ភ្នំពេញៈ ការនាំអង្ករចេញទៅកាន់ទីផ្សារបរទេសមានកំណើនត្រឹមតែ០,៥១ភាគរយប៉ុណ្ណោះក្នុងរយៈពេល១០ខែដើមឆ្នាំ២០១២ នេះប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលមន្រ្តីសម្តែងនូវក្តីព្រួយបារម្ភចំពោះផែនការនាំអង្ករចេញមិនដល់គោលដៅ។
លោកហ៊ានវណ្ណហនអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បាននិយាយថា តួលេខនាំចេញអង្កររហូតដល់បញ្ចប់ខែតុលាបានត្រឹមតែ១៤៨ ២០០តោនប៉ុណ្ណោះ ខណៈពេលដែលតួលេខនាំចេញអង្ករក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១៤៧ ៤៣៥តោនហើយបច្ចុប្បន្ននេះកម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេស៥៨ក្នុងពិភពលោក។
លោកបន្តថា មូលហេតុដែលធ្វើឲ្យមានកំណើនតិចតួចបែបនេះ គឺបណា្តលមកពីតម្លៃមានការប្រកួតប្រជែងខ្លាំងពីប្រទេសជិតខាងហើយទីផ្សារអន្តរជាតិមានការប្រែប្រួលខ្លះដែលធ្វើឲ្យអង្ករកម្ពុជាពិបាកបញ្ជ្រៀតចូលក្នុងទីផ្សារ។
លោក វណ្ណហន បានថ្លែងថា៖«នេះជារឿងគួរឲ្យព្រួយបារម្ភណាស់ដែលការនាំចេញមានកំណើនតិចតួចបែបនេះ។គោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល អាចសម្រេចបានជោគជ័យ ឬមិនជោគជ័យ គឺតម្រូវឲ្យយើងប្រឹងប្រែងទំាងអស់គ្នា។ ខ្ញុំក៏លំបាកវាយតម្លៃដែរព្រោះខ្ញុំធ្វើការតែមួយជ្រុងតែប៉ុណ្ណោះ»។
អង្ករកម្ពុជានៅពេលនេះក្រៅពីជួបនឹងការប្រកួតប្រជែងផ្នែកតម្លៃក៏ជួបនឹងបញ្ហាប្រឈមមួយទៀតដែរ គឺមានក្រុមហ៊ុនខ្លះប្រព្រឹត្តមិនស្មោះត្រង់ជាប់ពាក់ព័ន្ធគុណភាពអង្កររហូតដល់ប្រទេសខ្លះបានព្រមានទៀតផង។
លោកអគ្គនាយករងរូបនេះបានបញ្ជាក់ថា៖«សំណូមពររបស់ខ្ញុំគឺសូមឲ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើការសហការគ្នាឲ្យបានល្អបំផុត។ បើវិស័យឯកជនចូលរួមដោយមិនសុចរិត វាក៏នាំឲ្យខូចទីផ្សារទាំងមូលតែម្តង»។
លោកបានបន្ថែមថា៖«ការដាក់ទណ្ឌកម្មរហូតដល់បិទការនាំចេញគឺមិនទាន់មានទេ នៅពេលនេះ តែធ្លាប់មានការចេញលិខិតព្រមានខ្លះ»។
គោលដៅរបស់រដ្ឋាភិបាលកម្ពុជាបានកំណត់ថានៅឆ្នាំ២០១២កម្ពុជានឹងនាំអង្ករចេញយ៉ាងហោច២៥០ ០០០ តោន ស្មើនឹង២៥ភាគរយនៃគោលដៅសរុបក្នុងផែនការនាំចេញ១តោននៅត្រឹមឆ្នាំ២០១៥។ នេះបើយោងតាមឯកសារផែនការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនមេគង្គអូរីហ្សាត្រេឌីងបានទទួលស្គាល់ថា មូលហេតុនៃកំណើនតិចតួចនេះបណ្តាលមកពីតម្លៃប្រកួតប្រជែងជាមួយប្រទេសវៀតណាមទៅលើប្រភេទអង្ករអ៊ីអ៊ែរទៅកាន់ទីផ្សារអឺរ៉ុប។
លោកបានថ្លែងថា៖«តម្លៃអង្ករកម្ពុជាមិនអាចប្រកួតប្រជែងឈ្នះអង្ករវៀតណាមទេហើយទីផ្សារអឺរ៉ុបក៏បានងាកទៅទិញពីទីផ្សារវៀតណាមច្រើនផងដែរ»។
លោកបានប្រាប់ទៀតថាការនាំចេញអង្កររបស់កម្ពុជាភាគច្រើនគឺទៅកាន់ទីផ្សារអឺរ៉ុបក្នុងនោះប្រទេសបារាំងស្រូបយកច្រើនជាងគេ។ កត្តាដ៏សំខាន់មួយទៀតដែលធ្វើឲ្យកម្ពុជាប្រឈមការប្រជែងនេះ គឺកង្វះខាតទុនទិញស្រូវយកមកស្តុកទុកកែច្នៃក្នុងតម្លៃថោក។
លោក ចមប្រសិទ្ធ ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍នៅក្នុងវេទិកាស្រូវ អង្ករ កាលពីដើមខែតុលា កន្លងមកថា ស្រូវដែលនៅសល់ពីការកែច្នៃនាំចេញផ្លូវការកម្ពុជានៅមានស្រូវជាងពីរលានតោនដែលហូរចេញទៅប្រទេសជិតខាងក្រៅផ្លូវការក្នុងនោះវៀតណាមស្រូបយកចំនួន៧០ភាគរយហើយប្រទេសថៃបានស្រូបយក៣០ភាគរយ។
លោកបន្តថា កម្ពុជាត្រូវការទុនសរុបសម្រាប់ការទិញស្រូវស្តុកមិនឲ្យហូរចេញទៅប្រទេសជិតខាងរហូតដល់១ពាន់លានដុល្លារ ខណៈលទ្ធភាពជាក់ស្តែងដែលកំពុងប្រតិបត្តិនៅកម្ពុជាមានតែ៣០០លានដុល្លារ៕
ភ្នំពេញ ប៉ុស្តិ៍







