ក្រុងឡុងដ៍ៈ សហរដ្ឋអាមេរិក នឹងវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសរុស្ស៊ីក្នុងនាមជាប្រទេសផលិតប្រេងធំជាងគេក្នុងពិភពលោកនៅឆ្នាំ២០១៧។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)បានព្យាករថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងធ្វើដំណើរកាន់តែកៀកក្នុងការសម្រេចបាននូវភាពគ្រប់គ្រាន់ផ្នែកថាម ពលសម្រាប់ប្រទេសរបស់ខ្លួនដែលយើងពុំដែលធ្លាប់បានគិតពីមុនមក។
ទីភ្នាក់ងារIEAបានឲ្យដឹងទៀតថាខ្លួនបានសង្កេតឃើញពីការធ្លាក់ចុះនៃការនាំចូលប្រេងរបស់អាមេរិក ដែលនឹងក្លាយជាប្រទេសដែលអាចផ្គត់ផ្គង់ថាមពលនៅក្នុងប្រទេសរបស់ខ្លួនបានគ្រប់គ្រាន់នៅឆ្នាំ២០៣៥។
ទីភ្នាក់ងារIEAបានបន្តឲ្យដឹងថា៖ «អាមេរិក ដែលបច្ចុប្បន្ននាំចូលប្រេងប្រមាណត្រឹមតែ២០ភាគរយនៃតម្រូវការថាមពលសរុបរបស់ខ្លួន នឹងក្លាយជាប្រទេសដែលអាចផ្គត់ផ្គង់ថាមពលបានគ្រប់គ្រាន់នៅក្នុងប្រទេសរបស់ខ្លួន ពោលគឺជានិន្នាការបញ្ច្រាសមួយដែលយើងបានឃើញនៅតាមបណ្តាប្រទេសនាំចូលថាមពលផ្សេងទៀត»។
ការព្យាកររបស់ទីភ្នាក់ងារ IEA ដែលបានផ្តល់ប្រឹក្សាដល់ប្រទេសឧស្សាហកម្មនានាស្តីពីគោលនយោបាយថាមពល មានភាពខុសគ្នាស្រឡះពីរបាយការណ៍របស់ខ្លួននាពេលកន្លងមក ដែលថាប្រទេសអារ៉ាប៊ីសាអូឌីត នៅតែជាប្រទេសផលិតប្រេងធំជាងគេរបស់ពិភពលោករហូតដល់ឆ្នាំ២០៣៥។
ដោយផ្តល់ការព្យាករមួយប្រកបដោយភាពសុទិដ្ឋិនិយមបំផុតសម្រាប់កំណើនផលិតកម្មថាមពលរបស់អាមេរិករហូតដល់ពេលនេះ ទីភ្នាក់ងារ IEA បានឲ្យដឹងក្នុងរបាយការណ៍រយៈពេលវែងប្រចាំឆ្នាំរបស់ខ្លួនថា៖ «ការអភិវឌ្ឍថាមពលនៅអាមេរិក មានលក្ខណៈស៊ីជម្រៅ ហើយប្រសិទ្ធភាពរបស់វា នឹងមានលក្ខណៈល្អប្រសើរជាងការអភិវឌ្ឍថាមពលនៅអាមេរិកខាងជើង»។
ទីភ្នាក់ងារIEAបានបន្តថា៖ «ការស្ទុះងើបឡើងវិញនៃផលិតកម្មប្រេង និងឧស្ម័នរបស់អាមេរិកដោយសារបច្ចេកវិទ្យាខ្ពស់ដែលអាចជួយឲ្យចម្រាញ់ប្រេងប្រភេទtight oil និងឧស្ម័នពីថ្មសេល កំពុងជំរុញដល់សកម្មភាពសេដ្ឋកិច្ចដោយសារតម្លៃឧស្ម័ន និងអគ្គិសនីទាប ផ្តល់អត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងដល់ក្រុមហ៊ុនឧស្សាហកម្ម»។
លោក Fatih Birol ប្រធានសេដ្ឋវិទូប្រចាំទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានថ្លែងក្នុងសន្និសីទព័ត៌មានមួយនៅទីក្រុងឡុងដ៍ថា លោកមានជំនឿថា សហរដ្ឋអាមេរិក នឹងវ៉ាដាច់ប្រទេសរុស្ស៊ី ក្នុងនាមជាប្រទេសផលិតឧស្ម័នធំជាងគេរបស់ពិភពលោក នៅឆ្នាំ២០១៥ខាងមុខនេះ ហើយនៅក្នុងឆ្នាំ២០១៧ ប្រទេសនេះនឹងក្លាយជាប្រទេសផលិតប្រេងធំជាងគេនៅក្នុងពិភពលោក៕ BP
ភ្នំពេញ ប៉ុស្តិ៍







