Headlines:

ឧបសគ្គ​នៃការ​បង្កើត​សម្ព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​អាស៊ាន



ភ្នំពេញៈ​មន្រ្តី​រដ្ឋាភិ​បាល​កម្ពុជា​ឲ្យ​ដឹង​ថា​ផែន​ការ​បង្កើត​សម្ព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​អាស៊ាន​នឹង​ជួយ​សម្រួល​ការ​នាំ​ចេញ​របស់​កម្ពុជា​កាន់​តែ​ខ្លាំង​ទាំង​បរិមាណ​និង​គុណ​ភាព​ប៉ុន្តែ​ផែន​ការ​នេះ​កំពុង​ដើរ​ទៅ​មុខ​ដោយ​យឺត​ៗ​ដោយ​សារ​មាន​ជំទាស់​ពី​ប្រទេស​នាំ​ចូល​។

លោក​ម៉ៅ​ថូរ៉ា​រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​និយាយ​ថា​គំនិត​ផ្តួច​ផ្តើម​នេះ​បាន​ចាប់​ផ្តើម​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ដោយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​តែ​វា​ទៅ​មុខ​យឺត​ដោយ​សារ​ប្រទេស​នាំចូល​អង្ករ​បាន​ជំទាស់​ទៅ​នឹង​ផែន​ការ​នេះ​ព្រោះ​គេ​ខ្លាច​បាត់​បង់​ផល​ប្រយោជន៍​ពេល​សម្ព័ន្ធ​នោះ​បាន​បង្កើត​ឡើង​។

លោក​ថ្លែង​ថា៖​«គំនិត​ខ្វែង​គ្នា​គឺ​ប្រទេស​អ្នក​នាំ​ចេញ​អង្ករ​យល់​ផ្សេង​ចំណែក​ប្រទេស​នំា​ចូល​អង្ករ​យល់​ផ្សេង​ព្រោះ​គេ​យល់​ថា គេ​អាច​ខាត​ពេល​យើង​បង្កើត​ឡើង​។​វា​បាន​ស្ងាត់​ទៅ​វិញ​មួយ​រយៈ តែ​វា​នៅ​តែ​ត្រូវ​ជជែក​គ្នា​បន្ត​អ៊ីចឹង»។​លោក​បន្ថែម​ទៀត​ថា​ការ​បង្តើត​សម្ព័ន្ធ​នេះ​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​រួម​គ្នា​នៃ​ប្រទេស​អ្នក​នាំ​អង្ករ​ចេញ​ពិសេស​ប្រទេស​កម្ពុជា​ដែល​ទើប​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​នាំ​ចេញ​អង្ករ​ហើយ​ស្វះ​ស្វែង​រក​ទី​ផ្សារ​ក្រោយ​ប្រទេស​មួយ​ចំនួន​។

លោក​ម៉ៅ​ថូរ៉ា​លើក​ឡើង​ថា​៖ «​ក្រោយ​ពី​ជជែក​គ្នា​ទៅ​ផល​ប្រយោជន៍​គឺ​បាន​ទាំង​អស់​គ្នា​ទាំង​ប្រទេស​នាំ​ចេញ​តិច​តួច​និង​ប្រទេស​នាំ​ចេញ​ច្រើន​។​យើង​មិន​មែន​កេង​ចំណេញ​គ្នា​ទេ​តែ​ជា​ការ​ជួយ​គ្នា​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ាន​។​យើង​ចង់​រក្សា​ការ​នាំ​ចេញ​របស់​យើង​ឲ្យ​មាន​និរន្តរ​ភាព​»​។

ពេល​សម្ព័ន្ធ​បាន​កើត​ឡើង​វា​នឹង​ជួយ​សម្រួល​ដល់​កិច្ច​ការ​ផ្គត់​ផ្គង់​នៅ​លើ​ទីផ្សារ​ព្រម​ទាំង​កាត់​បន្ថយ​ការ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ចំណោម​ប្រទេស​អ្នក​នាំ​ចេញ​អង្ករ​នៅ​ក្នុង​អាស៊ាន​ដូច​គ្នា​។

លោក​គឹម​សាវុធ​ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​បាន​និយាយ​ថា​គំនិត​នៃ​ការ​បង្កើត​សមាគម​សម្ព័ន្ធ​នាំ​ចេញ​អង្ករ​អាស៊ាន​នេះ​ជា​គំនិត​ផ្តួច​ផ្តើម​កាល​ពី​៤ ឬ​៣​ឆ្នាំ​មុន​ម៉្លេះ​តែ​ពេល​នោះ​ប្រទេស​ខ្លះ​ហាក់​មិន​អើ​ពើ​ចំពោះ​រឿង​នេះ​ព្រម​ទាំង​ចង់​កេង​ចំណេញ​លើ​ផ្នែក​នយោ​បាយ​ពី​ផែន​ការ​នេះ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ជាប់​គាំង​។

លោក​បន្ត​ថា​កាល​ណា​សម្ព័ន្ធ​បែប​នេះ​បាន​កើត​ឡើង​ប្រទេស​ដែល​មាន​បទ​ពិសោធ​ក្នុង​ការ​នាំ​ចេញ​ជា​យូរ​មក​ហើយ​ក៏​នឹង​ជួប​ផ្នែក​បច្ចេក​ទេស​ឬ​ក៏​ត្រូវ​ជួយ​រក​ទី​ផ្សារ​ដល់​ផលិត​ផល​រួម​គ្នា​និង​ការ​ចូល​រួម​ក្នុង​សកម្ម​ភាព​ប្រជុំ​។​លោក​បញ្ជាក់​ថា​កិច្ច​ការ​នេះ​បាន​សម្រេច​បាន​លឿន​ឬ​ឆាប់​គឺ​អា​ស្រ័យ​ទៅ​លើ​ឆន្ទៈ​ថ្នាក់​ដឹក​នាំ​នយោ​បាយ​នៃ​ប្រទេស​ទាំង​អស់​ដែល​ត្រូវ​រួម​គ្នា​។

លោក​ថ្លែង​ថា​៖​«​តាម​ផ្ទៃ​ក្នុង​ដែល​ខ្ញុំ​បាន​ជួប​ ឯក​ឧត្តម​ទេស​រដ្ឋមន្ត្រី​ចម​ប្រសិទ្ធ​គំនិត​របស់​គាត់​គឺ​ចង់​ឲ្យ​ចេញ​ជា​រូប​រាង​នៅ​ចុង​ឆ្នាំ​នេះ​តែ​ម្តង​តែ​ខ្ញុំ​មិន​ដឹង​ថា​ដំណើរ​ការ​បច្ចេក​ទេស​និង​ការ​កេង​ចំណេញ​នយោ​បាយ​វា​អាច​រាំង​ស្ទះ​ដល់​ដំណើរ​ការ​កិច្ច​ព្រម​ព្រៀង​ពិត​ប្រាកដ​ឬ​យ៉ាង​ណា​នោះ​ទេ​»​។

ការ​អះ​អាង​នេះ​ស្រប​គ្នា​ទៅ​នឹង​មន្ត្រី​ថៃ​គឺ​លោក​Tikhumporn​Natvaratat​អគ្គ​នាយករង​នៃ​នាយកដ្ឋាន​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ដែល​បាន​ប្រាប់​កាសែត​បាង​កក​ប៉ុស្តិ៍​កាល​ថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ថា​ប្រទេស​ថៃ​នឹង​ស្នើ​គម្រោង​ការ​គំនិត​នេះ​សម្រាប់​ភាព​ជា​ដៃ​គូ​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពី​ថ្ងៃ​ទី​១៧​ដល់​១៨​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នៅ​ប្រទេស​កម្ពុជា​។

លោក​គឹម​សាវុធ​និយាយ​ថា​ឧបសគ្គ​នាំ​ឲ្យ​យឺត​ដល់​ការ​បង្កើត​សម្ព័ន្ធ​នេះ​កើត​ចេញ​ពី​គំនិត​ដែល​ថា​ប្រទេស​ផ្តួច​ផ្តើម​ជា​អ្នក​ទទួល​បាន​ប្រយោជន៍​ច្រើន​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​វា​ជា​រឿង​ត្រឹម​ត្រូវ​ហើយ​ដែល​ការ​និយាយ​គ្នា​បាន​កើត​ឡើង​ព្រោះ​ការ​និយាយ​គ្នា​ប្រសើរ​ជាង​មិន​បាន​និយាយ​គ្នា​។​ប្រសិន​យើង​បង្កើត​មក​ហើយ ទោះ​បី​មិន​មាន​អ្នក​គោរព​១០០​ភាគរយ​វា​ក៏​ប្រសើរ​ជាង​មិន​មាន​អ្នក​គោរព​សោះ​ដែរ​»​។

តាម​ផែន​ការ​របស់​រដ្ឋា​ភិបាល​កម្ពុជា​នឹង​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​នៅ​ត្រឹម​ឆ្នាំ​២០១៥​ប៉ុន្តែ​ផែន​ការ​នេះ​ក៏​ត្រូវ​បាន​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា​មាន​ឧបសគ្គ​ជា​ច្រើន​ផង​ដែរ​ក្នុង​ការ​សម្រេច​បាន​គោល​ដៅ​នេះ​៕

This content has been locked. You can no longer post any comments.
Show/hide comments
busy