Headlines:

នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពាវ​នាវ​ឲ្យ​មាន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា



121119_11
លោក​នាយក​រដ្ឋម​ន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​សម្ពោធ​កិច្ច​ប្រជុំ​​​អាស៊ាន​កាល​ពី​ម្សិល​មិញ​​​។ រូបថត ស្រេង ម៉េងស្រ៊ុន

ក្រុង​ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២ បាន​អំពាវ​នាវ​ដល់​វិនិយោគិន​ទាំង​នៅ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ពិភព​លោក​ឲ្យ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ក្នុង​វិស័យ​ជា​ច្រើន ជា​ពិសេស​វិស័យ​កសិកម្ម​កែ​ច្នៃ​អាហារ​និង​ឧស្សាហកម្ម។

លោក​នាយក​រដ្ឋ​មន្ត្រី បាន​អំពាវ​នាវ​យ៉ាង​ដូច្នេះ កាល​ពី​ថ្ងៃ​សៅរ៍ ក្នុង​អំឡុង​ថ្ងៃ​ទី​ពីរ​នៃ​ជំនួប​កំពូល​ធុរកិច្ច និង​ការ​វិនិយោគ​អាស៊ាន ដែល​បាន​រៀប​ចំ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ ដោយ​មាន​ពាណិជ្ជករ គណៈប្រតិភូ​អាស៊ាន និង​សេដ្ឋវិទូ​ចូល​រួម​ជាង​៩០០​នាក់។

លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​គោល​នយោបាយ​សេដ្ឋកិច្ច​បើក​ចំហ​បំផុត បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់។ គោល​នយោបាយ​នេះ ផ្តល់​ឲ្យ​វិនិយោគិន​នូវ​ការ​បន្ធូរ​បន្ថយ​ពន្ធ និង​ការ​ទទួល​បាន​លំហូរ​មូល​ធន​ដោយ​សេរី។

លោក​បាន​លើក​ឡើង​ថា៖ «ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​កម្ពុជា បាន​ព្យាយាម​បង្កើត​បរិយាកាស​វិនិយោគ ដែល​បើក​ចំហ​បំផុត​នៅ​ក្នុង​តំបន់ ដោយ​ផ្តល់​នូវ​ការ​អនុគ្រោះ​ពន្ធ​ដល់​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ដើម្បី​បើក​ចំហ​ទីផ្សារ​របស់​ខ្លួន»។

លោក ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​២​ថ្ងៃ​នេះ​មាន​ការ​ពិភាក្សា​រវាង​ដៃ​គូ​ពាណិជ្ជកម្ម កិច្ច​ពិភាក្សា​រវាង​រដ្ឋាភិបាល និង​ដៃ​គូ​ពាណិជ្ជកម្ម កិច្ច​ពិភាក្សា​រវាង​អង្គ​ការ​អន្តរជាតិ រដ្ឋាភិបាល និង​ដៃ​គូ​ពាណិជ្ជកម្ម​រួម​ជា​មួយ​នឹង​ជំនួប​កំពូល​អាស៊ាន​លើក​ទី​២១ នៅ​រាជ​ធានី​ភ្នំពេញ។ លោក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា៖ «ជំនួប​កំពូល​ធុរកិច្ច​នេះ ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា និង​កង្វល់​ផ្សេងៗ​របស់​វិស័យ​ឯកជន​ដើម្បី​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន ដែល​ជា​វេទិកា​មួយ​សម្រាប់​ថ្នាក់​ដឹក​នាំ និង​រដ្ឋ​មន្ត្រី ចូល​រួម​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹក​នាំ​ពាណិជ្ជកម្ម និង​ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​ធុរកិច្ច​ទាំង​នោះ ទទួល​បាន​ព័ត៌​មាន​កាន់​តែ​ប្រសើរ ទាក់​ទង​ទៅ​នឹង​របៀប​វារៈ​គោល​នយោបាយ និង​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​របស់​ពួកគេ»។

លោក គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​ពាណិជ្ជកម្ម​អាស៊ាន ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា នេះ​ជា​ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ជា​ច្រើន ស្វែង​យល់​ពី​កម្ពុជា ដែល​ជា​ប្រទេស​មួយ មាន​គោល​នយោបាយ​គាំ​ទ្រ​ពាណិជ្ជកម្ម និង​ស្ថិរភាព​សេដ្ឋកិច្ច។

លោក​បាន​ថ្លែង​បន្ត​ថា៖ «ជំនួប​កំពូល​ពាណិជ្ជកម្ម មាន​គោល​ដៅ​លើក​កម្ពស់​កំណើន​វិស័យ​ឯក​ជន​នៅ​ក្នុង​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ដែល​មាន​ការ​រីក​ចម្រើន​បំផុត​នៅ​លើ​ពិភព​លោក និង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ក្តី​សុបិន​ក្នុង​ការ​បង្កើត​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន នៅ​ត្រឹម​ឆ្នាំ​២០១៥»។

លោក គិត ម៉េង ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា អាស៊ាន ជា​បេះ​ដូង​អាស៊ី។ ប្រសិន​បើ​អាស៊ាន​ក្លាយ​ទៅ​ជា​ប្រទេស​តែ​មួយ​នោះ​តំបន់​នេះ​នឹង​ក្លាយ​ទៅ​ជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៩​នៅ​លើ​ពិភព​លោក​ដោយ​មាន​ប្រជាជន​ជិត ១០​ភាគ​រយ​នៃ​ប្រជាជន​សរុប​នៅ​លើ​ពិភព​លោក​ឬ ៦០០​លាន​នាក់ ហើយ​មាន​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​សរុប​ចំនួន ១,៩​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖ «អាស៊ាន មិន​ត្រឹម​តែ​ជា​ទី​ផ្សារ​សម្រាប់​ផលិត​ផល​នាំ​ចូល​មក​ពី​ប្រទេស​អភិវឌ្ឍន៍​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ជា​ទី​តាំង​ផលិតកម្ម​របស់​ប្រទេស​ទាំង​នោះ​ផង​ដែរ»៕ CS

This content has been locked. You can no longer post any comments.
Show/hide comments
busy