ភ្នំពេញៈ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅកម្ពុជាបានធ្លាក់ចុះ០,១ភាគរយ នៅខែតុលា ហើយនេះជាការធ្លាក់ចុះលើកដំបូង នៅឆ្នាំ២០១២។
ការធ្លាក់ចុះនេះគឺបណ្តាលមកពីប្រេងសាំង និងអាហារ ធ្លាក់ចុះ ហើយអត្រាប្តូរប្រាក់ដុល្លារ មានស្ថិរភាព។ នេះបើយោងតាមទិន្នន័យជាផ្លូវការដែលទទួលបានពីវិទ្យាស្ថានជាតិស្ថិតិ(NIS)។
មន្ត្រីពាក់ព័ន្ធបានឲ្យដឹងថា អត្រានេះ ឆ្លុះបញ្ចាំងឲ្យឃើញពីតម្លៃទំនិញនៅក្នុងតំបន់ធ្លាក់ចុះ និងស្ថិរភាពរូបិយវត្ថុក្នុងតំបន់ ធៀបនឹងដុល្លារអាមេរិក។
លោក ឃិន សុង អគ្គនាយករង NISបានលើកឡើងថា៖ «យើងបានកត់សម្គាល់ឃើញថា អត្រាអតិផរណារបស់យើង ស្ថិតក្នុងស្ថានភាពល្អក្នុងប៉ុន្មានខែចុងក្រោយនេះ។ តម្លៃសាច់ និងបន្លែបានធ្លាក់ចុះ ធ្វើឲ្យថ្លៃម្ហូបអាហារ ស្ថិតក្នុងអត្រាថេរ។ ម្យ៉ាងវិញទៀតអត្រាប្តូរប្រាក់ក៏មានស្ថិរភាព ហើយមិនអាចធ្វើឲ្យCPI របស់យើង កើនឡើងបានឡើយ។ ការណ៍នេះឆ្លុះបញ្ចាំងឲ្យឃើញថា យើងមានម៉ាក្រូសេដ្ឋកិច្ចល្អ»។
លោក ឃិន សុង បានឲ្យដឹងថាទឹកជំនន់នៅឆ្នាំនេះ មិនធ្ងន់ធ្ងរ ជាកត្តារួមចំណែកធ្វើឲ្យCPI នៅកម្ពុជា ថយចុះផងដែរ។
លោកបានថ្លែងថា៖ «នៅក្នុងឆ្នាំ២០១២នេះ យើងមិនបានទទួលរងផលប៉ះពាល់ពីទឹកជំនន់ឡើយ វាជាហេតុធ្វើឲ្យតម្លៃទំនិញបានថយចុះ»។
ទិន្នន័យរបស់ NIS បានបង្ហាញថា នៅចន្លោះខែកញ្ញា និងខែតុលា ម្ហូបអាហារ មានតម្លៃថេរ ដោយក្នុងនោះ សាច់ធ្លាក់ថ្លៃ០,៦ភាគរយ ដោយតម្លៃសាច់ជ្រូកចុះថ្លៃ ១,៨ភាគរយ បន្លែ១,៣ភាគរយ និងប្រេងសាំងចុះ១,៨ភាគរយ។
ទិន្នន័យដដែលបង្ហាញថា ទំនិញមួយចំនួនឡើងថ្លៃដូចជា ម្ហូបអាហារ ភេសជ្ជៈមិនមែនអាល់កុល សម្លៀកបំពាក់ និងស្បែកជើង កន្លែងស្នាក់នៅ ទឹក អគ្គិសនី ឧស្ម័ន និងប្រេងឥន្ធនៈផ្សេងៗទៀតនៅក្នុងរយៈពេល១២ខែ ចុងក្រោយនេះ ដែលធ្វើឲ្យអតិផរណានៅកម្ពុជា កើនឡើង១,២ភាគរយ។
មន្ត្រីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)បានព្យាករថា អតិផរណានៅកម្ពុជា មានអត្រាពី ២ ទៅ ៤ភាគរយនៅឆ្នាំ២០១២នេះ។
IMF បានឲ្យដឹងថា ទោះបីជាមានកំណើនថ្លៃម្ហូបអាហារនៅលើទីផ្សារពិភពលោកក៏ដោយ ប៉ុន្តែកម្ពុជានឹងនៅតែមានអតិផរណាទាបដដែល។
យោងតាមវិទ្យាស្ថានជាតិស្ថិតិបានព្យាករថា ប្រទេសកម្ពុជា នឹងមានអតិផរណាជាមធ្យមពី២ ទៅ៣ភាគរយគិតត្រឹមចុងឆ្នាំនេះ។
លោក Naoyuki Shinohara អគ្គនាយករង IMF បានលើកឡើងថា អតិផរណានៅកម្ពុជា ស្ថិតក្នុងអត្រាមធ្យម ហើយថ្លៃម្ហូបអាហារស្ថិតនៅថេរ ដោយសារផលិតកម្មអង្ករមានភាពប្រសើរ។
លោកថ្លែងថា៖ «ប្រសិនបើលោកក្រឡេកមើលទៅអត្រាអតិផរណា វាមានភាពមធ្យម។ ម្យ៉ាងវិញទៀតកម្ពុជា មិនទទួលរងផលប៉ះពាល់ពីកំណើនថ្លៃម្ហូបអាហារឡើយ ដោយសារតែផលិតកម្មអង្ករ។ ផលប៉ះពាល់នៃកំណើនថ្លៃម្ហូបអាហារ នៅមានកម្រិត ហើយនៅឆ្នាំនេះផលដំណាំ ហាក់ដូចជាផ្តល់ផលល្អ។ ដូច្នេះយើងមិនចាំបាច់ព្រួយបារម្ភឡើយ»។
IMF ក៏បានព្យាករផងដែរថាសេដ្ឋកិច្ចកម្ពុជា មានកំណើន ៦,៥ភាគរយ ស្រដៀងនឹងការព្យាកររបស់រដ្ឋាភិបាលដែរ។
លោក Shinohara បានលើកឡើងថា៖ «សេដ្ឋកិច្ចកម្ពុជាទទួលបានលទ្ធផលល្អ ទោះបីជាមានការធ្លាក់ចុះនៃសេដ្ឋកិច្ច និងវិបត្តិនៅក្នុងទីផ្សារមួយចំនួនក៏ដោយ។ កំណើននៅកម្ពុជាមានស្ថិរភាព ហើយខ្ពស់។ យើងរំពឹងថា កម្ពុជានឹងមានកំណើនដ៏ល្អនេះ ដោយសារការនាំចេញ វិស័យទេសចរណ៍ និងសំណង់»។
កម្ពុជានាំចូលទំនិញភាគច្រើនដែលងាយទទួលផលប៉ះពាល់ដល់តម្លៃទំនិញក្នុងស្រុក៕CS
ភ្នំពេញ ប៉ុស្តិ៍







