ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិរបស់មីយ៉ាន់ម៉ា (MAI) នឹងចាប់ផ្តើមការហោះហើរជាប្រចាំឡើងវិញពីទីក្រុងយ៉ាំងហ្គោនមកព្រលានយន្តហោះអន្តរជាតិសំខាន់ៗទាំងពីររបស់កម្ពុជានៅដើមខែធ្នូ ឆ្នាំ២០១២ខាងមុខនេះ បន្ទាប់ពីបានផ្អាកការហោះហើរប្រហែល៣ខែមក។
ក្រុមហ៊ុនអាកាសចរណ៍ MAI បានចាប់ផ្តើមការហោះហើរ២ដង ក្នុងមួយសប្តាហ៍ទៅកាន់ខេត្តសៀមរាប ចាប់តាំងពីចុងខែកុម្ភៈឆ្នាំនេះមក ប៉ុន្តែក្រុមហ៊ុននេះបានផ្អាកការហោះហើរកាលពីប៉ុន្មានខែមុន ដោយសារតែតម្រូវការសេវានេះធា្លក់ចុះ។
លោក ឡាវ ហេង ទីភ្នាក់ងារលក់របស់ MAI នៅកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន VLK Royal Tourism បានឲ្យដឹងថា ការផ្អាកការហោះហើរមកកម្ពុជា កាលពី ៣ខែមុន គឺដោយសារតម្រូវការធ្លាក់ចុះ។
លោកបានលើកឡើងថា៖ «ពេលនេះពួកគេបានសម្រេចចាប់ផ្តើមការហោះហើរឡើងវិញចាប់ពីថ្ងៃទី១ ខែធ្នូខាងមុខនេះដោយនឹងបន្ថែមជើងហោះហើរ២បន្ថែមទៀត តាមផ្លូវដដែលពោលគឺ២ជើងនៅរៀងរាល់ថ្ងៃពុធ និងសៅរ៍ សម្រាប់រាជធានីភ្នំពេញ និង២ជើងសម្រាប់សៀមរាប នៅរៀងរាល់ថ្ងៃចន្ទ និងសុក្រ ដោយប្រើយន្តហោះ Airbus A321»។
លោក ឡាវ ហេង បន្ថែមថា៖ «ពួកគេមើលឃើញថា បច្ចុប្បន្នយើងមានជើងហោះហើរដោយត្រង់មកពីប្រទេសផ្សេងៗទៀត ពិសេសនៅអឺរ៉ុប ដូច្នេះប្រជាជន និងភ្ញៀវទេសចរមកទីនេះអាចហោះហើរត្រឡប់ទៅវិញដោយស្រួល»។
លោក គង់ សុភារៈ អនុប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរ នៅតែតិចដដែល សម្រាប់ប្រទេសជាសមាជិកអាស៊ានទាំងពីរ។ ប៉ុន្តែលោកសង្ឃឹមថា ការចាប់ផ្តើមការហោះហើរឡើងវិញនៅពេលនេះនិងការបង្កើនជើងហោះហើរ បានឆ្លុះបញ្ចាំងអំពីដំណើរការដ៏ល្អ។
លោកលើកឡើងថា៖ «ជាការពិតណាស់ យើងមានវប្បធម៌សាសនាការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដូចគ្នា ហើយយើងស្ថិតក្នុងតំបន់តែមួយ។ នេះជាចំណុចដ៏សំខាន់សម្រាប់លើកកម្ពស់ទំនាក់ទំនងទេសចរណ៍ និងសេដ្ឋកិច្ចនាពេលអនាគត។ ការហោះហើរត្រង់ នឹងបង្កើនលំហូរវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។
លោក Aung Myat Kyaw ប្រធានគណៈកម្មាធិការទីផ្សាររបស់មីម៉ាន់ម៉ាបានប្រាប់កាសែត មីយ៉ាន់ម៉ា ថែមស៍កាលពីខែមីនាថា ប្រទេសមីយ៉ាន់ម៉ាបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ ដែលបានមកទស្សនាអង្គរវត្ត ក្នុងខេត្តសៀមរាប ជារៀងរាល់ឆ្នាំ។ លោកបានលើកឡើងថា៖
«ខ្ញុំជឿជាក់ថា ការហោះហើរទាំងនេះ នឹងនាំភ្ញៀវទេសចរមកពីលោកខាងលិច មកកាន់មីយ៉ាន់ម៉ានិងកម្ពុជា ដែលជាគោលដៅទេសចរណ៍តែមួយ។ ម្យ៉ាងវិញទៀត វានឹងនាំយកសេវាទេសចរណ៍មកកាន់ទីផ្សារនេះ ពិសេសទីផ្សារអឺរ៉ុប»។ ចំនួនភ្ញៀវទេសចរពីមីយ៉ាន់ម៉ាមកកាន់កម្ពុជា បានកើនឡើងប្រហែល១២ភាគរយ ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ បើធៀបនឹងកាលពីឆ្នាំមុន ដោយកើនឡើងពី ២ ៨០៨ ដល់ ៣ ១៣៨នាក់។
ទោះបីយ៉ាងនេះក្តី ចំណែកទីផ្សាររបស់ភ្ញៀវពីប្រទេសមីយ៉ាន់ម៉ា នៅប្រទេសកម្ពុជា នៅតែទាបដោយមានតែ០,១ភាគរយប៉ុណ្ណោះបើធៀបនឹងរដ្ឋជាសមាជិកអាស៊ានផ្សេងៗទៀត៕ CS
ភ្នំពេញ ប៉ុស្តិ៍







