ក្រុងភ្នំពេញៈ មន្រ្តីកម្ពុជា បានបដិសេធបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម(SME)ដើម្បីជួយជំរុញវិស័យនេះឲ្យដើរលឿនទៅមុខក្នុងនិន្នាការសមាហរណកម្មក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ ២០១៥បើទោះជាអ្នកជំនាញលើកឡើងថា ធនាគារនេះនឹងជំរុញវិស័យនេះបានកាន់តែលឿន ដូចធ្លាប់បានអនុវត្តនៅក្នុងប្រទេសអភិវឌ្ឍន៍ក្តី។
លោក ហង្ស ជួនណារ៉ុនរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងក្នុងកិច្ចប្រជុំធុរកិច្ចអាស៊ានកាលពីថ្ងៃម្សិលមិញថា កម្ពុជានឹងមិនបង្កើតធនាគារនេះទេដោយខ្លាចធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានស្រាប់ក្ស័យធនព្រោះតែអត្រាការប្រាក់មានកម្រិតទាប។
លោក បានមានប្រសាសន៍ថា៖ «នៅកម្ពុជាយើង បើយើងបង្កើតបែបហ្នឹងវាអាចធ្វើឲ្យមីក្រូហិរញ្ញវត្ថុ និងធនាគារដែលមានស្រាប់ដួល ដោយសារតែរដ្ឋអាចផ្តល់ឥណទានដោយអត្រាការប្រាក់ទាប។ យើងចង់ជួយអ្នកខ្ចី តែយើងធ្វើឲ្យធនាគារផ្សេងៗទៀតដួល»។
លោកបានបន្តថា៖ «ដូចនេះយើងគ្រាន់តែមានគម្រោងធានាផ្នែកស្រូវអង្ករប៉ុន្តែយើងទុកឲ្យធនាគារនិងមីក្រូហិរញ្ញវត្ថុដំណើរការនិងប្រណាំងប្រជែងដោយខ្លួនឯង ដើម្បីឈានទៅបន្ទាបអត្រាការប្រាក់»។
លោកChew Seng Kok ប្រធានគ្រប់គ្រងក្រុមហ៊ុន Zaid Ibrahim & Coដែលជាវាគ្មិនមួយរូបក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ផ្តល់អំណាចដល់សហគ្រាសធុនតូច និងមធ្យម» ដែលជាប្រធានបទមួយត្រូវពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន មុនឈានទៅរកការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅថ្ងៃទី១ខែធ្នូឆ្នាំ២០១៥ បានមានប្រសាសន៍ថាប្រទេសមួយចំនួនបានអនុវត្តដោយជោគជ័យនូវប្រព័ន្ធធានាគារ SME ក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យមឲ្យដើរទៅមុខបានលឿន។ លោកបានលើកឧទារហណ៍ថាប្រទេសម៉ាឡេស៊ី ក៏ដូចជាប្រទេសជប៉ុនបានអនុវត្តជោគជ័យ។
លោក អ៊ិន ចាន់នី ប្រធានអគ្គនាយកធនាគារអេស៊ីលីដា បាននិយាយថាទោះបីធនាគាររបស់ប្រទេសមួយចំនួននោះមានឯកទេសផ្តោតតែលើសហគ្រាសធុនតូចនិងមធ្យមមែន តែធនាគារទាំងនោះនៅតែគិតអត្រាការប្រាក់មិនសូវខុសគ្នានឹងសេវាកម្មធនាគារពាណិជ្ជឯកជនឡើយ តែធនាគារ SME មានឯកទេសច្បាស់លាស់ជាង។
លោកបានបន្តថា៖ «អ្នកលក់និងអ្នកទិញខុសគ្នា។ អ្នកទិញចង់បានថោក រីឯអ្នកលក់ចង់បានថ្លៃ។ នៅគ្រប់ប្រទេសគឺអ៊ីចឹងឯង»។
លោកប្រធាននាយកប្រតិបត្តិរូបនេះ បានបន្ថែមថា៖ «បើរដ្ឋាភិបាលមានការធានាទៅលើកម្ចីដែលផ្តល់ដល់សហគ្រាសធុនតូច និងមធ្យម នោះគឺជាការជួយជំរុញលើកទឹកចិត្តអ្នកឲ្យខ្ចីលើវិស័យនេះ»។
លោក ហង្ស ជួនណារ៉ុនបានបន្តថា វិស័យសហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជា មានរហូតដល់ ៩៨ភាគរយនៃសហគ្រាសសរុបជិតកន្លះលានសហគ្រាស។វិស័យនេះបានផ្តល់ការងារដល់ប្រជាជនរាប់លាននាក់ ដែលជួយដល់កម្លាំងសេដ្ឋកិច្ច។ កម្លាំងពលកម្មក្នុងវិស័យSME គឺស្មើនឹង៩០ភាគរយនៃកម្លាំងពលកម្មសរុប។
លោក ប៊ុន មុនី ប្រធានមីក្រូហិរញ្ញវត្ថុស្ថាបនា និងជាប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិយាយថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជារហូតមកដល់ពេលនេះ មានចំនួន៣៥ដែលមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មផ្តល់ប្រាក់កម្ចីហើយរហូតពេលនេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនេះ បានផ្តល់ប្រាក់កម្ចីចំនួនជាង៨០០លានដុល្លារ។
អ្នកចូលរួមម្នាក់មកពីសភាពាណិជ្ជកម្មកម្ពុជាគឺអ្នកស្រី ជុំ វត្តី បាននិយាយថា វិស័យឯកជននិងធនាគារនៅតែលំបាកក្នុងការធ្វើការងារជាមួយគ្នាដើម្បីទទួលបានទុនយកទៅអភិវឌ្ឍផ្ទាល់បើទោះបីខ្លួនមានប្លង់កម្មសិទ្ធិលើអចលនទ្រព្យដីធ្លីហើយត្រូវការទុនយកទៅអភិវឌ្ឍដោយខ្លួនឯងក៏ដោយ។
អ្នកស្រី ជុំ វត្តី មានចម្ងល់ថា៖ «តើដល់ពេលណាទើបខ្ញុំអាចយកដីដែលខ្ញុំមានទៅដាក់នៅធនាគារមួយដែលមានអត្រាការប្រាក់ទាប និងឲ្យក្នុងរយៈពេលវែងដើម្បីងាយស្រួលយកទៅបង្កបង្កើនផល?»៕
ភ្នំពេញ ប៉ុស្តិ៍







