ចិនៈក្រុមហ៊ុនស្រាវជ្រាវឧស្សាហកម្មរថយន្ត IHS Automotive ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន អាចរងនូវការកាត់បន្ថយផលិតកម្មនៅឆ្នាំ២០១៤នៅចិន ខណៈអតិជនបន្តគេចមិនប្រើផលិតផលពួកគេដោយសារជម្លោះទឹកដីនៃប្រទេសទាំងពីរ។
ក្រុមហ៊ុន IHS Automotiveបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តទាំងនេះ អាចខាតបង់ការផលិតរថយន្តសរុប៦៥ម៉ឺនគ្រឿង ក្នុងនោះ៣៥ម៉ឺនគ្រឿងនៅឆ្នាំក្រោយ និង៣០ម៉ឺនគ្រឿងទៀតនៅឆ្នាំ២០១៤បើភាពតានតឹងលើជម្លោះដែនកោះមិនធូរស្បើយ។
លោក Namrita Chow អ្នកវិភាគនៅក្រុមហ៊ុន IHS Automotiveដែលមានមូលដ្ឋាននៅក្រុងស៊ាងហៃនិយាយក្នុងសារអេឡិចត្រូនិកកាលពីថ្ងៃម្សិលមិញថា៖ «ថ្វីបើឈ្មួញកណ្តាល បញ្ចុះតម្លៃច្រើនក៏ដោយ ក៏ការលក់រថយន្តរបស់ជប៉ុនជាទូទៅនៅចិន មិនមានសញ្ញាល្អទេកាលពីខែតុលា។ យើងមើលឃើញក្រុមហ៊ុនផលិតរថយន្តជប៉ុនកំពុងកាត់បន្ថយផលិតកម្មច្រើនថែមទៀត»។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានរាយការណ៍ពីការធ្លាក់ចុះនូវការចែកចាយនៅចិនកាលពីខែកញ្ញា និងខែតុលា ខណៈអតិថិជនចិន គេចមិនប្រើប្រាស់រថយន្តពួកគេបន្ទាប់ពីការតវ៉ាប្រឆាំងនឹងជប៉ុនបានផ្ទុះឡើងដោយសារតែប្រជុំកោះដែលគ្មានមនុស្សនៅ។
ឯកសារមួយកាលពីថ្ងៃទី២៣ ខែតុលា ដែលBloomberg ទទួលបានឲ្យដឹងថា ការព្យាករដោយ HIS បានប្រៀបធៀបជាមួយក្រុមហ៊ុនតូយ៉ូតា ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន ទំនងជាមិនអាចស្តារបានទាំងស្រុងនូវផលិតកម្មចិនឡើយ៕ NR
ភ្នំពេញ ប៉ុស្តិ៍







