Headlines:

ដំណាក់​កាល​បន្ទាប់​របស់​ចិន គឺ​លទ្ធភាព​ប្តូរ​ប្រាក់​យន់



ក្រុង​ប៉េកាំងៈ វិធានការ​បន្ទាប់​របស់​ធនាគារ​កណ្តាល​ចិន​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អត្រា​ប្តូរ​ប្រាក់​នឹង​ផ្តោត​ជា​សំខាន់​លើ​លទ្ធភាព​ប្តូរ​ប្រាក់ (convertibility) នេះ​បើ​តាម​ទេសាភិបាល​ធនាគារ​កណ្តាល​ចិន។

លោក Zhou បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​ហិរញ្ញវត្ថុ​អន្តរ​ជាតិ ដែល​ជា​អង្គភាព​ប្រឹក្សា​យោបល់​មួយ​នៅ​ទីក្រុង​ប៉េកាំង​ថា៖​«​ចំពោះ​ធនាគារ​កណ្តាល​ខ្ញុំ​យល់​ថា វិធានការ​បន្ទាប់​ចំពោះ​ប្រាក់​យន់ នឹង​ត្រូវ​ធ្វើ​កំណែ​ទម្រង់​នៃ​លទ្ធភាព​ប្តូរ​ប្រាក់។ យើង​នឹង​អាច​សម្រេច​បាន​ការ​ងារ​នេះ។ យើង​កំពុង​តម្រង់​ទៅ​តាម​ទិសដៅ​នេះ​ហើយ ហើយ​យើង​នឹង​បន្ត​អនុវត្ត​។​យើង​នឹង​លុប​បំបាត់​បទ​ប្បញ្ញាត្តិ​មួយ​ចំនួន​»។

ការ​អធិប្បាយ​របស់​លោក​ទេសា​ភិបាល​រូប​នេះ បង្ហាញ​ពី​ការ​សន្យា​របស់​គណបក្ស​កុម្មុយនីស្ត​កំពុង​កាន់​អំណាច​នៅ​ពេល​មាន​ការ​ផ្លាស់​ប្តូរ​អំណាច​ក្នុង​គណបក្ស​រយៈ​ពេល​១​ទស្សវត្សរ៍​ម្តង​នៅ​សប្តាហ៍​មុន ដើម្បី​លើក​កម្ពស់​លំហូរ​មូល​ធន​ចូល និង​ចេញ​របស់​ចិន​ឲ្យ​កាន់​តែ​សេរី​ថែម​ទៀត សម្រាប់​គោល​ដៅ​វិនិយោគ​និង​ដើម្បី​ធ្វើ​ឲ្យ​អត្រា​ប្តូរ​ប្រាក់​ប្រែ​ប្រួល​ទៅ​តាម​ទីផ្សារ​កាន់​តែ​ខ្លាំង​។

ប្រទេស​ចិន​កំពុង​ព្យាយាម​បង្កើន​ការ​ប្រើ​ប្រាស់​ប្រាក់​យន់​នៅ​ក្នុង​ពាណិជ្ជកម្ម​អន្តរ​ជាតិ និង​ហិរញ្ញវត្ថុ ដើម្បី​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ទូទាំង​ពិភពលោក ព្រម​ទាំង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ប្រាក់​ដុល្លារ​អាមេរិក​។

លោក​Zhou ដែល​បាន​ដឹក​នាំ​ធនាគារ​កណ្តាល​ចិន​អស់​រយៈ​ពេល​១​ទស្សវត្សរ៍​មក​ហើយ​នោះ មិន​មាន​ឈ្មោះ​នៅ​ក្នុង​គណៈ​កម្មាធិការ​កណ្តាល​ថ្មី​របស់​គណបក្ស​កុម្មុយនីស្ត​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​ទេ ដែល​បង្ហាញ​ថា លោក​អាច​លា​លែង​ពី​ការ​ងារ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​ត្រូវ​បាន​ផ្តល់​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​លោក Zhou មិន​បាន​ឆ្លើយ​ដោយ​ផ្ទាល់​ទៅ​នឹង​សំណួរ​ដែល​បាន​ចោទ​សួរ​ពី​ការ​ចូល​និវត្តន៍​របស់​លោក​ទេ៕ BP