ភ្នំពេញៈ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានរបស់កម្ពុជាបានឲ្យដឹងថា ការចាប់ផ្តើមចរចាជាផ្លូវការអំពីការបង្កើតភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) នឹងក្លាយទៅជាទីផ្សាររួមដ៏មានសក្តានុពល ក្នុងតំបន់ជាទីផ្សារធំជាងទីផ្សារកាលពីមុនគឺអាមេរិក និងអឺរ៉ុប។
សេដ្ឋវិទូបានឲ្យដឹងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការពង្រីកទីផ្សារនាំចេញរបស់ខ្លួន។
RCEP ត្រូវបានបង្កើតឡើងជាផ្លូវការ កាលពីថ្ងៃទី២០ ខែនេះ នៅក្នុងជំនួបកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ ដែលថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំប្រទេសដៃគូ៦ផ្សេងទៀតមានជប៉ុន ឥណ្ឌា ចិន កូរ៉េ អូស្ត្រាលី និងនូវែលសេឡង់ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពី RCEP ដើម្បីត្រួសត្រាយផ្លូវបង្កើតការធ្វើពាណិជ្ជកម្ម និងវិនិយោគក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។
លោក ចម ប្រសិទ្ធរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃពុធម្សិលមិញថា ការចរចាអំពីRCEPឆ្លុះបញ្ចាំងពីកិច្ចខិតខំរបស់ថ្នាក់ដឹកនាំដើម្បីពន្លឿនការងាររបស់ខ្លួន។
លោកថ្លែងថា៖ «នេះជាការខិតខំដ៏ខ្លាំងក្លា ដើម្បីកសាងតំបន់នេះ ឲ្យកាន់តែធំ និងមានមូលដ្ឋានដ៏មានសក្តានុពលធំជាងសហរដ្ឋអាមេរិក និងអឺរ៉ុបនាអនាគតដោយសារតែយើងសង្កេតឃើញចំនួនប្រជាជនចិន ឥណ្ឌា និងអាស៊ានច្រើនជាងចំនួនពាក់កណ្តាលនៃប្រជាជនសរុបនៅលើពិភពលោក ហើយសេដ្ឋកិច្ចនៅតំបន់នេះ ក៏មានឥទ្ធិពលខ្លាំងក្លាផងដែរ»។
លោកបន្ថែមថា ក្នុងក្របខ័ណ្ឌអាស៊ានទាំងអស់គ្នានឹងព្យាយាមចាប់ផ្តើមការចរចាអំពីការបើកទីផ្សារថ្មីមួយដែលអាចនាំចេញទំនិញដោយមិនគិតពន្ធ និងកូតា។ លោកបន្តថា៖ «យើងនឹងព្យាយាមបើកច្រកថ្មី ដើម្បីធានាដល់ការនាំចេញរបស់យើងនាពេលអនាគត»។
លោក Hiroshi SUZUKI សេដ្ឋវិទូ និងជាប្រធាននាយកប្រតិបត្តិប្រចាំវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា RCEP នឹងជំនួសឲ្យFTA រវាងអាស៊ាន»។
លោកបានលើកឡើងថា៖ «RCEP នឹងបង្កលក្ខណៈងាយស្រួល និងកាន់តែរលូនសម្រាប់ FTA ក្នុងចំណោមប្រទេស១៦។ ខ្ញុំពិតជាស្ងើចសរសើរដល់ការសម្រេចចិត្តចាប់ផ្តើមការចរចានេះខ្លាំងណាស់។RCEP នឹងមិនបើកចំហដោយសេរីពេកនេះបើធៀបនឹង TPP។ ថ្វីបើយ៉ាងនេះក្តី កិច្ចប្រឹងប្រែងបង្កើត RCEP ពិតជាធំធេង និងផ្តល់ផលវិជ្ជមានដល់ការពង្រឹង AEC និងជាទីផ្សារតែមួយក្នុងចំណោម១៦ប្រទេស»។
TPP (Trans-Pacific Partnership)ជាកិច្ចព្រមព្រៀងភាពជាដៃគូរវាងអាមេរិក និងប្រទេសអាស៊ីផ្សេងទៀត។
លោកHiroshi SUZUKI បន្តថា បច្ចុប្បន្នកម្ពុជាកំពុងក្លាយទៅជាមូលដ្ឋានផលិតកម្មមួយ នៅអាស៊ាន ដោយមានតម្លៃពលកម្មថោក និងជាទីតាំងដ៏ល្អនៅច្រករបៀងសេដ្ឋកិច្ចខាងត្បូង ក្នុងចំណោមប្រទេសអាស៊ាន ដែលនិន្នាការនេះនឹងត្រូវពង្រឹងដោយ RCEP បន្ថែមទៀត។
RCEP នឹងត្រូចាប់ផ្តើមការងារនៅដើមឆ្នាំ២០១៣ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០១៥ ចំពេលនឹងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន។
RCEP អាចផ្លាស់ប្តូរតំបន់នេះ ឲ្យទៅជាទីផ្សាររួមមួយ ដែលមានប្រជាជន៣ពាន់លាននាក់ និងមានGDP ប្រហែល ១៩,៧៨ពាន់ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខឆ្នាំ២០១១។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា លោកនឹងបង្កើតក្រុមការងារ និងទាក់ទងរដ្ឋជាសមាជិកទាំងអស់ឲ្យរៀបចំការងារនេះ។
លោកបានលើកឡើងថា៖ «យើងជឿជាក់ថា RCEP នឹងសម្រេចបានដោយសារយើងចាប់ផ្តើមជំរុញវា ដោយផ្អែកលើអ្វីដែលយើងបានព្រមព្រៀងជាគោលកាណ៍ ដែលបានបង្ហាញរបៀបចរចា និងពិភាក្សាជាមួយគ្នា»៕ CS
ភ្នំពេញ ប៉ុស្តិ៍







