Headlines:

ចិន-ថៃ​សម្លឹង​កិច្ច​ព្រម​ព្រៀង​រថភ្លើង​ល្បឿន​លឿន​



121123_14
លោក វេន និង​លោក​ស្រី​ យីងឡាក់ ក្នុង​ជំនួប​នាក្រុង​បាងកក។ Reuters

ក្រុង​បាងកកៈ ប្រទេស​ចិន បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ពិសេស​ចំពោះ​គម្រោង​សាង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅ​ប្រទេស​ថៃ​និង​បាន​បញ្ជាក់​ពី​គោល​បំណង​ប្រកួត​ប្រជែង​ដណ្តើម​យក​គម្រោង​វិនិយោគ​នេះ។

លោក Damrong Kraikruan ប្រធាន​នាយកដ្ឋាន​អាស៊ី​បូព៌ា​របស់​ក្រសួង​ការ​បរទេស​ថៃ​បាន​ឲ្យ​ដឹង​ថា លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​ថៃ យីងឡាក់ ស៊ីណា​វ៉ាត្រា បាន​ទទួល​សារ​នេះ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ចិន វេន ជាប៉ាវ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​វិមាន​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ពុធ។

ប្រទេស​ចិន បាន​បញ្ជូន​សំណើ​មួយ​មក​រដ្ឋាភិបាល​ថៃ​ដើម្បី​ពិចារណា​រួច​ហើយ។

លោក​វេន បាន​បញ្ជាក់​ជា​ថ្មី​ពី​ផែនការ​របស់​ចិន​ក្នុង​ការ​ចូល​រួម​ជាមួយ​ក្រុម​ហ៊ុន​អន្តរជាតិ​ដទៃ​ទៀត​ក្នុង​ការ​ដេញ​ថ្លៃ​យក​គម្រោង​វិនិយោគ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ និង​បាន​បង្ហាញ​ពី​ក្តី​សង្ឃឹម​ថា​ការ​ប្រកួត​ប្រជែង​នេះ​នឹង​មាន​តម្លា​ភាព​និង​យុត្តិធម៌​។

ប្រទេស​ថៃ មាន​ផែន​ការ​សាង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចំនួន​ពីរ​ខ្សែ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ឈៀងម៉ៃ និង​ខេត្ត​ណងខាយ បើ​ទោះ​ជា​ប្រទេស​នេះ នៅ​មិន​ទាន់​បាន​កំណត់​លក្ខខណ្ឌ​ក្នុង​ការ​ដេញ​ថ្លៃ​សម្រាប់​គម្រោង​វិនិយោគ​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​នេះ​ក៏​ដោយ​។

ប្រទេស​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​ប្រជែង​យក​គម្រោង​វិនិយោគ​នេះ​ផង​ដែរ។

លោក Damrong បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «​ប្រទេស​ចិន មាន​ចំណាប់​អារម្មណ៍​ចំពោះ​គម្រោង​វិនិយោគ​នេះ​ជាង​បណ្តា​ប្រទេស​ផ្សេង​ទៀត ដោយ​សារ​ផ្លូវ​ដែក​នេះ នឹង​តភ្ជាប់​ប្រទេស​យើង​ទៅ​កាន់​ប្រទេស​ចិន​»។

ផ្លូវ​ដែក​ពី​ទីក្រុង​បាងកក​ទៅ​កាន់​ខេត្ត​ណង​ខាយ​នេះ ក៏​នឹង​ត្រូវ​តភ្ជាប់​ទៅ​កាន់​ប្រទេស​ឡាវ​ផង​ដែរ ដែល​បាន​ប្រកាស​ថា​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ខែ​មករា​ខាង​មុខ​នេះ ក្នុង​គម្រោង​ផ្លូវ​ដែក​ដែល​មាន​តម្លៃ​៧​ពាន់​លាន​ដុល្លារ​ពី​វៀង​ចន្ទន៍​ទៅ​កាន់​ព្រំ​ដែន​ប្រទេស​ចិន​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​រដ្ឋ​។

ប្រទេស​ឡាវ គ្រោង​នឹង​ផ្តល់​ហិរញ្ញ​ប្បទាន​ដល់​គម្រោង​ផ្លូវ​ដែក​នេះ ដោយ​ប្រើប្រាស់​ឥណទាន​របស់​ចិន​។ គម្រោង​ផ្លូវ​ដែក​ដែល​មាន​ចម្ងាយ​៤២០​គីឡូម៉ែត្រ​នេះ នឹង​ប្រើ​ប្រាស់​ផ្លូវ​រថភ្លើង​ស្តង់​ដារ​ប្រវែង១,៤៣៥​ម៉ែត្រ និង​ត្រូវ​សាង​សង់​ផ្លូវ​ក្រោម​ភ្នំ​ចំនួន​៧៦​កន្លែង និង​ស្ពាន​ចំនួន​១៥៤​កន្លែង​៕ BP​