ក្រុងភ្នំពេញៈ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចខ្ពស់គឺកើនឡើង២ខ្ទង់ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ បន្ទាប់ពីសង្គ្រាមស៊ីវិលដែលបានបំផ្លាញវិស័យនានាទាំងស្រុង ជាពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ បានបញ្ចប់។
វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលបានចាប់ផ្តើមពីបាតដៃទទេ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្តល់នូវហិរញ្ញវត្ថុដល់ប្រជាជន។ បច្ចុប្បន្ន ប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ដើម្បីដឹកនាំ និងជំរុញឲ្យតំបន់នេះ សម្រេចបានសហគមន៍សេដ្ឋកិច្ចអាស៊ាននៅត្រឹមឆ្នាំ២០១៥។
ទេសាភិបាលធនាគារកណ្តាលអាស៊ាន បានតាំងចិត្ត និងឯកភាពរួមគ្នាក្នុងការធ្វើសេរីភាវូបនីយកម្មហិរញ្ញវត្ថុ ធ្វើសមាហរណកម្មធនាគារ និងគម្រោងផ្តួចផ្តើមហិរញ្ញវត្ថុជាច្រើនទៀត ដើម្បីបង្រួបបង្រួមវិស័យនេះក្នុងតំបន់។ ដូច្នេះ តើកម្ពុជាបានធ្វើ និងអភិវឌ្ឍអ្វីខ្លះសម្រាប់ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរបស់ខ្លួន ខណៈដែលបញ្ហាប្រឈមជាច្រើន នៅមិនទាន់ដោះស្រាយ?
អាជ្ញាធររបស់ធនាគារកណ្តាល ធនាគារិក និងសេដ្ឋកិច្ចវិទូជាច្រើន បានកត់សម្គាល់ឃើញថា វិស័យធនាគារ និងឧស្សាហកម្មរបស់កម្ពុជា កំពុងបោះជំហានទៅមុខយ៉ាងល្អ ហើយរីកចម្រើនជាងសមាជិករបស់អាស៊ានក្រីក្រផ្សេងទៀត ដូចជា ឡាវ និងមីយ៉ាន់ម៉ា ជាដើម។
លោកស្រី ងួន សុខា អគ្គនាយកធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជា មានបទប្បញ្ញត្តិ និងច្បាប់ធនាគារល្អ និងរឹងមាំ ជាពិសេសការគ្រប់គ្រងវិស័យធនាគារជាប្រចាំ ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់ទាក់ទាញការវិនិយោគកាន់តែច្រើន។
លោកស្រី បានបន្ថែមទៀតថា គោលនយោបាយសេដ្ឋកិច្ចបើកចំហតាមរយៈការអនុញ្ញាតឲ្យវិនិយោគិនបរទេស អាចគ្រប់គ្រងភាគហ៊ុន១០០ភាគរយ និងមានលំហូរមូលធនដោយសេរី ក៏ជាកត្តាដ៏សំខាន់ដែលប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀតមិនមាន។ គោលនយោបាយនេះ នឹងជំរុញលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងផែនការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ តម្រូវឲ្យរដ្ឋជាសមាជិកទាំងអស់ ធ្វើសេរីភាវូបនីយកម្មមូលធន ពោលគឺលំហូរដើមទុនដោយសេរីក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។លោកស្រី ងួន សុខា បានឲ្យដឹងថា ប្រទេសកម្ពុជាត្រូវការការអភិវឌ្ឍបន្ថែមទៀត លើករណីនេះ។
លោកស្រី បានលើកឡើងថា៖ «ទាក់ទងនឹងចំណុចនេះ កម្ពុជា មានការអភិវឌ្ឍច្រើន បើធៀបនឹងប្រទេសជាសមាជិកផ្សេងៗទៀត ដោយសារសមាជិកមួយចំនួននៅតែមិនអនុញ្ញាតឲ្យមានលំហូរមូលធនចេញចូលដោយសេរីទៅក្នុងប្រទេសរបស់ខ្លួនឡើយ ដោយសារប្រទេសទាំងនោះ មានគោលនយោបាយមូលធនតឹងរ៉ឹង។ ប៉ុន្តែ កម្ពុជា ស្វាគមន៍លំហូរមូលធនសេរី។ យើងបើកចំហគ្រប់ៗគ្នា ឲ្យមកទីនេះ ខណៈដែលសមាជិកមួយចំនួន មិនអនុញ្ញាតឲ្យធនាគារ បរទេសគ្រប់គ្រាន់ ១០០ភាគរយឡើយ។ ដូច្នេះយើងមិនអាចនិយាយបានថា ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុរបស់យើង យឺតយ៉ាវក្នុងការធ្វើសមាហរណកម្មបានឡើយ បើធៀបនឹងប្រទេសផ្សេងទៀតនោះទេ ដោយសារសមាជិកនីមួយៗ មានទស្សនៈផ្ទាល់ខ្លួន»។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានទទួលស្គាល់ថា ច្បាប់ និងបទប្បញ្ញត្តិធនាគារដ៏រឹងមាំ និងល្អកំពុងទាក់ទាញការវិនិយោគកាន់តែច្រើនឲ្យមកក្នុងឧស្សាហកម្មនេះ។
លោកលើកឡើងថា៖ «យើងមានការរីកចម្រើនក្នុងឧស្សាហកម្មនេះ ដូចអ្នកឃើញហើយថា ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងប្រាក់កម្ចី និងបញ្ញើ មានកំណើនយ៉ាងខ្លាំង។ ការណ៍នេះ គឺពិតជាល្អសម្រាប់សេដ្ឋកិច្ច។ ប្រសិនបើយើងប្រៀបធៀបនឹងប្រទេសឡាវ និងភូមា យើងប្រសើរជាងពួកគេ ដោយសារយើងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់ធ្វើឲ្យវិស័យនេះ មានកំណើន»។
លោក Hiroshi SUZUKIប្រធាននាយកប្រតិបត្តិ និងជាប្រធានសេដ្ឋវិទូប្រចាំវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មសម្រាប់កម្ពុជា បានឲ្យដឹងថា ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បានព្យាយាមលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅសម្រេចបានគំនិតផ្តួចផ្តើមជាច្រើន ក៏ដូចជាការអភិវឌ្ឍតំបន់នេះផងដែរ។
លោកបានលើកឡើងថា៖ «សម្រាប់CLMV ការរីកចម្រើនផ្នែកត្រួតពិនិត្យវិស័យធនាគារគឺជាគោលនយោបាយដ៏សំខាន់បំផុតដើម្បីពង្រឹងវិស័យធនាគារ។ ខ្ញុំសង្ឃឹមថា ធនាគារជាតិនិងរដ្ឋាភិបាលកម្ពុជា នឹងបន្តកិច្ចខិតខំដើម្បីពង្រឹងការត្រួតពិនិត្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា»។
លោក SUZUKI បានបន្ថែមថា៖ «ការបង្រួបបង្រួមគោលនយោបាយនិងបទប្បញ្ញត្តិទាំងអស់ ទាក់ទងនឹងវិស័យធនាគាររបស់ប្រទេសជាសមាជិកទាំងអស់ គឺជាបញ្ហាប្រឈមយ៉ាងខ្លាំង ដោយវាត្រូវការពេលវេលាយូរ។ម្យ៉ាងទៀត វាជាការចាំបាច់សម្រាប់ពួកគេក្នុងការបង្រួមបង្រួមតាមវិធីសាស្ត្រជាដំណាក់ៗ។ ការផ្លាស់ប្តូរដ៏ខ្លាំងក្នុងវិស័យធនាគារ អាចបង្កបញ្ហាធ្ងន់ធ្ងរដល់ទីផ្សារ និងសេដ្ឋកិច្ច»៕ CS
ភ្នំពេញ ប៉ុស្តិ៍







