ប្រ៊ុចសែលៈ ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុបបានបរាជ័យក្នុងការឯកភាពគ្នាលើការកាត់បន្ថយកញ្ចប់ថវិកាបំណុលសម្រាប់ប្រទេសក្រិកក្នុងអំឡុងកិច្ចពិភាក្សាជាង១១ម៉ោងនៅប្រ៊ុចសែល។
តម្លៃប្រាក់អឺរ៉ូបានធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណចំនួន១៣ផ្សេងទៀតក្នុងចំណោមរូបិយប័ណ្ណសំខាន់ទាំង១៦បន្ទាប់ពីលោកLucFriedenរដ្ឋមន្ត្រីហិរញ្ញវត្ថុលុចសំបួរនិយាយថារដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុបទាំងអស់នឹងចាប់ផ្តើមពិភាក្សាគ្នាសប្តាហ៍ក្រោយ។
តម្លៃប្រាក់យ៉េនបានធ្លាក់ចុះមកដល់៨២យ៉េនក្នុងមួយដុល្លារសម្រាប់រយៈពេលដំបូងគិតចាប់តាំងពីខែមេសាបន្ទាប់ពីការនំាំចេញរបស់ជប៉ុនបានធ្លាក់ចុះ៥ខែជាប់ៗគ្នា។ដុល្លារនូវែលសេឡង់បានធ្លាក់ចុះបន្ទាប់ពីតម្លៃលក់ដុំម្សៅទឹកដោះគោបានធ្លាក់ចុះដែលបានកាត់បន្ថយចំណូលដែលបានមកពីការនាំចេញ។
លោកNedRumpeltinប្រធានក្រុមយុទ្ធសាស្ត្ររូបិយវត្ថុចំនួន១០នៅក្រុមហ៊ុនStandard Chartered GroupPlcក្នុងទីក្រុងឡុងដ៍បាននិយាយថា៖«អ្នកធ្វើគោលនយោបាយអឺរ៉ុបបានបង្កើនក្តីរំពឹងថាអ្វីមួយអាចនឹងកើតឡើងចំពោះប្រទេសក្រិកហើយបន្ទាប់មកគេនឹងមិនគេចផុតឡើយ។អ្វីដែលយើងកំពុងមើលឃើញគឺថាហានិភ័យអឺរ៉ុបនឹងលើកយកមកធ្វើជារបៀបវារៈម្តងទៀត។ទាំងនេះបានដាក់សម្ពាធដល់ប្រាក់អឺរ៉ូ»។
តម្លៃប្រាក់អឺរ៉ូបានធ្លាក់ចុះ០,៤ភាគរយទៅដល់១,២៧៦៥ដុល្លារអាមេរិកក្នុងមួយអឺរ៉ូនៅទីក្រុងឡុងដ៍កាលពីថ្ងៃម្សិលមិញបន្ទាប់ពីកើនឡើង០,៦ភាគរយអំឡុងពេលពីរឆ្នាំមុន។អឺរ៉ូមានការប្រែប្រួលតិចតួចធៀបនឹងប្រាក់យ៉េនជប៉ុនគឺ១០៤,៧១យ៉េនក្នុងមួយអឺរ៉ូ។តម្លៃប្រាក់យ៉េនធ្លាក់ចុះ០,៤ភាគរយមកនៅ៨២,០៣យ៉េនក្នុងមួយដុល្លារអាមេរិកបន្ទាប់ពីបានធ្លាក់ចុះនៅត្រឹម៨២,១១យ៉េនក្នុងមួយដុល្លារដែលនេះជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីថ្ងៃទី៦មេសាមក។
លោកWolfgangSchaeubleរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា៖ «យើងមានជម្រើសមួយចំនួននៅលើតុអំពីរបៀបបិទចន្លោះហិរញ្ញវត្ថុ។យើងពិភាក្សាពីបញ្ហានេះយ៉ាងល្អិតល្អន់ប៉ុន្តែដោយសារតែមានសំណួរជាច្រើនមានភាពស្មុគស្មាញយើងមិនបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយនោះទេ»។
កិច្ចប្រជុំបន្ទាប់នឹងធ្វើនៅថ្ងៃទី២៦វិច្ឆិកាហើយជំនួយសម្រាប់ក្រិកដែលស្នើឡើងតាំងពីខែមិថុនានៅតែត្រូវបង្កកទុក៕ SS
ភ្នំពេញ ប៉ុស្តិ៍







