ភ្នំពេញៈលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងអញ្ជើញចូលរួមបើកជំនួបវិនិយោគនិងធុរកិច្ចអាស៊ាននៅថ្ងៃសៅរ៍ទី១៧ហើយលោកនាយករដ្ឋមន្ត្រីចិនវេនជាប៉ាវនិងថ្លែងបិទជំនួបនេះនៅថ្ងៃទី១៨។
កិច្ចប្រជុំនេះធ្វើឡើងមុនជំនួបកំពូលអាស៊ានលើកទី២១ដែលនឹងធ្វើនៅថ្ងៃចន្ទ។ជំនួបកំពូលធ្វើឡើងក្នុងបំណងបង្កើនពាណិជ្ជកម្មវិនិយោគក្នុងតំបន់ជាមួយនឹងការត្រួសត្រាយផ្លូវសម្រាប់លើកស្ទួយសមាហរណកម្មពាណិជ្ជកម្មថ្នាក់តំបន់។
ក្នុងជំនួបកំពូលនេះនឹងត្រូវពិភាក្សាទៅលើឱកាសនិងការប្រឈមមុខនៃការពង្រីកទីផ្សារនៅអាស៊ីបូព៌ាសក្តានុពលនៃថាមពលកកើតឡើងវិញនៅអាស៊ានលំហូលមូលធននៅអាស៊ាន។
កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះមានការចូលរួមពីអ្នកដឹកនាំពាណិជ្ជកម្មសំខាន់ៗអ្នកធ្វើគោលនយោបាយសេដ្ឋកិច្ចគណៈប្រតិភូអាស៊ានគណៈប្រតិភូអាស៊ីបូព៌ាតំណាងមកពីក្រុមប្រឹក្សាធុរកិច្ចអាស៊ានអាមេរិកក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ានកាណាដាក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ានរុស្ស៊ីនិងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ានអឺរ៉ុប។
លោកងួនម៉េងតិចអគ្គនាយកសភាពពាណិជ្ជកម្ម(CCC) បានឲ្យដឹងថាជំនួបនេះសហការរៀបចំរវាងក្រសួងពាណិជ្ជកម្មនិងCCC។លោកបន្តថាមកដល់ពេលនេះមានក្រុមហ៊ុនក្នុងស្រុកជាង១២០០បានចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំនេះដែលដឹកនាំដោយលោកគិតម៉េងប្រធានCCCនិងប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។
លោកថ្លែងថា៖ «នេះជាជំនួបកំពូលមិនធ្លាប់មានលើកដំបូងនៅប្រទេសរបស់យើង ដែលមេដឹកនាំក្រុមហ៊ុនឯកជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំង»។
លោកបន្តថា មានក្រុមហ៊ុនធំៗនៅក្នុងតំបន់និងទូទាំងពិភពលោកពី៤០០ ទៅ៥០០ក្រុមហ៊ុននឹងចូលរួមក្នុងជំនួបនេះ។លោកបន្ថែមថា៖ «យើងនឹងបង្ហាញពួកគេនៅក្នុងវិស័យសក្តានុពលជាច្រើន ដែលភាគច្រើនវិស័យកសិកម្មនិងទេសចរណ៍។យើងបាននាំចេញកៅស៊ូរាប់ពាន់តោនក្នុងមួយឆ្នាំៗដូច្នេះយើងចង់ឲ្យពួកគេវិនិយោគលើរោងចក្រផលិតកៅស៊ូកង់»។
លោកហោណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថ្លែងក្នុងសន្និសីទកាសែតពីថ្ងៃម្សិលមិញថាមេដឹកនាំអាស៊ាននិងអាមេរិកនឹងជំរុញទំនាក់ទំនងជាយុទ្ធសាស្ត្រប្រទេសទាំងពីរនិងបង្កើតមជ្ឈមណ្ឌលអាស៊ានអាមេរិកដើម្បីជំរុញវិស័យទេសចរណ៍ពាណិជ្ជកម្មនិងវិនិយោគ។
សេចក្តីប្រកាសព័ត៌មានរួមរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានកាលពីខែសីហាបានឲ្យដឹងថា ការដោះដូរពាណិជ្ជកម្មរបស់អាស៊ានកើនពី២,០៥ពាន់ពាន់លានដុល្លារកាលពីឆ្នាំ២០១០ទៅដល់២,២៩ពាន់ពាន់លានដុល្លារនៅឆ្នាំ២០១១ ទោះបីពាណិជ្ជកម្មសកលធ្លាក់ចុះក៏ដោយ។សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងថា ពាណិជ្ជកម្មអាស៊ាន បូកនឹងតំបន់ផ្សេងទៀតនៅតែខ្លាំងដែលមាន៥៩៨ពាន់លានដុល្លារ៕ SS
ភ្នំពេញ ប៉ុស្តិ៍







