ភ្នំពេញៈ អាជីវកម្មបោះពុម្ពជាពិសេសសម្រាប់ការវេចខ្ទប់ កំពុងមានកំណើននៅកម្ពុជា និងនៅក្នុងតំបន់។
លោក Karen Prager អ្នកគ្រប់គ្រងអាជីវកម្មនៅRieckermann Cambodia បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «អាជីវកម្មនេះ ពិតជាមានការអភិវឌ្ឍហើយតម្រូវការកំពុងកើនឡើងបន្តិចម្តងៗ»។
ពិព័រណ៍ Drupa ជាពិព័រណ៍ឧស្សាហកម្មបោះពុម្ពដ៏ធំជាងគេនៅលើពិភពលោក ដែលបានរៀបចំរៀងរាល់៤ឆ្នាំម្តងនៅប្រទេសអាល្លឺម៉ង់។ លោក Prager បានលើកឡើងថា៖ «សម្រាប់លើកដំបូង យើងមានអតិថិជនកម្ពុជាមួយក្រុម ដែលបានមកចូលរួមក្នុងពិព័រណ៍នេះ។ នេះជាសញ្ញាល្អសម្រាប់អនាគតឧស្សាហកម្មបោះពុម្ពនៅកម្ពុជា»។
លោក John Riley មកពីក្រុមហ៊ុន CoPac បានឲ្យដឹងថា ពាណិជ្ជកម្មបោះពុម្ពបានផ្លាស់ប្តូរនៅលើពិភពលោក ដោយសារអ៊ិនធឺណិត ប៉ុន្តែការវេចខ្ចប់ កំពុងរីកចម្រើន។ លោកថ្លែងថា៖ «ដោយសារតែនៅពេលអ្នកមានផលិតផលដែលមាននៅក្នុងឧស្សាហកម្មលក់រាយ ផលិតផលទាំងនោះនឹងមានការវេចខ្ចប់ច្រើនប្រភេទ»។
CoPac ដែលជាក្រុមហ៊ុនបោះពុម្ពមានមូលដ្ឋាននៅអាមេរិកមានអតិថិជនអន្តរជាតិជាច្រើន។ ក្រុមហ៊ុននេះ ផលិតកញ្ចប់វេចខ្ចប់សម្រាប់អតិថិជននៅក្នុងប្រទេសក្នុងតំបន់ដែលមានរោងចក្រនៅទីនោះ។
ឧទាហរណ៍អតិថិជនមកពីឧស្សាហកម្មថ្នាំជក់ ឧស្សាហកម្មថែទាំសុខភាព និងឧស្សាហកម្មកាត់ដេរ។ លោក Riley បានឲ្យដឹងថា ការវេចខ្ចប់ បានផ្លាស់ប្តូរមកចាប់អារម្មណ៍នឹងតំបន់អាស៊ីអាគ្នេយ៍។
លោកបានឲ្យដឹងថា អតិថិជនក្រុមហ៊ុនរបស់លោក ផលិតទំនិញល្អៗ ដូចជា សម្លៀកបំពាក់ ហើយឧស្សាហកម្មកាត់ដេរ អាចផ្លាស់ពីតំបន់មួយ ទៅតំបន់មួយ ឬពីប្រទេសមួយ ទៅប្រទេសមួយ ដោយសារកត្តាជំរុញគឺថ្លៃពលកម្ម។
លោក Riley បានឲ្យដឹងថា៖ «កត្តាទាំងនេះមានការផ្លាស់ប្តូរ»។ លោកបានឲ្យដឹងថា ជាច្រើនឆ្នាំមកហើយ អ្វីៗគ្រប់យ៉ាង បានធ្វើនៅចិន ប៉ុន្តែបច្ចុប្បន្នមានការផ្លាស់ប្តូរ ដោយផលិតផលមួយចំនួន បាននាំមកផលិតនៅអាស៊ីអាគ្នេយ៍។ លោកថ្លែងថា៖ «ការងាររបស់យើង គឺបោះពុម្ពការវេចខ្ទប់ មានទំនាក់ទំនងទៅនឹងកន្លែងរបស់អតិថិជន»។
លោកបានឲ្យដឹងទៀតថា៖ «នៅពេលពួកគេបោះជំហានទៅរកអ្វីដែលពួកគេកំពុងផលិត មានន័យថា ការវេចខ្ទប់ បោះជំហានស្របតាមហ្នឹងដែរ»។
លោកកុល វឌ្ឍនា អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់ក្រដាសបោះពុម្ពSo Peuv Express ជាក្រុមហ៊ុនក្នុងស្រុកផ្គត់ផ្គង់ដល់ឧស្សាហកម្មបោះពុម្ពបានឲ្យដឹងថា អាជីវកម្មបោះពុម្ព នៅកម្ពុជា កំពុងតែមានការរីកចម្រើន។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា ការណ៍នេះស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច។ ជីវភាពរបស់ប្រជាជនកម្ពុជា បាននិងកំពុងរីកចម្រើន»៕ CS
ភ្នំពេញ ប៉ុស្តិ៍







