ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)គ្រោងនឹងផ្តល់ហិរញ្ញប្បទានជិត៧០០លានដុល្លារដល់កម្ពុជា។ នេះបើតាមមន្ត្រីរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងខួប២០ឆ្នាំរបស់ADBនៅភ្នំពេញកាលពីថ្ងៃម្សិលមិញលោកគាតឈន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យដឹងថាកម្ចីហិរញ្ញប្បទានសហប្រតិបត្តិការនោះនឹងត្រូវប្រើប្រាស់សម្រាប់វិនិយោគលើវិស័យអាទិភាពដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានធារាសាស្រ្តកសិកម្មធនធានធម្មជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈហិរញ្ញវត្ថុផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យឧស្សាហកម្មពាណិជ្ជកម្មនិងការគ្រប់គ្រង់សាធារណៈ។
លោកបន្តថា៖«នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឆ្នាំ២០១៣-២០១៥ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងនឹងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុប៦៧៣លានដុល្លារសហរដ្ឋអាមេរិក»។
លោកបានបន្ថែមថាក្នុងចំនួនទឹកប្រាក់ខាងលើនេះឥណទានសម្បទានមានទឹកប្រាក់៦៥៤លានដុល្លារនិង ហិរញ្ញប្បទានសហប្រតិបត្តិការបច្ចេកទេស១៩លានដុល្លារ។លោកថ្លែងថា៖«នេះបង្ហាញអំពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំពោះកម្ពុជា។ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍកម្ពុជាក្នុងគោលបំណងជំរុញចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន»។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានថ្លែងនៅក្នុងខួប២០ឆ្នាំរបស់ADB កាលពីថ្ងៃម្សិលមិញថាសមិទ្ធផលដែលកម្ពុជាសម្រេចបានមិនអាចកាត់ផ្តាច់ចេញពីការជួយជ្រោមជ្រែងយ៉ាងសកម្មពីធនាគារអភិវឌ្ឍន៍អាស៊ីនិងពីបណ្តាដៃគូអភិវឌ្ឍន៍ផ្សេងទៀតនោះទេ។ លោកបានបន្តថា៖«ឆ្លងតាមបទពិសោធនៃកិច្ចសហប្រតិបត្តិការកន្លងមកយើងនៅតែចាត់ទុកធនាគារអភិវឌ្ឍន៍អាស៊ីគឺជាដៃគូដែលមានបទពិសោធរយៈពេលយូរនិងទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា»។
លោកHaruhikoKurodaប្រធានធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថាបច្ចុប្បន្នប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានគ្របដណ្តប់លើវិស័យជាច្រើនដែលរួមមានវិស័យដឹកជញ្ជូនថាមពលអភិវឌ្ឍន៍ជនបទអភិវឌ្ឍន៍ទីក្រុងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈហិរញ្ញវត្ថុនិងអភិវឌ្ឍន៍វិស័យឯកជនហើយធនាគារនេះក៏បានជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់តាមរយៈកម្មវិធីមហាអនុតំបន់ទន្លេមេគង្គ។
លោកបានថ្លែងថា៖ «ធនាគារអភិវឌ្ឍន៍អាស៊ីមានមោទនភាពណាស់ដែលបានក្លាយជាដៃគូជាមួយប្រទេសកម្ពុជាក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ទៅអនាគតប្រទេសកម្ពុជានឹងត្រូវការការដាក់ទុនវិនិយោគជាច្រើនដើម្បីពង្រឹងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គមថែមទៀត»។
ធនាគារអភិវឌ្ឍន៍អាស៊ីបានជួយពង្រឹងធនាគារ និងមីក្រូហិរញ្ញវត្ថុ ជាមួយនឹងការជួយលើកកម្ពស់បទប្បញ្ញត្តិនានា និងជួយផ្តល់លទ្ធភាពឲ្យប្រជាពលរដ្ឋខ្មែរជាង ៣៦ ០០០នាក់បើកគណនីមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់។
ចាប់តាំងពីឆ្នាំ១៩៩២មកADBបានផ្តល់ហិរញ្ញប្បទានជិត២ពាន់លានដុល្លារដល់កម្ពុជា។នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា ជាមួយនឹងជំនួយនេះរដ្ឋាភិបាលកម្ពុជាបានស្តារឡើងវិញឬកសាងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវជនបទប្រវែង៤ពាន់គីឡូម៉ែត្រ សាលាបឋមសិក្សាចំនួន៣៥០ នៅតំបន់ដាច់ស្រយាលសាលាមធ្យមសិក្សា៣៥៥នៅទូទាំងប្រទេសនិងអគារក្រុមប្រឹក្សាឃុំចំនួន៧០០៕
ភ្នំពេញ ប៉ុស្តិ៍







