ក្រុងប៉េកាំងៈ ប្រទេសចិន អាចនឹងផ្អាកទម្លាក់អនុបាតប្រាក់បម្រុងកាតព្វកិច្ចរបស់ធនាគារក្នុងរយៈពេលប៉ុន្មានខែចុងក្រោយក្នុងឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ច មានសភាពធូរស្រាលហើយធនាគារកណ្តាលចិន បានបង្កើនការប្រើប្រាស់ឧបករណ៍ផ្សេងមួយទៀតរបស់ខ្លួនដើម្បីសម្របសម្រួលមូលនិធិនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។
យោងតាមការព្យាករជាមធ្យមរបស់ក្រុមសេដ្ឋវិទូដែលបានធ្វើឡើងកាលពីថ្ងៃទី១៤ ដល់ទី១៩ខែវិច្ឆិកានិងអង្កេតដោយទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា ធនាគារកណ្តាលចិន អាចនឹងរក្សាអនុបាតប្រាក់បម្រុងកាតព្វកិច្ចក្នុងអត្រា២០ភាគរយដដែលសម្រាប់ធនាគារធំៗធៀបនឹងការព្យាករដែលថា ធនាគារនេះ អាចនឹងទម្លាក់អនុបាតប្រាក់បម្រុងកាតព្វកិច្ច០,៥ភាគរយកាលពីខែមុន និង១ភាគរយដែលបានព្យាករកាលពីខែកញ្ញា។
ការផ្លាស់ប្តូរការព្យាករនេះ ឆ្លុះបញ្ចាំងពីកំណើនទិន្នផលឧស្សាហកម្ម និងការលក់រាយក្នុងរយៈពេលពីរខែជាប់គ្នា ព្រមទាំងភាពស្ទាក់ស្ទើររបស់រដ្ឋាភិបាលចិន ក្នុងការបង្កើនវិធានការជំរុញសេដ្ឋកិច្ចកាន់តែខ្លាំង ខណៈមេដឹកនាំថ្មីរបស់ចិន គឺលោក ស៊ី ជីនពីងឡើងកាន់អំណាច។ធនាគារកណ្តាលចិន កំពុងប្រើប្រាស់កិច្ចព្រមព្រៀងទិញមូលបត្របំណុល (reverse-repurchase agreements) ដើម្បីស្រូបយកសាច់ប្រាក់ចូលនិងចេញជាបណ្តោះអាសន្ននៅក្នុងប្រព័ន្ធធនាគារជាជាងការប្រើប្រាស់វិធានការរយៈពេលវែងក្នុងការកែប្រែអនុបាតប្រាក់បម្រុងកាតព្វកិច្ច។
លោក Stephen Green ប្រធានផ្នែកស្រាវជ្រាវនៅប្រទេសចិនប្រចាំក្រុមហ៊ុន Standard Chartered Plc នៅទីក្រុងហុងកុង ដែលបានព្យាករកាលពីខែតុលាថា នឹងមានការទម្លាក់អនុបាតប្រាក់បម្រុងកាតព្វកិច្ច០,៥ភាគរយនោះ មានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរអនុបាតប្រាក់បម្រុងកាតព្វកិច្ចនឹងមិនមានទៀតទេ។ អ្នកអាចផ្តល់សាច់ប្រាក់ងាយស្រួលតាមរយៈប្រតិបត្តិការទីផ្សារបើកចំហ»។
រដ្ឋាភិបាលចិន អាចនឹងទម្លាក់អនុបាតប្រាក់បម្រុងកាតព្វកិច្ចនៅត្រីមាសទីមួយឆ្នាំ២០១៣ ខណៈក្រុមអ្នកវិភាគបានព្យាករថា នឹងមិនមានការផ្លាស់ប្តូរអត្រាការប្រាក់ទេចាប់ពីពេលនេះ រហូតដល់ចុងឆមាសទីមួយឆ្នាំ២០១៤នេះបើផ្អែកលើការព្យាករជាមធ្យម។ ធនាគារកណ្តាលបានទម្លាក់អត្រាការប្រាក់ចុងក្រោយនៅខែមិថុនា និងខែកក្កដា ព្រមទាំងបានកាត់បន្ថយអនុបាតប្រាក់បម្រុងកាតព្វកិច្ចបីដងចាប់ពីខែវិច្ឆិកាឆ្នាំ២០១១ រហូតដល់ខែឧសភាឆ្នាំនេះ។
សេដ្ឋវិទូចំនួន១២នាក់ក្នុងចំណោម ២០នាក់ នៅក្នុងការអង្កេតនៅខែនេះ បានឲ្យដឹងថា គ្មានការប្រែប្រួលអនុបាតទុនបម្រុងកាតព្វកិច្ចនេះទេរហូតដល់ឆ្នាំ២០១២៕ BP
ភ្នំពេញ ប៉ុស្តិ៍







