អត្រារុករកមាសកំពុងថយចុះ ទោះបីជាការចំណាយលើការរុករកនៅក្នុងឧស្សាហកម្មនេះបានកើនឡើងដល់៨ពាន់លានដុល្លារកាលពីឆ្នាំមុនក៏ដោយ។ នេះបើតាមលោក Jamie Sokalsky អគ្គនាយកBarrick Gold Corpជាក្រុមហ៊ុនផលិតមាសធំជាងគេលើពិភពលោក។
លោក Sokalsky បានឲ្យដឹងក្នុងសន្និសីទមួយ នៅទីក្រុងហុងកុងកាលពីថ្ងៃអង្គារថា កាលពីឆ្នាំមុន មានការរុករកឃើញបីប្រភេទ បើធៀបនឹងឆ្នាំ១៩៩១ ដែលមានដល់ទៅ១១ប្រភេទ ហើយប្រភេទរ៉ែទាំងនោះ អាចចាត់ទុកថា«ការរុករកឃើញកម្រិតធំបំផុត» ឬមានជាង ២០លានអោន។ លោកបានឲ្យដឹងថា ថ្លៃរុករកបានកើនឡើង ធ្វើឲ្យមានការរំពឹងទុកថា ទីផ្សារមាសគីឡូនឹងនៅតែល្អ។
មាសអាចនឹងកើនឡើងបន្តទៀត ដោយសារវិនិយោគិន និងអ្នកទិញនៅធនាគារកណ្តាលបានកើនឡើង ស្របពេលដែលរដ្ឋាភិបាលលើពិភពលោក នឹងបង្កើនវិធានការជំរុញសេដ្ឋកិច្ចដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួន។ រ៉ែមាសនៅលើពិភពលោក អាចនឹងកើនឡើង០,៧ភាគរយ នៅឆ្នា២០១៣ ដែលនេះជាកំណើនយឺតយ៉ាវបំផុតចាប់តាំងពីឆ្នាំ២០០៨មក។
ក្រុមហ៊ុន Barclays Plcព្យាករថា ការផ្គត់ផ្គង់សរុបអាចនឹងថយចុះ០,៤ភាគរយនៅឆ្នាំក្រោយ។ កំណើនបន្តបន្ទាប់មកទៀត អាចនឹងមិនកើនឡើងខ្ពស់ឡើយ។
លោក Sokalsky បានលើកឡើងថា៖«ខ្ញុំមិនសង្កេតឃើញមានកំណើនផលិតកម្មមាសឡើយ ប្រសិនបើយើងសង្កេតឃើញតម្លៃមាសបានឡើងថ្លៃដល់៣ពាន់ដុល្លារនោះ។ ទោះបីមាសឡើងថ្លៃកាន់តែខ្ពស់ក៏យើងនឹងនៅតែប្រឈមបញ្ហាដូចគ្នា។ខ្ញុំគិតថា នឹងមានការឆ្លើយតបមួយចំពោះការកើនឡើងតម្លៃមាស»។
តម្លៃមាសសម្រាប់ចែកចាយភ្លាមៗ ដែលកើនឡើងដល់ ១ ៩២១,១៥ដុល្លារក្នុងមួយអោន(៨,៣ជី) កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១១ ត្រូវបានជួញដូរក្នុងតម្លៃ១ ៧២៥,៩៧ដុល្លារនៅទីក្រុងហុងកុងកាលពីថ្ងៃអង្គារបន្ទាប់ពីឡើងថ្លៃ ១០ភាគរយនៅឆ្នាំនេះ។ ការឡើងថ្លៃនេះ ជាលទ្ធផលល្អបំផុតតាំងពី១៩២០មក។
លោកSokalskyលើកឡើងនៅក្នុងបទសម្ភាសកាលពីម្សិលមិញថា៖ «ការស្វែងរករ៉ែមាសធំៗកាន់តែជួបការលំបាក ហើយការកកើតស្រទាប់រ៉ែមាសទាំងនោះក៏កាន់តែជួបការលំបាកទ្វេដងដោយសារវាអាចនឹងត្រូវការពេលមួយទសវត្សរ៍។ យើងមិនអាចឃើញរ៉ែមាសថ្មីៗ កើតឡើងឆាប់រហ័សបានឡើយ ដោយសារយើងគិតថានឹងជំនួសរ៉ែមាសចាស់ៗ»។
ផលិតកម្មរ៉ែមាសនៅលើពិភពលោក អាចនឹងកើនឡើងដល់ ២ ៦៧២តោននៅឆ្នាំក្រោយ ដោយកើនឡើងពី ២ ៦៥២តោន នៅឆ្នាំ២០១២។ នេះបើយោងតាមទិន្នន័យទទួលបានពី Barclays កាលពីថ្ងៃទី៨ ខែវិច្ឆិកា។ Barclays ឲ្យដឹងថា ការផ្គត់ផ្គង់រ៉ែមាសនៅលើពិភពលោក អាចនឹងធ្លាក់ចុះពី១ ៦៧១តោន មកនៅត្រឹម១ ៦៣៦តោន ដោយកាត់បន្ថយការផ្គត់ផ្គង់សរុបពី៤ ៣២៣តោន មកនៅត្រឹម៤ ៣០៨តោន នៅ២០១៣។
លោក Sokalsky ដែលបានចូលកាន់តំណែងជាអគ្គនាយក កាលពីខែមិថុនា បន្ទាប់ពីលោក Aaron Regentត្រូវបានបណ្តេញចេញពីក្រុមហ៊ុន បានលើកឡើងថា៖ «ការទទួលបានការអនុញ្ញាតរុករករ៉ែ ការដោះស្រាយជាមួយរដ្ឋាភិបាល និងសហគមន៍ បញ្ហាបរិស្ថានត្រូវការពេលយូរ។ វាចំណាយអស់ប្រាក់ និងពេលវេលាជាច្រើន ក្នុងការបានរ៉ែមាស»។
ក្រុមហ៊ុន Barrickរាយកាណ៍ពីចំណូលប្រចាំត្រីមាសទី៣ កាលពីថ្ងៃទី១ ខែវិច្ឆិកា ដែលខុសពីការព្យាករ។៕ CS
ភ្នំពេញ ប៉ុស្តិ៍







