ភ្នំពេញៈ អង្គការស្បៀង និងកសិកម្មរបស់អង្គការសហប្រជាជាតិ (UNFAO) ព្យាករថា ទិន្នផលស្រូវនៅកម្ពុជាឆ្នាំនេះនឹងធ្លាក់ចុះបើយោងតាមរបាយការណ៍ពិនិត្យតាមដានទីផ្សារស្រូវ RMMដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ។
ទិន្នផលស្រូវនៅអាស៊ី ត្រូវបានគេព្យាករថា មានបរិមាណ ៦៦១លានតោន ឬ ជាអង្ករ៤៤១លានតោនដោយមានកំណើន០,៨ភាគរយ បើធៀបនឹងឆ្នាំ២០១១។
លោក Winfried Scheewe អ្នកផ្តល់ប្រឹក្សាឲ្យសមាគមកសិកម្មសរីរាង្គកម្ពុជា (CorAA) បានឲ្យដឹងថា តំបន់ជាច្រើននៅកម្ពុជា និងនៅថៃបានទទួលរងទឹកភ្លៀងយឺត។ លោកបានលើកឡើងថា៖ «ជាលទ្ធផល កសិករ ជួបការលំបាកក្នុងការសាបព្រោះ ឬស្ទូង។ កសិករជាច្រើន បានទទួលរងការខូចខាតសំណាប ដោយសារគ្រោះរាំងស្ងួត។ ជាលទ្ធផល តំបន់បង្កបង្កើនស្រូវបានថយចុះជាងឆ្នាំមុន»។
លោក យ៉ង សាំងកុមារ ប្រធានអង្គការកសិកម្មសេដាក បានឲ្យដឹងថា ផលិតកម្មស្រូវនៅកម្ពុជាក្នុងឆ្នាំនេះទំនងមិនខុសប្លែកពីឆ្នាំមុនទេ។ លោកថ្លែងថា៖ «យើងត្រូវរង់ចាំមើលនិន្នាការផលិតកម្មនៅរដូវប្រាំងក្នុងតំបន់ទឹកជំនន់ស្រកទៅវិញ ដែលចាប់ផ្តើមពីខែវិច្ឆិកាទៅ។ ឆ្នាំមុនទឹកជំនន់បង្កបញ្ហាជាច្រើន ហើយឆ្នាំនេះ គ្រោះរាំងស្ងួត ក៏បង្កបញ្ហាផងដែរ»។
កម្ពុជាមានគោលដៅនាំចេញអង្ករឲ្យបាន១លានតោន នៅត្រឹមឆ្នាំ២០១៥។
លោក យ៉ង សាំងកុមារលើកឡើងថា៖ «វាមិនមែនជាបញ្ហាផលិតកម្មឡើយ។ បញ្ហាគឺសមត្ថភាពរបស់យើងក្នុងការទទួលបានដើមទុនគ្រប់គ្រាន់ ដើម្បីទិញស្រូវ និងនាំចេញអង្ករក្នុងតម្លៃសមស្រប»។ លោកបន្តថា៖ «កត្តាសំខាន់គឺយើងចាំបាច់ត្រូវនាំចេញអង្ករ មិនមែនស្រូវឡើយ ដោយសារអង្ករនឹងមានតម្លៃបន្ថែម ហើយផ្តល់វត្ថុធាតុដើមសម្រាប់កសិករផងដែរ ដូចជា អង្ករបាក់ កន្ទក់ និងចុងអង្ករ ព្រមទាំងផ្តល់ការងារកាន់តែច្រើនដល់ប្រជាជនក្នុងស្រុក»។
លោក ឈឹម ផល្លាបុត្រ អ្នកសម្របសម្រួលកម្មវិធី COrAA បានឲ្យដឹងថា ទោះបីជាផលិតកម្មថយចុះ ប៉ុន្តៃតម្លៃបច្ចុប្បន្នថោកជាងកាលពីឆ្នាំមុន។ លោកលើកឡើងថា៖ «កាលពីពេលថ្មីៗនេះ ពាណិជ្ជករ នៅខេត្តតាកែវ ឲ្យតម្លៃស្រូវក្រអូប មួយគីឡូ ថ្លៃ ១ ២៥០រៀល ខណៈដែលកាលពីឆ្នាំមុន កសិករលក់បាន១ ៥០០រៀល ក្នុងមួយគីឡូក្រាម»។
របាយការណ៍ពិនិត្យតាមដានទីផ្សារស្រូវប្រចាំខែវិច្ឆិការបស់ FAO បានបង្កើនការព្យាករផលិតកម្មស្រូវនៅលើពិភពលោក ប្រចាំខែកក្កដាឆ្នាំ២០១២ រហូតដល់ ៧២៩លានតោនដោយកើនឡើង៤,២លានតោន ឬស្មើនឹងអង្ករ ៤៨៦លានតោន។
ផលិតកម្មស្រូវនៅលើពិភពលោកក្នុងឆ្នាំ២០១២នេះ ត្រូវបានព្យាករថាបានកើនឡើងហួសតម្រូវការ ២០១២-២០១៣។
របាយការណ៍ដដែលបានឲ្យដឹងថា ស្តុកស្រូវនៅលើពិភពលោកនៅពេលនេះ ត្រូវបានគេរំពឹងថានឹងកើនឡើង៧ភាគរយ ឬ ១០លានតោន បើធៀបនឹងឆ្នាំមុន ដោយកើនឡើងជិតដល់១៧០លានតោន បន្ទាប់ពីមានកំណើន៨ឆ្នាំជាប់ៗគ្នាមក។
លោក ជុង សុផល អ្នកសម្របសម្រួលកម្មវិធីប្រចាំអង្គការកសិករនិងបណ្តាញធម្មជាតិកម្ពុជា បានឲ្យដឹងថា មានទិន្នផលស្រូវលើសប្រហែល ២ ទៅ ៣លានតោន ក្នុងមួយឆ្នាំ ប៉ុន្តែតួលេខនេះ អាចមានការប្រែប្រួលពីមួយឆ្នាំ ទៅមួយឆ្នាំ អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។
FAOព្យាករថា ពាណិជ្ជកម្មអង្ករលើពិភពលោក ក្នុង២០១៣ នឹងកើនដល់៣៧,៥លានតោន បើធៀបនឹង២០១២ដែលមាន៣៧,៣លានតោន៕CS
ភ្នំពេញ ប៉ុស្តិ៍







