Headlines:

វិនិយោគ​នៅ​កម្ពុជា​សុវត្ថិភាព​ជាង​ប្រទេស​ឡាវ



121121_12
ក្លិប Savan Vegas នៅ​សាវណ្ណាកេត ប្រទេសឡាវ ដែល​ជាគម្រោងមួយ​ត្រូវ​បាន​រដ្ឋាភិបាល​ឡាវ​រឹប​អូសពីក្រុមហ៊ុន Sanum។ សហ​ការី

ភ្នំពេញៈ លោក Jody Jordahl អគ្គ​នាយក​Sanum Investments​ជា​ក្រុម​ហ៊ុន​វិនិយោគ​អចលនទ្រព្យ​នៅ​ម៉ាកាវ បច្ចុប្បន្ន​ចង់​បង្កើត​ការិយាល័យ​តំណាង​ក្រុម​ហ៊ុន​នៅ​ប្រទេស​ឡាវ​ប៉ុន្តែ​បែរ​ជា​មក​បង្កើត​នៅ​កម្ពុជា​វិញ ដោយ​សារ​លោក​ជឿ​ជាក់​ថា នៅ​ឡាវ​លោក​អាច​ជួប​ហា​និភ័យ​ដោយ​ត្រូវ​ចាប់​ខ្លួន បើ​លោក​ព្យាយាម​ចូល​ក្នុង​ប្រទេស​ឡាវ​។

បច្ចុប្បន្ន​Sanum កំពុង​ប្តឹង​រដ្ឋាភិបាល​ឡាវ ទាក់​ទង​នឹង​ការ​ដក​ហូត​ទ្រព្យ​ខុស​ច្បាប់​របស់​ពួកគេ​រួម​មាន​ក្លិប​ស្លត់​ម៉ាស៊ីន​នៅ​ទីក្រុង​វៀង​ចន្ទន៍ សណ្ឋាគារ និង​កន្លែង​កម្សាន្ត នៅ​សុវណ្ណ​សាខេត និង​ដី​សម្រាប់​គម្រោង​ស្រដៀង​គ្នា​នៅ​ប៉ាក់​សុង​។

បន្ទាប់​ពី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ដៃ​គូ​ឡាវ​គឺ​ក្រុម​ហ៊ុន ST Group ដែល​Sanum បាន​ទិញ​ភាគ​ហ៊ុន ៦០​ភាគ​រយ​ពី​គម្រោង​ល្បែង​នា​ពេល​បច្ចុប្បន្ន និង​អនាគត​របស់ ST Group កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៧ ក្រុម​ហ៊ុន​Sanum បាន​ដំណើរ​ការ​វិនិយោគ​ដ៏​ធំ​នៅ​ក្នុង​ឧស្សាហកម្ម​ល្បែង​នៅ​ក្នុង​ប្រទេស​នេះ។ នេះ​បើ​យោង​តាម​លោក Jordhal។

ដើម​ឡើយ​លោក Sanum គ្រោង​នឹង​គ្រប់​គ្រង​អចលនទ្រព្យ​Thanaleng Slot Club នៅ​វៀង​ចន្ទន៍ កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ ហើយ​បើ​តាម​លោក Jordhal ជម្លោះ​ជាមួយ​ST Group បាន​ចាប់​ផ្តើម​លេច​ឡើង នៅ​ពេល​កាល​បរិច្ឆេទ​នោះ កាន់​តែ​ខិត​ជិត​មក​ដល់។

លោក​បាន​លើក​ឡើង​ថា៖ «នៅ​ពេល​យើង​ជិត​ដល់​កាល​បរិច្ឆេទ​ផ្ទេរ​ភាគ​ហ៊ុន ទំនាក់​ទំនង​រវាង​យើង ជាមួយ ST កាន់​តែ​មាន​វិវាទ​ធំ​ទៅ​ៗ។ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ ខ្ញុំ​គិត​ថា ពួក​គេ​បាន​ឃើញ​ទឹក​ប្រាក់​ដែល​ទទួល​បាន ហើយ​ពួក​គេ​មិន​ចង់​អនុវត្ត​តាម​លក្ខ​ខណ្ឌ​កិច្ច​ព្រម​ព្រៀង​របស់​យើង»។ លោក Jordhal បាន​ឲ្យ​ដឹង​ថា កាល​បរិច្ឆេទ​ផ្ទេរ​ភាគ​ហ៊ុន ត្រូវ​បាន​កែ​ប្រែ​ឡើង​វិញ​ទៅ​ដល់​ខែ​មេសា ឆ្នាំ​២០១២។

ប៉ុន្តែ​ពេល​កាល​បរិច្ឆេទ​មក​ដល់​នៅ​ខែ​មេសា លោក Jordhal បាន​ឲ្យ​ដឹង​ថា ST Group បាន​បញ្ជូន​លិខិត​មួយ​មក​យើង ដោយ​បញ្ជាក់​ថា ពួក​គេ​ចង់​លុប​ចោល​កិច្ច​ព្រម​ព្រៀង​ទាំង​អស់​ជាមួយ Sanum ហើយ​ផ្អិប​ចោល​អច​លនទ្រព្យ​ទាំង​អស់​របស់​ពួកគេ​។

បន្ទាប់​មក​ទៀត ក្រុម​ហ៊ុន​នេះ បាន​ចោទ Sanum ថា បាន​ប្រព្រឹត្ត​ខុស​នឹង​រដ្ឋា​ភិបាល​ឡាវ ទាក់ទង​នឹង​ការ​គ្រប់​គ្រង​ក្លិប​ស្លត់​ម៉ាស៊ីន Thanaleng នៅ​ក្នុង​ដៃ​របស់ ST Group ដោយ​ផាក​ពិន័យ​៥​លាន​ដុល្លារ​និង​ធ្វើ​សវនកម្ម​ខុស​ច្បាប់ នាំ​ឲ្យ​ក្រុម​ហ៊ុន​Sanum ត្រូវ​បង់​ពន្ធ ២៣​លាន​ដុល្លារ​។

យោង​តាម​លោក Jordhal គ្មាន​ដំណើរ​ការ​ណា​មួយ ធ្វើ​ឡើយ​ដោយ​សេរី និង​ត្រឹម​ត្រូវ​ឬ​អនុវត្ត​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​អន្តរជាតិ​ឡើយ។

បច្ចុប្បន្ន​ដោយ​មាន​ការ​ជូន​ដំណឹង​ពី​អាជ្ញា​កណ្តាល​នៅ​មជ្ឈ​មណ្ឌល​ដោះ​ស្រាយ​វិវាទ​វិនិយោគ​អន្តរជាតិ(ICSID​) របស់​ធនាគារ​ពិភព​លោក លោក Jordhal បាន​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​បោះ​ជំហាន​ទៅ​មុខ​សម្រាប់​ការ​ពិភាក្សា​ផ្ទាល់​ជា​មួយ​រដ្ឋាភិបាល​ឡាវ។

ទោះ​បី​យ៉ាង​នេះ​ក្តី លោក​បាន​ឲ្យ​ដឹងថា Sanum នឹង​តស៊ូ​ចំពោះ​ដំណើរ​ការ​បណ្តឹង​នេះ ដើម្បី​គូស​បញ្ជាក់​អំពី​បញ្ហា​ធំ​ៗ​ដែល​វិនិយោគិន​បរទេស​បាន​ប្រឈម ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពិសេស​ការ​ចូល​ជា​សមាជិក​អង្គ​ការ​ពាណិជ្ជកម្ម​ពិភព​លោក​របស់​ប្រទេស​ឡាវ និង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ក្លាយ​ទៅ​ជា​គោល​ដៅ​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស។

លោក​បាន​សួរ​ថា៖ «កត្តា​ដ៏​គួរ​ឲ្យ​រំខាន​នេះ គឺ​បង្ក​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ច្រើន មក​លើ​ប្រទេស​ឡាវ​ពី​ព្រោះ​តែ​ការ​ចូល​ជា​សមាជិក WTO ហើយ​បើ​ប្រទេស​នេះ​គ្មាន​ឆន្ទៈ​រំលោភ​ច្បាប់​ក្នុង​អំឡុង​ពេល​នេះ​ទេ នៅ​ពេល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ច្រើន​មក​លើ​ប្រទេស​នេះ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​វិនិយោគិន​គិត​ថា​ពួក​គេ​អាច​ទុក​ចិត្ត​បាន​នៅ​ពេល​ពួក​គេ​ចូល​ជា​សមាជិក WTO?»។

លោក​បន្ត​ថា៖ «វា​ជា​ពេល​វេលា​ដ៏​ភ្ញាក់​ផ្អើល​សម្រាប់​អាស៊ី​អាគ្នេយ៍ ហើយ​មាន​សក្តានុពល​ជា​ច្រើន នៅ​ទី​នេះ ប៉ុន្តែ​បើ​ប្រទេស​នេះ មិន​អាច​ឲ្យ​ប្រទេស​ដទៃ​ទុក​ចិត្ត​បាន​ទេ វា​នឹង​បង្ក​ផល​លំបាក​យូរ​អង្វែង មិន​ត្រឹម​តែ​ប្រទេស​ឡាវ​ទេ​ប្រទេស​ផ្សេង​ៗ​ទៀត នៅ​តំបន់​នេះ​ក៏ដូច​គ្នា​ដែរ»។ មិន​អាច​ទាក់ទង ក្រុម​ហ៊ុន​ST Group និង​ក្រសួង​រៀប​ចំ​ផែន​ការ និង​វិនិយោគ​របស់​ប្រទេស​ឡាវ​បាន​ទេ​ជុំវិញ​នឹង​បញ្ហា​នេះ។

សាស្ត្រាចារ្យ Luke Nottage មក​ពី​មហាវិទ្យាល័យ​ច្បាប់ សាកល​វិទ្យា​ល័យ​ស៊ីដ​នី និង​ជា​អ្នក​ជំនាញ​ខាង​សេដ្ឋ​កិច្ច បាន​ឲ្យ​ដឹង​ថា​បទ​ប្បញ្ញត្តិ ការ​សម្រេច​នៃ​អាជ្ញា​កណ្តាល​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ការ​រំលោភ​វិនិ​យោគិន គឺ​កើត​ឡើង​ញឹក​ញាប់​បំផុត​ដោយ​ការ​រឹប​អូស​ដោយ​ប្រយោល ឬ​ការ​បដិសេធ​មិន​ព្រម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វិនិ​យោគិន​បរទេស​ឲ្យ​ស្មើ​ៗ​គ្នា។ លោក​ថ្លែង​ថា៖ «​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ការ​រំលោភ​ដោយ​ចោទ​ប្រកាន់ ឬ​ជាក់​ស្តែង​ដែល​កើត​ឡើង​ញឹក​ញាប់​ជាង​គេ គឺ​ការ​រឹប​អូស​អច​លនទ្រព្យ​ដោយ​ប្រយោល ឧទាហរណ៍ ការ​ផ្លាស់​ប្តូរ​របប​ពន្ធ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិនិយោគិន​បរទេស ឬ​ការ​រំលោភ​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ស្មើ​គ្នា»។

លោក Nottage ក៏​បាន​លើក​ឡើង​នូវ​ឧទាហរណ៍ អំពី​ការ​រឹប​អូស​អចលនទ្រព្យ​ដោយ​ផ្ទាល់ ដែល​មាន​កំណើន​កាន់​តែ​ច្រើន ហើយ​ការណ៍​នេះ ចង្អុល​បង្ហាញ​អំពី​ករណី​រវាង​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​របស់​ចក្រ​ភព​អង់​គ្លេស Churchill និង​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី។

បើ​តាម​ទស្សនៈ​របស់​លោក Nottage បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ជា​ច្រើន​ដែល​បាន​ពិចារណា​អំពី​ការ​វិនិ​យោគ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គួរ​តែ​ប្រាកដ​ថា ប្រទេស​របស់​ខ្លួន មាន​កិច្ច​ព្រម​ព្រៀង​វិនិ​យោគ​ហ្មត់​ចត់​ជាមួយ​ប្រទេស​គោល​ដៅ។

លោក​បាន​ថ្លែង​ថា៖ «លោក​អ្នក ត្រូវ​ប្រាកដ​ថា ប្រទេស​របស់​អ្នក មាន​សន្ធិ​សញ្ញា​វិនិ​យោគ​ដែល​បាន​ព្រៀង​យ៉ាង​ហ្មត់​ចត់ និង​ប្រុង​ប្រយ័ត្ន (រួម​មាន​ជំពូក​ស្តី​ពី​ការ​វិនិ​យោគ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​) ដែល​រួម​មាន​ទាំង​បទ​ប្បញ្ញត្តិ​សម្រាប់​អាជ្ញា​កណ្តាល​វិនិយោគិន និង​រដ្ឋ មុន​នឹង​ឈាន​ដល់​តុលាការ​អន្តរជាតិ ដូច​ជា ICSID»។

តាម​របាយ​ការណ៍​វិនិយោ​ពិភព​លោក ឆ្នាំ​២១២ បង្ហាញ​ក្នុង​សន្និសីទ​អង្គ​ការ​សហ​ប្រជាជាតិ ស្តី​ពី​ពាណិជ្ជ​កម្ម និង​ការ​អភិវឌ្ឍ ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​បូព៌ា បាន​ទទួល​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​៣៣៥​,៥​ពាន់​លាន​ដុល្លារ​ស្មើ​នឹង ២២​ភាគ​រយ​នៃ​លំហូរ FDI លើ​ពិភព​លោក៕CS

This content has been locked. You can no longer post any comments.
Show/hide comments
busy