ភ្នំពេញៈ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំបំផុតនៅក្នុងពិភពលោកមួយបាននិយាយថា អាត្រាកំណើនចំណូលសរុបមនុស្សម្នាក់ៗនៅកម្ពុជាកើនឡើងដ៏រហ័សបំផុតនៅក្នុងតំបន់ក្នុងរយៈកាលមួយទសវត្សរ៍ចុងក្រោយនេះ។
លោក Robert Elliott អគ្គនាយកនិងជាអ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនManulife ក្នុងប្រទេសកម្ពុជាបានឲ្យដឹងថាទីផ្សារកម្ពុជាគឺមានលក្ខណៈស្រដៀងទៅនឹងទីផ្សារនៅវៀតណាមនៅពេលពួកគេបានបើកការិយាល័យនៅទីនោះរយៈពេល១៣ឆ្នាំកន្លងមក។
លោកElliott បានថ្លែងថា៖ «យើងយល់ថា កម្ពុជាគឺជាទីផ្សារថ្មីបំផុតមួយសម្រាប់អាជីវកម្មធានារ៉ាប់រងអាយុជីវិត។ អតិថិជនជាច្រើននឹងពិតជាមានការប្រយ័ត្នប្រយែងពីការចំណាយប្រាក់ពួកគេចំពោះថ្នាក់ផលិតផលថ្មីទាំងស្រុង។យើងបានរៀបចំផលិតផលយើងដើម្បីបំពេញតាមតម្រូវការការពារហិរញ្ញវត្ថុនៃពលរដ្ឋថ្នាក់កណ្ដាល។ យើងប៉ាន់ប្រមាណថា មានពលរដ្ឋថ្នាក់កណ្ដាលនៅកម្ពុជាមានចំនួនពី១លាននាក់ទៅ២លាននាក់ដូច្នេះយើងនឹងពិភាក្សាគ្នាពីទិសដៅទីផ្សារជាសក្ដានុពលដែលមានមនុស្សពីចំនួន១លានទៅ២លាននាក់នេះ»។
លោកElliott និយាយថា ក្រុមហ៊ុន Manulife បានចាត់ទុកអាស៊ីជាក្បាលម៉ាស៊ីនកំណើនរបស់ខ្លួន។ លោកបន្តថា៖ «គោលដៅកំណត់ថ្នាក់កណ្ដាលរបស់យើងគឺត្រូវតែក្លាយជាក្រុមហ៊ុនធានារ៉ាប់រង ASEANlife ដ៏សំខាន់មួយដោយពង្រីកចូលមកកម្ពុជាឲ្យបានល្អប្រសើរស្របគ្នានឹងផែនការ។ យើងជឿជាក់ថាយើងអាចទទួលជោគជ័យម្ដងទៀតនៅកម្ពុជាដូចដែលយើងទទួលបាននៅក្នុងបណ្ដាប្រទេសអាស៊ានផ្សេងទៀត»។
លោក Elliott បានឲ្យដឹងថាផ្អែកតាមបទពិសោធរបស់ក្រុមហ៊ុនManulife នៅក្នុងអាស៊ីនេះ នៅពេលមានប្រាក់ចំណូលកើនឡើងពលរដ្ឋកម្ពុជានឹងចង់ទទួលបានសេវាហិរញ្ញវត្ថុមានលក្ខណៈដូចគ្នានឹងពលរដ្ឋប្រទេសផ្សេងទៀតនៅទូទាំងតំបន់នេះអ៊ីចឹងដែរ។ លោកបន្ថែមថា៖ «យើងមើលឃើញសក្ដានុពលទីផ្សារសំខាន់នៅកម្ពុជានៅក្នុងរយៈពេលខាងមុខនេះពីអ្នកដែលចង់សន្សំទុកសម្រាប់ចូលនិវត្តន៍បង្ការប្រាក់ចំណូលទុកព្យាបាលជំងឺប្រកបអាជីវកម្មឬក៏ផ្គត់ផ្គង់ដល់ការសិក្សារបស់កូនពួកគេ»។
លោក Elliott លើកឡើងថា ដោយហេតុថាការធានារ៉ាប់រងជីវិតគឺនៅតែជាផ្នត់គំនិតថ្មីថ្មោងនៅកម្ពុជាយើងនឹងផ្ដោតទៅលើដំណាក់កាលអភិវឌ្ឍន៍ដំបូងរបស់យើងក្នុងការអប់រំសាធារណជនពីខ្លឹមសារការធានារ៉ាប់រងជីវិតដែលនឹងផ្ដោតលើទីក្រុងភ្នំពេញជាសំខាន់។
លោក Elliottបន្ថែមថា ទីផ្សារនីមួយៗតម្រូវឲ្យមានការយល់ដឹងពីភាពខុសៗគ្នា។ លោកបញ្ជាក់ថា៖ «ទីផ្សារនីមួយៗមានការកំណត់ផ្ទាល់ខ្លួនពីលក្ខខណ្ឌបទបញ្ជា វប្បធម៌ និងទម្លាប់អតិថិជន»។
លោក Elliottថ្លែងថា បន្ទាប់ពីធ្វើអាជីវកម្មបានរយៈពេល១ទៅ៣ឆ្នាំក្រោយពីមានការវិនិយោគក្នុងការអប់រំជាសាធារណៈពេលនោះពលរដ្ឋក្នុងតំបន់ចាប់ផ្ដើមដឹងពីវិធីដែលពួកគេអាចទទួលបានផលប្រយោជន៍ពីការធានារ៉ាប់រងអាយុជីវិតហើយទីផ្សារកម្ពុជានឹងកើនឡើងជាមិនខាន។ លោកថ្លែងថា៖ «ដោយហេតុតែមានវត្តមានអន្តរជាតិយើងអាចប្រើបទពិសោធរបស់យើងដែលបានមកពីប្រតិបត្តិការផ្សេងៗនៅក្នុងតំបន់អាស៊ាននេះដូចជានៅវៀតណាម និងសិង្ហបុរីដើម្បីជួយបង្កើនប្រតិបត្តិការយើងនៅក្នុងប្រទេសកម្ពុជា។ក្នុងរយៈពេលយូរទៅមុខទៀត ទោះជាយ៉ាងណាក៏ដោយយើងនឹងបណ្ដុះបណ្ដាល និងបង្កើនទេពកោសល្យនៅកម្ពុជាខាងច្បាប់ទម្លាប់ផ្សេងៗឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើបានដើម្បីធ្វើឲ្យអាជីវកម្មយើងកាន់តែខ្លាំងនៅទីនេះ»៕PN
ភ្នំពេញ ប៉ុស្តិ៍







