អាស៊ីៈ ចិន ជប៉ុន និងកូរ៉េខាងត្បូងបានចាប់ផ្តើមកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចាំបាច់ចំពោះកិច្ចព្រមព្រៀងនៅទូទាំងតំបន់អាស៊ី ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធទោះបីប្រទេសទាំងនេះកំពុងមានជម្លោះជុំវិញដីកោះក៏ដោយ។
ប្រទេសទាំងបីខាងលើដែលមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ី បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ខ្លួននឹងរៀបចំកិច្ចប្រជុំវគ្គទីមួយនៅដើមឆ្នាំក្រោយនេះ។
ការចរចានេះជាកត្តាសំខាន់លើភាពជាដៃគូសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ជាកិច្ចព្រមព្រៀងរវាង៦ប្រទេស និងប្រទេសអាស៊ានទាំង១០ដែលត្រូវបានប្រកាសកាលពីថ្ងៃពុធនៅភ្នំពេញ។ គេបានចាត់ទុកកិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតនៅក្នុងពិភពលោក។
លោក John Ravenhill សាស្ត្រាចារ្យសាកលវិទ្យាល័យជាតិអូស្រ្តាលីមានមូលដ្ឋាននៅទីក្រុងកង់បេរ៉ា បានថ្លែងថា៖ «ការបាត់បង់ផ្នែកណាមួយនៃល្បែងផ្គុំរូប ដែលអាស៊ីកំពុងព្រួយបារម្ភគឺកិច្ចព្រមព្រៀងរវាងបណ្តាប្រទេសនៅភាគឦសាននៃតំបន់អាស៊ី។ ការចរចាដែលគួរតែចាប់ផ្តើមធ្វើឡើងរវាងប្រទេសទាំងបីត្រូវបានពន្យារពេល ដោយសារជម្លោះនៅសមុទ្រចិនខាងត្បូង និងជម្លោះដីកោះផ្សេងៗ»។
ទស្សនវិស័យប្រកួតប្រជែងសម្រាប់កិច្ចព្រមព្រៀងប្លុកអាស៊ីប៉ាស៊ីហ្វិក ឆ្លុះបញ្ចាំងពីការព្យាយាមដណ្តើមអំណាចពីសំណាក់ប្រទេសមហាអំណាចសេដ្ឋកិច្ចនៅតំបន់មួយ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។
លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បច្ចុប្បន្ននេះកំពុងតែព្យាយាមពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅតំបន់អាស៊ី និងបង្កើនឥទ្ធិពលផ្នែកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក្នុងចំណោមប្រទេសមួយចំនួន ដែលកំពុងពឹងផ្អែកកាន់តែខ្លាំងលើប្រទេសចិន៕BP
ភ្នំពេញ ប៉ុស្តិ៍







