Headlines:

កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាស៊ាន​និង​អាស៊ី​បូព៌ា​ដើម្បី​ធានា​កំណើន​



121121_11
ជំនួបនៃកិច្ច​សន្ទនាសកល​អាស៊ាន​កាល​ពីថ្ងៃអង្គារ​ម្សិលមិញ។ រូបថត ម៉េង ស្រ៊ុន

ភ្នំពេញៈ​លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា កិច្ច​សហ​ប្រតិបត្តិការ​និង​ការ​ពង្រីក​សេដ្ឋកិច្ច​កាន់​តែ​ទូលំ​ទូលាយ​ក្នុង​ចំណោម​រដ្ឋ​សមាជិក​ជាមួយ​អាស៊ី​បូព៌ា​និង​ដៃ​គូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​គឺ​ត្រូវ​តែ​មាន​ដើម្បី​ការ​ពារ​ហានិភ័យ ផល​ប៉ះ​ពាល់​ណា​មួយ​ពី​ភាព​មិន​ច្បាស់​លាស់​និង​ភាព​ងាយ​ផុយ​ស្រួយ​នៃ​សេដ្ឋ​កិច្ច​សកល​។

ការ​ថ្លែង​បែប​នេះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​កិច្ច​សន្ទនា​សកល​អាស៊ាន​។

កិច្ច​សន្ទនា​សកល​អាស៊ាន​ដែល​រួម​មាន​មេ​ដឹក​នាំ​ជា​ច្រើន​មន្រ្តី​សំខាន់​ៗ​របស់​អាស៊ាន និង​អាស៊ី​បូព៌ា និង​ដៃ​គូ​អភិវឌ្ឍន៍​គឺ​ដើម្បី​ដោះ​ដូរ​យោបល់​និង​ស្វែង​រក​វិធី​ដោះស្រាយ​ជា​មួយ​នឹង​បញ្ហា​បច្ចុប្បន្ន​ស្រប​ពេល​ដែល​តំបន់​កំពុង​ប្រឈម​មុខ​វិបត្តិ​ហិរញ្ញ​វត្ថុ​សកល​បញ្ហា​ការ​ងារ​បញ្ហា​សន្តិសុខ​ស្បៀង​អាហារ​និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​ពិភពលោក​មិន​ទាន់​គេច​ផុត​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​សកល​ទាំង​ស្រុង​ទេ​។​ភាព​រីក​ចម្រើន​យឺត​ៗ​និង​ភាព​ងាយ​ផុយ​ស្រួយ​នៃ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​កំពុង​បណ្តាល​ឲ្យ​ទីផ្សារ​មូល​ធន​សកល​ប្រឈម​នឹង​អស្ថិរភាព​ហើយ​អ្នក​វិនិយោគ​មាន​ការ​ស្ទាក់​ស្ទើរ​ផង​ដែរ​។ ទោះ​បី​យ៉ាង​ណា​ក្តី​ក្នុង​បរិបទ​នេះ​អាស៊ាន​នៅ​តែ​ស្ថិត​ក្នុង​ជំហរ​រឹង​មាំ​។ លោក​បន្ត​ថា​៖ «​យើង​ទទួល​ស្គាល់​ថា​បើ​សេដ្ឋ​កិច្ច​សកល​នៅ​តែ​ខ្សោយ​អាស៊ាន​ពិត​ណាស់​នឹង​មិន​អាច​គេច​ផុត​ពី​វិបត្តិ​នោះ​ទេ។​យើង​ទាំង​អស់​គ្នា​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​កំណើន​សេដ្ឋកិច្ច និង​បញ្ហា​ដទៃ​ៗ​ទៀត​ដែល​អាច​កើត​មាន​ឡើង​នា​ពេល​អនា​គត​»។

ក្នុង​ន័យ​នេះ​វា​បាន​បង្ហាញ​ថា កិច្ច​សន្ទនា​សកល​គឺ​សំខាន់​ណាស់​ដើម្បី​សង្កត់​ធ្ងន់​ពី​តួនា​ទី​របស់​អាស៊ាន​ដើម្បី​កំណត់​របៀប​វារៈ​និង​គោល​នយោបាយ​សេដ្ឋ​កិច្ច​ក្នុង​តំបន់​និង​ពិភព​លោក។​កិច្ច​សន្ទនា​ក៏​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​បញ្ហា​ប្រឈម​និង​ឱកាស​ផង​ដែរ​ដែល​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា។

លោក Haruhiko Kuroda​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​ដែល​ជា​ដៃ​គូ​មួយ​ក្នុង​ចំណោម​ដៃ​គូ​អភិវឌ្ឍន៍​សំខាន់​ៗ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​អំឡុង​កិច្ច​ជំនួប​សន្ទនា​សកល​អាស៊ាន​ថា​សេដ្ឋកិច្ច​ជឿន​លឿន​មួយ​ចំនួន​បាន​បង្កើន​តារាង​តុល្យ​ភាព​របស់​ពួក​គេ​ឡើង​វិញ​សន្សឹម​ៗ​ហើយ​ទីផ្សារ​កំពុង​រីក​លូត​លាស់​របស់​អាស៊ី​ត្រូវ​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​នៃ​ភាព​រីក​ចម្រើន​ដើម្បី​ជំរុញ​GDP។

ខណៈ​កំណើន​សេដ្ឋកិច្ច​សកល​នៅ​មាន​រីក​ចម្រើន​ទៅ​មុខ​យឺត​យ៉ាវ​ការ​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​គឺ​ស្ថិត​នៅ​ក្នុង​ទ្រង់​ទ្រាយ​ប្រសើរ​ជាង​មុន​ជា​មួយ​នឹង​ការ​រំពឹង​ទុក​កំណើន​៦,១​ភាគរយ​នៅ​ឆ្នាំ​នេះ​។​សេដ្ឋ​កិច្ច​អាស៊ាន​បាន​បង្ហាញ​ពី​ភាព​រឹង​មាំ​គ្រប់​គ្រាន់​។

លោក Kuroda​បាន​ថ្លែងថា​៖ «​សេដ្ឋ​កិច្ច​ជោគ​ជ័យ​នៅ​ថ្ងៃ​ស្អែក​នឹង​ផ្តោត​ទៅ​លើ​ការ​កែ​ប្រែ​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព តាម​រយៈ​កំណើន​ដែល​បាន​ដល់​មនុស្ស​កាន់​តែ​ច្រើន ជា​ពិសេស​អ្នក​ក្រ​»។

លោក​បាន​លើក​ឡើង​ថា​ជាមួយ​នឹង​ប្រជាជន​អាស៊ី​ចំនួន ៤២០​នាក់​ចូល​ក្នុង​ទីផ្សារ​ការ​ងារ​នៅ​ឆ្នាំ​២០៣០​ការ​បង្កើត​ការ​ងារ​នឹង​នៅ​តែ​ជា​បញ្ហា​បារម្ភ​សម្រាប់​តំបន់​។​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​គឺ​សំខាន់​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​ការ​ងារ​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ធំ​របស់​អាស៊ាន​នេះ​មូល​និធិ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ដើម​ឆ្នាំ​នេះ​។​ពាណិជ្ជកម្ម​សេរី​ជាង​មុន​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ម៉ាក្រូ​សេដ្ឋ​កិច្ច​ខ្លាំង​ជាង​មុន​នៅ​ក្នុង​តំបន់​នឹង​ជួយ​បង្កើន​ប្រសិទ្ធ​ភាព​ពង្រឹង​ស្ថិរ​ភាព និង​ទ្រទ្រង់​កំណើន​។

អគ្គ​លេខា​ធិការ​អាស៊ាន លោក សុរិន ពិត​សុវ៉ាន់​បាន​ថ្លែង​ក្នុង​អំឡុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​អង្គារ​ថា ប្លុក​អាស៊ី​បាន​ធ្វើ​ការ​ងារ​យ៉ាង​ល្អ​ហើយ​មាន​ចំណេះ​ដឹង​ទូ​លំ​ទូលាយ​ដែល​បាន​រៀន​ពី​វិបត្តិ​ផ្ទាល់​របស់​ខ្លួន​កាល​ពី​ឆ្នាំ​១៩៩៧។

ខណៈ​ដែល​មាន​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​បច្ចុប្បន្ន​នៅ​លោក​ខាង​លិច អាស៊ាន និង​បណ្តា​ប្រទេស​អាស៊ី​បូព៌ា​មួយ​ចំនួន​ដឹង​ពី​របៀប​ការ​ពារ​ពី​វិបត្តិ។

លោក​បាន​ថ្លែង​ថា​បន្ទាប់​ពី​វិបត្តិ​ក្នុង​ឆ្នាំ​២០០០​អាស៊ាន​បាន​និង​កំពុង​ធ្វើ​ការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​បូព៌ា​ដូច​ជា​ជប៉ុន​កូរ៉េ និង​ចិន​ដែល​ហៅ​ថា មូល​និធិ​ពហុ​ភាគី​គំនិត​ផ្តួត​ផ្តើម​ឈាង​ម៉ៃ (Chhiang Mai Initiative Multilateral Fund)​ដែល​មាន​ទឹក​ប្រាក់​១២០​ពាន់​លាន​ដុល្លារ​ហើយ​បាន​កើន​ឡើង​ទ្វេ​ដង​ដល់​២៤០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កើត​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​។

អាស៊ាន-ដៃគូសម្រេចបើក RCEP

មេដឹក​នាំ​អាស៊ាន​ទាំង​១០​និង​ប្រទេស​ដៃគូ​៦​ផ្សេង​ទៀត បាន​សម្រេច​ជា​ផ្លូវ​ការ​លើ​សេច​ក្តី​ថ្លែង​ការណ៍រួម​ស្តី​ពី​ការ​បើក​ជា​ផ្លូវ​ការ​ភាព​ជា​ដៃ​គូ​សេដ្ឋ​កិច្ច​ទូលំ​ទូលាយ​តំបន់​(​RCEP​)​នៅ​ភ្នំពេញ​ក្នុង​អំឡុង​នៃ​ជំនួប​កំពូល​អាស៊ាន​លើក​ទី​២១​។

ប្រទេស​ដៃ​គូ​ទាំង​៦​រួម​មាន​ចិន​កូរ៉េ​ខាង​ត្បូង​ជប៉ុន​ឥណ្ឌា​អូស្ត្រាលី​និង​នូវែលសេឡង់។

គោល​បំណង​របស់​RCEP គឺ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សេដ្ឋ​កិច្ច​បែប​ទំនើប​ទូលំ​ទូលាយ​និង​ផ្តល់​ប្រយោជន៍​ភាព​ជា​ដៃ​គូ​សេដ្ឋ​កិច្ច​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​លើ​ការ​បើក​ចំហ​ពាណិជ្ជ​កម្ម​និង​វិនិ​យោគ​ដើម្បី​កំណើន​សេដ្ឋ​កិច្ច​ក្នុង​តំបន់​។​នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការណ៍​រួម​។

ក្រប​ខ័ណ្ឌ​អាស៊ាន​ស្តីពី​RCEP​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​មេ​ដឹក​នាំ​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​១៧​វិច្ឆិកា​២០១១​ក្នុង​អំឡុង​ជំនួប​កំពូល​អាស៊ាន​លើក​ទី​១៩​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​មាន​សារៈ​សំខាន់​ក្នុង​ការ​ពង្រឹង​សេដ្ឋ​កិច្ច​ក្នុង​តំបន់​។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ដែល​ជា​ប្រធាន​អាស៊ាន​បាន​និយាយ​ក្នុង​ពិធី​បើក​ជា​ផ្លូវ​ការ​RCEP​ថា​ក្រប​ខ័ណ្ឌ​របស់​RCEP​នឹង​បញ្ជា​កាន់​តែ​ស៊ី​ជម្រៅ​និង​ទូលំ​ទូលាយ​ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អាស៊ាន​ជា​មួយ​នឹង​ដៃ​គូ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​របស់​ខ្លួន។​លោក​ថ្លែង​ថា​៖ «​RCEP​និង​ក្លាយ​ជា​កិច្ច​ព្រម​ព្រៀង​ទំនើប​ទូលំ​ទូលាយ​និង​គុណ​ភាព​ខ្ពស់ ដែល​នឹង​ប្រែ​ក្លាយ​ទីផ្សារ​របស់​យើង​ទៅ​ជា​ទី​ផ្សារ​រួម​សម្រាប់​ប្រជាជន​ជាង​៣​ពាន់​លាន​នាក់​មាន​GDP​សរុប​១៩,​៧៨​ពាន់​ពាន់​លាន​ដុល្លារ​ដោយ​ផ្អែក​លើ​តួលេខ​២០១១​»។

លោក​បន្ត​ថា អាស៊ី​បូព៌ា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​ដូច្នេះ​ការ​ចូល​រួម​ទាំង​អស់​គ្នា​គឺ​ដើម្បី​រក្សា​កំណើន​ដើម្បី​ធានា​ឲ្យ​មាន​ការ​បើក​ចំហ​ទីផ្សារ​និង​បង្កើន​ការ​ប្រកួត​ប្រជែង​។

លោក​ចម​ប្រសិទ្ធ​រដ្ឋ​មន្ត្រី​សេដ្ឋ​កិច្ច​អាស៊ាន​របស់​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ក្រៅ​ជំនួប​ថា ការ​អនុម័ត​លើ​RCEP ជា​ការ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ក្រុម​ការ​ងារ​បន្ត​ការ​ងារ​របស់​គេ​ឲ្យ​កាន់​តែ​ងាយ​ស្រួល៕ SS

This content has been locked. You can no longer post any comments.
Show/hide comments
busy