ហ្សាការតាៈរដ្ឋាភិបាលឥណ្ឌូនេស៊ីទំនងជាបង្កើនប្រាក់ឈ្នួលអប្បបរមាជាមធ្យមជាង៥០ភាគរយនៅឆ្នាំក្រោយខណៈ ដែលកម្មករបានទាមទារប្រាក់ឈ្នួលកាន់តែខ្ពស់ឲ្យស្របតាមកំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលបានកើនឡើង៦ភាគរយសម្រាប់រយៈពេល៨ត្រីមាសជាប់ៗគ្នា។
លោកMohamadS.Hidayatរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានឲ្យដឹងកាលពីថ្ងៃចន្ទថារដ្ឋាភិបាលទំនងជាបង្កើនប្រាក់ឈ្នួលទាបបំផុតឲ្យដល់២លានរូពៀរ(២០៨ដុល្លារ)ក្នុងមួយខែដែលនេះគឺជាការដំឡើងជាមធ្យមដោយសារការចំណាយប្រចាំថ្ងៃតាមបណ្តាខេត្តកើនឡើង។
លោកAndiGaniNenaWea ប្រធានសម្ព័ន្ធសហជីពការងារឥណ្ឌូនេស៊ីបានឲ្យដឹងថាសហជីពចង់បង្កើនប្រាក់ឈ្នួលឲ្យដល់២,៥លានរូពៀរពោលគឺកើនឡើងពីប្រាក់ឈ្នួលបច្ចុប្បន្នដែលមាន១,៥លានរូពៀរ។ លោកបន្តថា៖«នៅពេលដែលតម្លៃទំនិញនឹងកើនឡើងហើយសេដ្ឋកិច្ចឥណ្ឌូនេស៊ីកើនឡើង៦ភាគរយវាមិនគ្រប់គ្រាន់សម្រាប់កម្មករក្នុងការផ្តល់ប្រាក់ដល់គ្រួសារគេឡើយពិសេសអ្នកមានកូន»។
កំណើនសេដ្ឋកិច្ចនឹងជំរុញឲ្យតម្លៃនៃការរស់នៅកើនឡើង។កាលពីខែមុនអតិផរណាប្រចាំខែបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ការវិនិយោគក្នុងស្រុកបានកើនឡើង៣៣ភាគរយឯការវិនិយោគផ្ទាល់ពីបរទេសមានកំណើន២២ភាគរយក្នុងត្រីមាសទី៣។នេះបើយោងតាមទិន្នន័យវិនិយោគ។
តាមការស្ទង់មតិសេដ្ឋកិច្ចរបស់អង្គការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាលពីខែកញ្ញាបានបង្ហាញថាប្រាក់ឈ្នួលជាមធ្យមនៅឥណ្ឌូនេស៊ីគឺខ្ពស់បំផុតក្នុងចំណោមប្រទេសដែលមានប្រាក់ឈ្នួលមធ្យមនៅក្នុងពិភពលោក។
ប្រធានសម្ព័ន្ធសហជីពការងាររបស់ឥណ្ឌូនេស៊ីគ្រោងនឹងធ្វើការតវ៉ានៅពីមុខក្រសួងសំខាន់ៗក្នុងទីក្រុងហ្សាការតា។សហជីពក៏បានរៀបចំប្រមូលផ្តុំកម្មករ១សែននាក់នៅថ្ងៃទី២០វិច្ឆិកានៅពេលរដ្ឋាភិបាលរៀបចំប្រកាសសេចក្តីសម្រេចចិត្តរបស់ខ្លួន។ពួកគេនិយាយថាបើមិនដំឡើងប្រាក់ឈ្នួលអប្បបរមា២,៥លានរូពៀរទេពួកគេនឹងប្រមូលផ្តុំ។
លោកAosKoswaraប្រធានសម័្ពន្ធសហជីពកម្មករKarya Utamaឲ្យដឹងថាកាលពីថ្ងៃអង្គារមានកម្មករជាង៤ម៉ឺននាក់បានធ្វើដំណើរមកកាន់ការិយាល័យTangering regentដោយពួកគេទាមទារប្រាក់ឈ្នួលអប្បបរមាប្រចាំខែជាមធ្យម២,៨លានរូពៀរសម្រាប់នៅតំបន់Tangerang។
លោកSofjanWanandប្រធានសមាគមនិយោជកApindoនិយាយកាលពីសប្តាហ៍មុនថារដ្ឋាភិបាលទីក្រុងហ្សាការតាកំពុងពិចារណាបង្កើនប្រាក់ឈ្នួលប្រចាំខែអប្បបរមាដល់២លានរូពៀរបន្ទាប់ពីក្រុមកម្មករបានប្រមូលផ្តុំតវ៉ាកាលពីខែមុនដើម្បីទាមទារបង្កើនប្រាក់ឈ្នួល។
ក្រុមហ៊ុនមួយចំនួនបានបញ្ជាក់ថាការដំឡើងប្រាក់ឈ្នួលកាន់តែខ្ពស់ទំនងជាធ្វើឲ្យពួកគេប្តូរប្រតិបត្តិការទៅប្រទេសផ្សេងទៀត។
ទោះបីយ៉ាងនេះក្តីលោកMohamadS.Hidayatបានឲ្យដឹងថា៖«ខ្ញុំមិនបានឮថាមានក្រុមហ៊ុនចង់ប្តូរទីតាំងប្រតិបត្តិការរបស់គេទេ»។លោកបន្តថាក្រុមហ៊ុនជាច្រើនដូចជាតូយ៉ូតាបានប្តេជ្ញាចិត្តបង្កើនការវិនិយោគនៅប្រទេសឥណ្ឌូនេស៊ី។លោកថ្លែងថា៖ «គេចង់ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះឆាប់ៗប៉ុន្តែពួកគេនៅតែតាំងចិត្ត»៕ SS
ភ្នំពេញ ប៉ុស្តិ៍







