Headlines:

ក្រុម​ហ៊ុន​អាមេរិក​កំពុង​សម្លឹង​មីយ៉ាន់​ម៉ា



121115_13
ការ​តាំង​លក់​ផលិត​ផល​របស់​ក្រុមហ៊ុន​ Amway នៅ​ទីក្រុងស៊ាងហៃ ។ Bloomberg

បាងកកៈ ក្រុម​ហ៊ុន​ផ្នែក​លក់​Amway​ដែល​មាន​មូល​ដ្ឋាន​នៅ​អាមេរិក​កំពុង​ស្វែង​រក​ឱកាស​វិនិ​យោគ​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​។

លោក​Jim​Payne​ប្រធាន​ក្រុម​ហ៊ុន​Amway​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ឲ្យ​ដឹង​ថា​៖ «​Amway ចាប់​អារម្មណ៍​ទីផ្សារ​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​សារ​ប្រទេស​ដែល​មាន​ប្រជា​ពលរដ្ឋ​៦០​លាន​នាក់​មួយ​នេះ​ទើប​នឹង​បើក​ចំហ​សេដ្ឋ​កិច្ច​របស់​ខ្លួន​ជាមួយ​នឹង​ឱកាស​ដ៏​ធំ​»។ លោក​Jim​Payne​បាន​ធ្វើ​ដំណើរ​មក​ទី​ក្រុង​បាកក​កាល​ពីថ្ងៃ​អង្គារ​ជាមួយ​លោក​Low​Han​Kee​ប្រធាន​Amway​ប្រចាំ​អាស៊ី​អាគ្នេយ៍​ដើម្បី​ចូល​រួម​ក្នុង​ពិធី​បើក​ការិយា​ល័យ​កណ្តាល​ថ្មី​របស់​ក្រុម​ហ៊ុន​Amway​(​Thailand​)​។

លោក​Payne​និយាយ​ថា​Amway​នឹង​ណែ​នាំ​នូវ​ការ​លក់​ផ្ទាល់​ទៅ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្នុង​ពេល​វេលា​ដ៏​សម​រម្យ​មួយ​។​លោក​បន្ត​ថា​កំណើន​អាជីវកម្ម​របស់​Amway​កាន់​តែ​ខ្លាំង​ឡើង​ៗ​ក្នុង​មួយ​ឆ្នាំ​ៗ​ទាំង​នៅ​ក្នុង​ប្រទេស​ថៃ​និង​ទូទាំង​ពិភព​លោក​។

លោក​បាន​លើក​ឡើង​ថា​សម្រាប់​រយៈ​ពេល​២១​ឆ្នាំ​ដំបូង​នេះ​Amway​ទទួល​បាន​កំណើន​នៅ​ក្នុង​ទីផ្សារ​អាស៊ី​ប៉ាស៊ី​ហ្វិក​ទាំង​១០​ជា​មួយ​នឹង​កំណើន​ជា​មធ្យម​ពី​៦​ទៅ​១០​ភាគ​រយ​។

លោក​បន្ត​ថា បណ្តាញ​ទីផ្សារ​មាន​សក្តា​នុពល​ខ្លាំង​នៅ​ប្រទេស​ថៃ​។​ប្រទេស​ថៃ​បាន​ក្លាយ​ជា​ទីតាំង​ដ៏​ល្អ​បំផុត​នៅ​អាស៊ាន​ក្នុង​រយៈ​២៥​ឆ្នាំ​មក​នេះ​សម្រាប់​ទីផ្សារ​កំពូល​របស់​Amway​ហើយ​ថៃ​ជា​ប្រទេស​លក់​ធំ​ទី​៦​ក្នុង​ចំណោម​ប្រទេស​១០៨​នៅ​លើ​ពិភព​លោក​។​នេះ​បើ​តាម​លោក​Payne​។

កាល​ពីថ្ងៃ​អង្គារ​ក្រុម​ហ៊ុន​នេះ​បាន​បើក​ការិយា​ល័យ​កណ្តាល​ថ្មី​របស់​ខ្លួន​នៅ​ប្រទេស​ថៃ​ក្រោម​គម្រោង​វិនិ​យោគ​១,១​ពាន់​លាន​បាត​។

ក្រុម​ហ៊ុន​Amway​គ្រោង​នឹង​បើក​សាខា​នៅ​ក្នុង​ខេត្ត​នីមួយ​ៗ​របស់​ថៃ​ដើម្បី​ចែក​រំលែក​ព័ត៌​មាន​និង​ផ្តល់​ឲ្យ​អតិ​ថិជន​នូវ​បទ​ពិសោធ​ពិត​ប្រាកដ​។​ការ​លក់​របស់​Amway​នៅ​ទូទាំង​ពិភព​លោក​កើន​១២​ពាន់​លាន​ដុល្លារ​។​ប្រហែល​ជា​៩០​ភាគ​រយ​នៃ​ការ​លក់​បាន​មក​ពី​ទី​ផ្សារ​អន្តរ​ជាតិ​ដែល​ភាគ​ច្រើន​នៅ​អាស៊ី​ប៉ាស៊ី​ហ្វិក​។ ការ​លក់​នៅ​របស់​Amway​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ដល់​១៦,៨​ពាន់​លាន​បាត​នៅ​ឆ្នាំ​នេះ​៕ SS