Headlines:

កម្ពុជា​ចំណាយ​ទិញ​ប្រេង​អស់​ជាង​$១​ពាន់​លាន​



121114_12
អាជីវករលក់សាំងតាម​ដង​ផ្លូវ​នៅ​រាជធានីភ្នំពេញ​។ ការនាំចូលប្រេង​នៅកម្ពុជា​បាន​កើន​ឡើង។ រូបថត ហុង មិនា

ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​ប្រេង​ប្រមាណ​១,២​ពាន់​លាន​តោន គិត​ក្នុង​រយៈ​ពេល​៩​ខែ​ដំបូង​ឆ្នាំ​នេះ​ដែល​ចំនួន​បាន​កើន​ឡើង​១២,៥១​ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដែល​មាន​ចំនួន​១,១​ពាន់​លាន​តោន។ នេះ​បើ​តាម​ស្ថិតិ​ពី​ក្រសួង​ពាណិជ្ជកម្ម។

ស្ថិតិ​ដដែល​បាន​បង្ហាញ​ថា គិត​ចាប់​ពី​ខែ​មករា រហូត​ដល់​ខែ​កញ្ញា ប្រទេស​កម្ពុជា​បាន​ទិញ​ប្រេង​អស់​ប្រហែល ១,២​ពាន់​លាន​ដុល្លារ​ដោយ​កើន​ឡើង ១៨,៦៥​ភាគ​រយ។

លោក បិន ម៉ៃ​មាលា ប្រធាន​គ្រប់​គ្រង​ពាណិជ្ជកម្ម​ប្រចាំ​ក្រុមហ៊ុន PTT របស់​ថៃ នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២​នេះ តម្លៃ​ប្រេង​បាន​ឡើង​ចុះ​ខ្លាំង ដោយ​សារ​តម្រូវ​ការ​ប្រេង​មាន​អត្រា​ខ្ពស់។

លោក​លើក​ឡើង​ថា​ ៖ «ការ​ចំណាយ បាន​កើន​ឡើង មិន​ពាក់ព័ន្ធ​នឹង​បរិមាណ​ប្រេង​នាំ​ចូល​ឡើយ។ កំណើន​នេះ​បណ្តាល​មក​ពី​តម្លៃ​ប្រេង​បាន​ឡើង​ចុះ​នៅ​ទីផ្សារ​សកល​។ ភាគ​ច្រើន​តម្រូវ​ការ​បាន​កើន​ឡើង​បន្ទាប់​ពី​រញ្ជួយ​ដី និង​ព្យុះ​ស៊ូ​ណា​មិ នៅ​ប្រទេស​ជប៉ុន​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថានីយ​ផលិត​ថាម​ពល​នុយក្លេអ៊ែរ​ជា​ហេតុ​ធ្វើ​ឲ្យ​តម្រូវ​ការ​ប្រេង​កើន​ឡើង​»។

ទោះ​បី​ស្ថានីយ របស់​លោក មិន​មាន​កំណើន​ក្តី ប៉ុន្តែ​លោក​បាន​ក​ត់​សម្គាល់​ឃើញ​ថា កម្ពុជា​ជា​ប្រធាន​អាស៊ាន ក៏​ជា​កត្តា​មួយ​រួម​ចំណែក​ដល់​កំណើន​នាំ​ចូល​ប្រេង​ដែរ​។

លោក​បាន​បន្ថែម​ទៀត​ថា៖

«​នៅ​ស្ថានីយ​របស់​ខ្ញុំ យើង​មិន​បាន​សង្កេត​ឃើញ​មាន​កំណើន​ច្រើន​ឡើយ សម្រាប់​បរិមាណ​ប្រេង​ដែល​យើង​បាន​នាំ​ចូល។ បរិមាណ​នេះ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន​ដែរ។ ប៉ុន្តែ​យើង​បាន​កត់​សម្គាល់​ឃើញ​ថា ការ​ប្រើ​ប្រាស់​ប្រេង​យន្ត​ហោះ កំពុង​មាន​កំណើន​ដោយ​សារ​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ជំនួប​កំពូល​អាស៊ាន ធ្វើ​ឲ្យ​ការ​ហោះ​ហើរ​ក៏​មាន​កំណើន​ផង​ដែរ​»​។

រដ្ឋាភិបាល​រំពឹង​ថា ការ​នាំ​ចូល​ប្រេង​នឹង​ធ្លាក់​ចុះ​ជា​លើក​ដំបូង នៅ​ពេល​ក្រុម​ហ៊ុន​Chevron នឹង​ចាប់​ផ្តើម​បូម​ប្រេង​នៅ​ក្នុង​ប្លុក A នៅ​ខែ​ធ្នូ ឆ្នាំ​នេះ​ប៉ុន្តែ​ក្តី​រំពឹង​នេះ​ត្រូវ​បាន​បាត់​ទៅ​វិញ​ខណៈ​ការ​បូម​យក​ប្រេង​ពីបាត​សមុទ្រ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​អះអាង​ថា​នឹង​ត្រូវ​ពន្យារ​ពេល​ដល់​ឆ្នាំ​២០១៦​។

ទោះ​បី​ជា​កម្ពុជា នឹង​ទទួល​បាន​ចំណូល​ប្រហែល ៥០០​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ពី​ការ​បូម​ប្រេង​នេះ​ក្តី ប៉ុន្តែ​តម្លៃ​ប្រេង​លក់​រាយ​នឹង​មិន​ធ្លាក់​ចុះ​ឡើយ។ នេះ​បើ​តាម​លោក ម៉ម សម្បត្តិ ប្រធាន​អង្គ​ការ​ភាព​ជា​ដៃ​គូ​អភិវឌ្ឍន៍​សកម្មភាព​ដែល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍កាល​ពី​លើក​មុន​។

តម្រូវ​ការ​ប្រេង​នៅ​កម្ពុជា បាន​កើន​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដោយ​សារ​សេដ្ឋកិច្ច​របស់​កម្ពុជា រីក​ចម្រើន ហើយ​យាន​យន្ត​ក៏​កើន​ឡើង​ផង​ដែរ។

រដ្ឋាភិបាល​រំពឹង​ថា តម្រូវ​ការ​នេះ​នឹង​កើន​ឡើង​ដល់ ៣ ទៅ ៤​លាន​តោន ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។ បច្ចុប្បន្ន​កម្ពុជា ទិញ​ប្រេង​ពី​វៀត​ណាម សិង្ហ​បុរី និង​ថៃ​៕​CS

This content has been locked. You can no longer post any comments.
Show/hide comments
busy