ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិ OPEC សម្រាប់ការអភិវឌ្ឍអន្តរជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីគាំទ្រពាណិជ្ជកម្មក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី ក្រោមកម្មវិធីផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម(TFP) របស់ ADB។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
កិច្ចព្រមព្រៀងដែលរួមចំណែកដោះស្រាយហានិភ័យនេះនឹងគាំទ្រដល់លំហូរពាណិជ្ជកម្មដែលមានទឹកប្រាក់ពី ៨០០លានដុល្លារដល់ ១,២ពាន់លានដុល្លារទៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដោយមានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន។
សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃ ចន្ទ បានឲ្យដឹងថា កម្មវិធីផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម (TFP) នឹងលុបបំបាត់គម្លាតទីផ្សាររបស់វិស័យឯកជន ទាក់ទងនឹងហិរញ្ញវត្ថុពាណិជ្ជកម្ម ដោយធានាផ្តល់កម្ចីដល់ធនាគារដៃគូជាង ២០០ សម្រាប់គាំទ្រដល់ក្រុមហ៊ុន ពាក់ព័ន្ធនឹងសកម្មភាពនាំចេញ នាំចូល។
កម្មវិធីនេះ នឹងធ្វើនៅលើទីផ្សារកំពុងអភិវឌ្ឍន៍ចំនួន ១៨ ដោយគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ី។
លោក Steven Beck អ្នកជំនាញវិនិយោគជាន់ខ្ពស់ប្រចាំផ្នែកប្រតិបត្តិការវិស័យឯកជនរបស់ ADB បានឲ្យដឹងថា បច្ចុប្បន្ន TFP ធ្វើការជាមួយធនាគារអេស៊ីលីដា នៅកម្ពុជា ដើម្បីគាំទ្រពាណិជ្ជកម្ម និងSME នៅក្នុងប្រទេសនេះ។ លោកបានឲ្យដឹងថា គម្លាតដែល TFP នឹងបំពេញ គឺជាគម្លាតរវាងធនាគារនាំចេញ និងនាំចូល។
លោកបានលើកឡើងថា៖ «យោងតាមបទពិសោធរបស់យើង ធនាគារមកពីប្រទេសអភិវឌ្ឍន៍ អាចនឹងមិនដឹងអំពីការដោះស្រាយនៅធនាគារដែលជាសមាជិកក្នុងប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនឡើយ»។ លោកឲ្យដឹងទៀតថា៖ « កម្មវិធី TFP របស់ធនាគារអភិវឌ្ឍន៍អាស៊ី បង្កើតឡើងដើម្បីផ្តល់ការធានារ៉ាប់រងដល់ប្រតិបត្តិការធនាគារ។ គម្លាតហិរញ្ញវត្ថុពាណិជ្ជកម្មជាក់ស្តែង មិនមានគុណភាពឡើយ។ នេះជាបញ្ហាមួយដែលឧស្សាហកម្មនេះ កំពុងប្រឈម»។
លោក អ៊ិន ស៊ីផាន់ អនុប្រធានជាន់ខ្ពស់ និងជាប្រធានផ្នែកឥណទានប្រចាំធនាគារអេស៊ីលីដា បានឯកភាពថា ពិតជាមានគម្លាតហិរញ្ញវត្ថុពាណិជ្ជកម្មទីផ្សារឯកជននៅកម្ពុជាពិតមែន ហើយថា គម្លាតនេះ បានបង្កឡើងដោយកង្វះដើមទុន និងទ្រព្យបញ្ចាំ កង្វះជំនាញ និងចំណេះដឹងទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ និងកង្វះរចនាសម្ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ។ពាណិជ្ជកម្មល្អ។ លោកថ្លែងថា៖ «សហគ្រាសមធ្យម មិនមានដើមទុនគ្រប់គ្រាន់សម្រាប់ចូលរួមក្នុងសកម្មភាពនាំចេញនាំចូលឡើយ»។
លោកបានបន្តទៀតថា សម្រាប់សហគ្រាសធុនតូច ភាគច្រើន ផ្តោតជាសំខាន់លើពាណិជ្ជកម្មក្នុងស្រុក ជាជាងពាណិជ្ជកម្មអន្តរជាតិ។ លោកបានបន្ថែមថា៖
«កត្តាចំាបាច់ គឺត្រូវមានការគាំទ្រហិរញ្ញវត្ថុបន្ថែម ដូចជា គម្រោងធានាជាដើម»។
ការនាំចេញសរុបរបស់ប្រទេសកម្ពុជាបានកើនឡើង ១៣,៥ភាគរយក្នុងមួយឆ្នាំៗ ខណៈដែលការនាំចូលបានកើនឡើង១២,៣ភាគរយនៅចន្លោះឆ្នាំ២០០០ និង២០០៩។ នេះបើយោងតាម ធនាគារអភិវឌ្ឍន៍អាស៊ី។
ទោះបីយ៉ាងនេះក្តី ចំណែកនាំចេញសរុបចំនួន២,២ភាគរយទៅប្រទេស៥ នៅមហាអនុតំបន់ទន្លេមេគង្គក្នុងឆ្នាំ២០០៩ ដែលមិនរាប់បញ្ចូលប្រទេសចិន នៅតែមានអត្រាតិចតួចដដែល។
លោក លន់ យ៉េង នាយកប្រតិបត្តិសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានឲ្យដឹងថា គម្លាតហិរញ្ញវត្ថុពាណិជ្ជកម្មបណ្តាលមកពីសមត្ថភាពរបស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា នៅខ្វះខាត មិនអាចផ្តល់សេវាហិរញ្ញវត្ថុខ្នាតធំបាន។ លោកបន្តថា បញ្ហានេះបង្កការលំបាកដល់វិស័យឯកជន ក្នុងការធ្វើប្រតិបត្តិការទាក់ទងនឹងឥណទានធំៗ។ លោកបានបន្តថា ធនាគារ នៅតែពិចារណាពីហានិភ័យខ្ពស់នៅកម្ពុជា ហើយមិនមានគម្រោងធានាដើម្បីជួយដល់ប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិក្នុងវិស័យឯកជនឡើយ៕CS
ភ្នំពេញ ប៉ុស្តិ៍







