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីព្រះរាជអាជ្ញានិងអង្គភាពប្រឆាំងអំពើពុករលួយមេធាវីក្រុមហ៊ុនច្បាប់មន្ត្រីក្រសួងនិងមន្ទីរពាណិជ្ជកម្មចំនួន៤៧នាក់មកចូលរួមហើយនៅវគ្គបណ្តុះបណ្តាលនៅលើកក្រោយក្រសួងនឹងផ្តល់ដល់ចៅក្រមនិងអង្គភាពអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាបន្តទៅទៀតដើម្បីពង្រីកចំណេះដឹងរបស់គាត់។
លោកស៊ីមសុខេងបន្ថែមថាការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាមិនមានប្រសិទ្ធភាពនៅកម្ពុជានាពេលបច្ចុប្បន្នជាមួយនឹងការក្លែងបន្លំម៉ាកផលិតផលបានធ្វើឲ្យម្ចាស់ម៉ាកផលិតផលមួយចំនួនពិបាកទប់ស្កាត់ក្នុងការចរាចរណ៍ទំនិញក្លែងបន្លំទាំងនោះ។
លោកបានថ្លែងថា៖«បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះត្រូវបានចប់សព្វគ្រប់ខ្ញុំសង្ឃឹមថាតំណាងស្របច្បាប់ទំាងអស់នឹងជួយគាត់[ក្រុមហ៊ុន] ក្នុងការពង្រឹងសិទ្ធិដែលគេបានទទួល»។ការចុះបញ្ជីផលិតផលម៉ាកនៅប្រទេសកម្ពុជាមានជាង៤ម៉ឺនម៉ាកហើយផលិតផលប្រហែល៣០ភាគរយជាម៉ាករបស់កម្ពុជាក្រៅពីនោះគឺ៧០ភាគរយជាផលិតផលម៉ាកបរទេស។
ប៉ុន្តែលោកគ្មានតួលេខជាក់ស្តែងពីការជួញដូរទំនិញក្លែងក្លាយនៅលើទីផ្សារកម្ពុជាព្រោះព័ត៌មានប្រភេទនេះមិនត្រូវបានប្រមូលទេ។
លោកអុំសុថាប្រធាននាយកដ្ឋានបុគ្គលិកនិង ជាអនុប្រធានក្រុមប្រឹក្សាជ្រើសរើសតំណាងស្របច្បាប់ម្ចាស់ម៉ាកនៃក្រសួងពាណិជ្ជកម្មបាននិយាយថាកាលណាមានភ្នាក់ងារយល់ដឹងពីនីតិវិធីច្បាស់លាស់សម្រាប់ការចុះបញ្ជីនឹងជំរុញឲ្យការចុះបញ្ជីម៉ាកផលិតផលនឹងប្រព្រឹត្តបានប្រសើរជាងមុន។
លោកបានបន្តថា៖ «មានភា្នក់ងារតំណាងម៉ាកស្របច្បាប់ធ្វើឲ្យការចុះបញ្ជីផលិតផលប្រព្រឹត្តទៅបានល្អចៀសវាងការក្លែងបន្លំគុណភាពធ្វើឲ្យប៉ះពាល់ដល់ម្ចាស់ម៉ាកព្រមទាំងទាក់ទាញអ្នកវិនិយោគពិតប្រាកដផងដែរ។ម្ចាស់ម៉ាកពិតប្រាកដបើបាត់បង់ផលប្រយោជន៍គេមិនមករកស៊ីស្រុកយើងទេ»។លោកបន្ថែមថា ការដែលមិនមានតំណាងពិតប្រាកដនឹងធ្វើឲ្យបរទេសដែលមានបំណងចង់មករកស៊ីនៅកម្ពុជាខាតបង់ទាំងពេលវេលានិងប្រាក់តាមរយៈការទំនាក់ទំនងខុសកន្លែង៖«យើងមានភ្នាក់ងារស្របច្បាប់ភ្នាក់ងារនេះជួយដំណើរការត្រឹមត្រូវតាមនីតិវិធីអ្នកវិនិយោគមានភាពកក់ក្តៅមានតម្លាភាព»។
លោកឆាយសុភ័ណ្ឌជាបុគ្គលិកក្រុមហ៊ុនមួយដែលទទួលរត់ការចុះបញ្ជីក្រុមហ៊ុនបរទេសចង់មកប្រកបអាជីវកម្មនៅកម្ពុជានិយាយថាការចុះបញ្ជីកន្លងមកមិនជាការលំបាកទេជាមួយក្រសួងពាណិជ្ជកម្ម។លោកបន្តថាក្រុមហ៊ុនដែលមកទាក់ទងក្រុមហ៊ុនលោករត់ការគឺជាង៩០ភាគរយជាក្រុមហ៊ុនមកពីបរទេសហើយសេសសល់គឺជាក្រុមហ៊ុនក្នុងស្រុក។ក្រុមហ៊ុនទាំងនេះមកបើកក្រុមហ៊ុនផ្នែកសេវាកម្មបើករោងចក្រនៅកម្ពុជានិងនំាផលិតផលចេញពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុន។
លោកថ្លែងថាការចុះបញ្ជីជាមួយក្រសួងមិនជាការលំបាកប៉ុន្មានទេទាំងការកំណត់តម្លៃនិងរយៈពេលព្រោះគេមានតារាងតម្លៃ៕
ភ្នំពេញ ប៉ុស្តិ៍







