ភ្នំពេញៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនាបានបង្កើនទំហំផ្តល់ប្រាក់កម្ចីរហូតដល់២០ម៉ឺនដុល្លារសម្រាប់អតិថិជនម្នាក់ពោលគឺកើនឡើងពី៥ម៉ឺនដុល្លារ។
ការដំឡើងទំហំប្រាក់កម្ចីខ្ពស់បែបនេះបណ្តាលមកពីកត្តាសេដ្ឋកិច្ចជាតិអំណោយផលនិងតម្រូវការរបស់អតិថិជនកាន់តែកើនឡើងសម្រាប់ពង្រីកអាជីវកម្ម។
លោកប៊ុនមុនីអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្តុស្ថាបនាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថាគណៈគ្រប់គ្រងបានអនុម័តឲ្យដំឡើងទំហំប្រាក់កម្ចីដោយចាប់អនុវត្តពីដើមខែវិច្ឆិកាឆ្នាំនេះ។ លោកបន្តថា៖«តាមយើងធ្វើការសិក្សាទីផ្សារអតិថិជនដែលមានតម្រូវការលើសពី៥ម៉ឺនដុល្លារគឺមានច្រើន។តែទោះជាយ៉ាងណាខ្ញុំមិនសង្ឃឹមថាយើងទទួលបានអតិថិជនដែលមកទទួលកម្ចីរហូត២០ម៉ឺនទេ។យើងអាចមានអតិថិជនមករកកម្ចីនេះលើសពី១០ម៉ឺនដុល្លារនៅឆ្នាំក្រោយ»។
ទំហំប្រាក់កម្ចីប្រែប្រួលអត្រាការប្រាក់ក៏ប្រែប្រួលដែរ។លោកមុនីបញ្ជាក់ថាអត្រាការប្រាក់សម្រាប់កម្ចី៥ម៉ឺនដុល្លារដែលធ្លាប់អនុវត្តគឺ១៨ភាគរយក្នុងមួយឆ្នាំហើយរយៈពេលកម្ចីគឺ៣៦ខែចំណែកកម្ចី២០ម៉ឺនដុល្លារវិញអត្រាការប្រាក់នឹងធ្លាក់មកនៅត្រឹម១៤ទៅ១៥ភាគរយក្នុងមួយឆ្នាំហើយរយៈពេលខ្ចីគឺអាចយូរដល់៤៨ខែ។
លោកបានបន្តថា៖«ស្ថានភាពសេដ្ឋកិច្ចរបស់យើងកំពុងតែរីកចម្រើនហើយអតិថិជនរបស់យើងដែលធ្វើការជាមួយយើងជាយូរមកហើយមានលទ្ធភាពពង្រីកដើមទុននិងអាជីវកម្មរបស់គាត់បន្ថែមទៀត។ដូចនេះវាជាមូលហេតុដែលយើងត្រូវឆ្លើយតបដល់គាត់ដើម្បីឲ្យមានជំនឿចិត្តនិងបន្តសហការជាមួយយើងតទៅទៀត»។
ការផ្តល់កម្ចីរបស់ស្ថាបនាផ្តោតទៅលើវិស័យកសិកម្មដែលមាន២០ភាគរយ ហើយទំហំកម្ចីថ្មីនេះនឹងបង្កើនដល់៣០ភាគរយ។នេះបើតាមលោក ប៊ុនមុនី។ លោកបន្តថា កម្ចីសម្រាប់អាជីវកម្មខ្នាតតូចបានធ្លាក់ចុះពី៤០ភាគរយ មកនៅ៣០ភាគរយ។
មកទល់ពេលនេះស្ថាបនាបានផ្តល់កម្ចីជាង១១៤លានដុល្លារឲ្យអតិថិជនជាង៦៧០០០នាក់នៅដំណាច់ខែតុលាចំណែកប្រាក់បញ្ញើវិញមានជិត៦០លានដុល្លារដែលមានអតិថិជនជាង៤៥ ០០០នាក់។
លោកបន្តថា៖«វិស័យហិរញ្ញវត្ថុបម្រើឲ្យខឿនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗហើយប្រជាជនមិនសូវប្រើទូលំទូលាយទេតែដល់ពេលនេះយើងឃើញថាគាត់ជឿជាក់កាន់តែច្រើនដឹងកាន់តែច្រើនស្គាល់កាន់តែច្រើននិងប្រើប្រាស់កាន់តែច្រើន»។
លោកជាផល្លារិនប្រធានគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុអម្រឹតឲ្យដឹងថាស្ថាប័នមួយនេះនៅមិនទាន់ដាក់ទំហំកម្ចីខ្ពស់ដូចនេះទេ ព្រោះតម្រូវការរបស់អតិថិជនភាគច្រើននៅមានទំហំតូចតាចច្រើន។
ទំហំកម្ចីធំបំផុតរបស់អម្រឹត៣ម៉ឺនដុល្លារហើយវាស្ថិតនៅដំណាក់កាលសាកល្បង។ទំហំប្រាក់កម្ចីដែលផ្តល់ដល់អតិថិជនគឺ ៦០០ដុល្លារសម្រាប់អតិថិជនម្នាក់។លោកជាផល្លារិនថ្លែងថាស្ថានភាពទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំង។
លោកបន្តថា៖«យើងអាចថាចង្អៀតក៏បានដែរព្រោះវាមានការប្រកួតប្រជែងច្រើនតែវាក៏បន្តការរីកចម្រើនដែរ។យើងនៅផ្តល់កម្ចីកម្រិតតូចៗនៅឡើយទេរហូតមកដល់បច្ចុប្បន្ន»។រហូតមកទល់ពេលនេះអម្រឹតបានផ្តល់ប្រាក់កម្ចី១៣៥លានដុល្លារដល់អតិថិជនជិត២៨ម៉ឺននាក់ទទួលបានប្រាក់បញ្ញើ៨២លានដុល្លារ។
លោកស្រីងួនសុខាអគ្គនាយកធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧ ក្នុងចំណោម៣០ដែលធនាគារជាតិបានផ្តល់អាជ្ញាប័ណ្ណឲ្យទទួលប្រាក់បញ្ញើ។
លោកស្រីបន្តថាប្រភេទអតិថិជនគឺមានច្រើនខុសៗគ្នាហើយអតិថិជនមួយចំនួនក៏មានតម្រូវការខ្ពស់ដែរ។ធនាគារពាណិជ្ជខ្លះផ្តល់កម្ចីដល់រាប់លានដុល្លារ។
លោកស្រីបន្ថែមថា៖«គេយកទៅប្រើប្រាស់ផ្សេងៗពីគ្នា។សហគ្រាសធុនតូចនិងមធ្យមគេត្រូវការតាមកម្រិតរបស់គេទៅតាមប្រភេទមុខរបររបស់គេ»៕
ភ្នំពេញ ប៉ុស្តិ៍







