ភ្នំពេញៈ Thaicom ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត អឹមហ្វូនដែលកំពុងមានបញ្ហានៅក្នុងប្រទេសកម្ពុជានឹងលក់ក្រុមហ៊ុនអឹមហ្វូន ចោល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះទៅឲ្យក្រុមហ៊ុនINT Management Service Company Limited (INT) ក្នុងតម្លៃ តែ១០០ដុល្លារអាមេរិក។ នេះបើយោងតាមឯកសារដែលបានដាក់ទៅផ្សារហ៊ុនថៃ (SET)។
ក្រុមហ៊ុន Shenington Investment ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Thaicom និងជាម្ចាស់ភាគហ៊ុន១០០ភាគរយនៅក្នុងក្រុមហ៊ុន អឹមហ្វូន បានទទួលការអនុញ្ញាតពី Thaicom ដើម្បីដកភាគហ៊ុន ២៤លានហ៊ុន របស់ខ្លួន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា កាលពីថ្ងៃទី១២ ខែវិច្ឆិកា។
លោក Atip Rittaporn អគ្គនាយកShenington Investment និងជាប្រធាននាយកប្រតិបត្តិស្តីទីរបស់ អឹមហ្វូនបានឲ្យដឹងថា លោកមិនអាចផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងប្រតិបត្តិការទិញលក់នៅតំណាក់កាលនេះបានឡើយ ដោយសារព័ត៌មានចុងក្រោយមិនទាន់ត្រូវបានគេសម្រេចនៅឡើយ។
លោកក៏បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកភ្ញាក់ផ្អើលដែលបានដឹងថា ក្រុមហ៊ុនរបស់លោក នឹងលក់តែក្នុងតម្លៃ១០០ដុល្លារអាមេរិកប៉ុណ្ណោះនោះ។ លោក Rittaporn ព្យាករថា ការលក់នេះនឹងត្រូវសម្រេចនៅប៉ុន្មានសប្តាហ៍ទៀត។ ឯកសាររបស់ក្រុមហ៊ុន Thaicom នៅផ្សារភាគហ៊ុនថៃ (SET) បញ្ជាក់ថា ប្រតិបត្តិការលក់នេះ នឹងចូលជាធរមានមិនហួសពីខែមករា ឆ្នាំ២០១៣ឡើយ។
លោក Ken Streutker ជំនួយការអគ្គនាយករងផ្នែកទំនាក់ទំនងវិនិយោគិនប្រចាំThaicomបដិសេធមិនផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងឯកសារដែលបានបញ្ជូនទៅផ្សារភាគហ៊ុនថៃឡើយ។
មិនអាចទាក់ទងក្រុមហ៊ុន INT បានទេកាលពីថ្ងៃម្សិលមិញ។
ឯកសារដដែលបានបង្ហាញថា ហេតុផលដែលនាំដល់ការលក់ភាគហ៊ុននេះ គឺដោយសារតែអឹមហ្វូនបានខាតបង់ជាច្រើន កាលពី៣ឆ្នាំមុន ដោយសារការប្រកួតប្រជែងយ៉ាងខ្លាំងក្លានៅក្នុងទីផ្សារទូរស័ព្ទចល័តនៅកម្ពុជា។
របាយការណ៍របស់អ្នកវិភាគមួយរូបមកពីក្រុមហ៊ុនDBS Vickers Security នៅសិង្ហបុរី ស្តីពីលទ្ធផលរបស់ភាគហ៊ុន ក្រុមហ៊ុនThaicomព្យាករថា INT នឹងចំណាយប្រាក់តិចតួចក្នុងការទិញភាគហ៊ុនទាំង១០០ភាគរយ នៅក្នុងក្រុមហ៊ុនអឹមហ្វូន។
លោកបានលើកឡើងថា៖
«តាមសេចក្តីប្រកាសជាផ្លូវការ ប្រតិបត្តិការទិញលក់នេះ មានតម្លៃ៩៨,៤លានដុល្លារអាមេរិក ដែលអាចស្មើនឹងតម្លៃសហគ្រាស (EV)របស់ អឹមហ្វូន»។ របាយការណ៍នោះបង្ហាញថា អ្នកទិញនឹងចាប់ផ្តើមសងបំណុលរបស់ក្រុមហ៊ុន ហើយយើងជឿជាក់ថា EV ភាគច្រើន ជាបំណុល។ ការណ៍នេះមានន័យថា INT អាចនឹងបង់ប្រាក់តិចតួចដល់ Shenington សម្រាប់ភាគហ៊ុនក្រុមហ៊ុននេះ។
ឯកសាររបស់Thaicom ដែលដាក់ទៅផ្សារហ៊ុនថៃ បានបញ្ជាក់ថា ក្រុមហ៊ុនអឹមហ្វូនមានទុនអវិជ្ជមាន(negative equity) ចំនួន ៣៨,១៥លានដុល្លារ។
របាយការណ៍DBS បានសន្និដ្ឋានថា ការដកភាគហ៊ុននៅក្នុងក្រុមហ៊ុនអឹមហ្វូនគួរតែជួយស្តារស្ថានភាពរបស់ Thaicom បាន ៥០០លានបាត (១៦,២លានដុល្លារ) ក្នុងមួយឆ្នាំ៕CS
ភ្នំពេញ ប៉ុស្តិ៍







