Headlines:

អូបាម៉ា៖ ការ​ដំឡើង​ពន្ធ​ត្រូវ​ឯក​ភាព​ជាមុន



121116_14
លោក បារ៉ាក់ អូបាម៉ា ថ្លែង​ទៅ​កាន់​ក្រុម​គ្រួសារ​កង​ទ័ព​​កាលពីម្សិល​មិញ​​។ រូបថត Reuters

ក្រុង​វ៉ាស៊ីនតោនៈ លោក​ប្រធានា​ធិបតី​បារ៉ាក់ អូបាម៉ា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា សមាជិក​គណបក្ស​សាធារណរដ្ឋ នឹង​ត្រូវ​តែ​យល់​ព្រម​ចំពោះ​ការ​ដំឡើង​ពន្ធ​លើ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ដោយ​ចាត់​ទុក​ថា​ជា​ជំហាន​ដំបូង​នៃ​កិច្ច​ព្រមព្រៀង​គម្រោង​ថវិកា ដែល​នឹង​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​មាន​បញ្ហា​សម្រាប់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​អាច​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចូល​ក្នុង​វិបត្តិ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​លើក​ដំបូង​របស់​លោក ចាប់​ពី​លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធានា​ធិបតី​ម្តង​ទៀត​កាល​ពី​សប្តាហ៍​មុន លោក អូបាម៉ា បាន​ថ្លែង​ថា លោក​នឹង​ពិចារ​ណា​លើ​អាទិភាព​របស់​សមាជិក​គណ​បក្ស​សាធារណរដ្ឋ​ដូច​ជា​កំណែ​ទម្រង់​ផ្នែក​កម្ម​សិទ្ធិ​និង​ពិចារណា​លើ​មធ្យោបាយ​ផ្សេង​ទៀត​ក្នុង​ការ​ដំឡើង​ប្រាក់​ចំណូល​ពន្ធ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​ទូលាយ ដើម្បី​រៀប​ចំ​ហិរញ្ញវត្ថុ​របស់​អាមេរិក​ឲ្យ​ចំ​គោល​ដៅ​ប្រកប​ដោយ​និរន្តរភាព​។

តែ​លោក អូបាម៉ា បាន​ថ្លែង​ថា ជា​បឋម​សមាជិក​សភា​របស់​គណបក្ស​សាធារណរដ្ឋ​ត្រូវ​តែ​ឯកភាព​ជា​មុន​សិន​ចំពោះ​អាទិភាព​កំពូល​របស់​លោក​នៅ​ក្នុង​ការ​ចរចា​ដ៏​ស្មុគ​ស្មាញ​ដែល​រារាំង​ដល់​ការ​ដំឡើង​ពន្ធ និង​ការ​កាត់​បន្ថយ​ចំណាយ​ដែល​មាន​ចំនួន ៦០០​ពាន់​លាន​ដុល្លារ​មិន​ឲ្យ​កើត​ឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ ការ​ដំឡើង​ពន្ធ និង​កាត់​បន្ថយ​ចំណាយ​នេះ ត្រូវ​បាន​គេ​ហៅ​ថា​fiscal cliff​ដែល​អាច​រារាំង​ដល់​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ដ៏​ទន់​ខ្សោយ​របស់​អាមេរិក ប្រសិន​បើ​ពុំ​មាន​ដំណោះ​ស្រាយ​ល្អ។

មុន​កិច្ច​ប្រជុំ​ជាមួយ​នឹង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាជីវកម្ម​ដែល​កំពុង​ជំរុញ​ឲ្យ​មាន​ដំណោះ​ស្រាយ​ឆាប់​រហ័ស លោក​អូបាម៉ា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖ «អ្វី​ដែល​ខ្ញុំ​នឹង​មិន​ធ្វើ​នោះ​គឺការ​ពន្យារ​ពេល​កាត់​បន្ថយ​ពន្ធ​ជា​បន្ត​ទៀត​សម្រាប់​អ្នក​ដែល​មិន​ត្រូវ​ការ​វា​»។

បើ​ទោះ​ជា​ការ​ពិភាក្សា​ទាំង​អស់​ដែល​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​អំពី​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ និង​សមាជិក​គណបក្ស​សាធារណរដ្ឋ ភាគី​ទាំង​ពីរ ហាក់​ដូច​ជា​នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​យ៉ាង​រឹង​មាំ​ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ពង្រឹង​ឥរិយាបថ​របស់​ខ្លួន ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ចំពោះ​សេដ្ឋកិច្ច​រហូត​ដល់​រដូវ​បុណ្យ​ណូអែល៕ BP