ភ្នំពេញៈកម្ពុជាកំពុងស្វះស្វែងរកកម្ចីពីចិនប្រមាណ៥០លានដុល្លារជាបន្ទាន់សម្រាប់ប្រមូលទិញស្រូវរដូវប្រមូលផលថ្មីនេះ។
មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទឲ្យដឹងថា គេបានដាក់សំណើខ្ចីប្រាក់ពីធនាគារនីហរ័ណអាហរ័ណចិនចន្លោះពី២០លានទៅ៥០លានដុល្លារសម្រាប់ផ្តល់កម្ចីបន្តដល់វិស័យឯកជនដើម្បីទិញស្រូវនៅរដូវប្រមូលផលឆ្នាំនេះ។
លោកសុនគន្ធរប្រធានធនាគារអភិវឌ្ឍន៍ជនបទបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញថាការចរចាលើកម្ចីចំនួន២០០លានដុល្លារអាមេរិកកាលពីលើកមុនត្រូវជាប់គាំងដោយសារភាគីធនាគារចិនចង់ឲ្យយកកម្ចីនោះមកវិនិយោគលើរោងម៉ាស៊ីនកិនស្រូវដោយតម្រូវឲ្យក្រុមហ៊ុនចិនយកមកវិនិយោគចំណែកភាគីខាងកម្ពុជាចង់បានកម្ចីនោះជាសាច់ប្រាក់ដើម្បីផ្តល់ដល់ក្រុមហ៊ុនឯកជនយកទៅទិញស្រូវ។
លោកបានបន្តទៀតថា៖«យើងអត់សង្ឃឹមទេចំពោះ២០០លានដុល្លារអាមេរិកនោះព្រោះវាមានលក្ខខណ្ឌផ្សេងគ្នា។យើងសង្ឃឹមថាប្រហែលជាទទួលបានឥណទានសាកល្បងទិញស្រូវសិន។យើងបានស្នើសុំខ្ចីសាកល្បងពី២០លានទៅ៥០លានដុល្លារ។ នេះជាការខ្ចីលក្ខណៈឯកជនពីព្រោះរាល់ថ្ងៃនេះទុនទិញស្រូវមានតិច»។
លោកតូចតែពេជ្រប្រធានសមាគមម៉ាស៊ីនស្រូវខេត្តស្វាយរៀងនិយាយថាលោកធ្លាប់ទទួលបានកម្ចីមួយចំនួនពីធនាគារអភិវឌ្ឍន៍ជនបទយកមកធ្វើអភិវឌ្ឍសមត្ថភាពកែច្នៃអង្ករសម្រាប់នាំចេញប៉ុន្តែវានៅមានទំហំតូចមិនសមស្របទៅនឹងតម្រូវការជាក់ស្តែងឡើយ។
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់ប្រកាសថារដ្ឋនឹងចេញថ្លៃខាតចំនួន៥០ភាគរយនៃប្រាក់កម្ចីដែលធនាគារផ្តល់ដល់វិស័យឯកជនយកទៅកែច្នៃអង្ករ ។
លោកតែពេជ្របញ្ជាក់ថាភាគីធនាគារក្នុងស្រុកនៅមិនទាន់អនុវត្តបានទេ។លោកបន្តថា៖«ការរកស៊ីមានពេលវេលារបស់វា។អ្វីដែលខ្ញុំខ្វះគឺទុនសម្រាប់ទិញស្រូវភ្លាមៗនេះ។ពេលស្រូវកំពុងធ្លាក់ថ្លៃវាជាឱកាសល្អ ដែលយើងអាចប្រមូលទិញបាន»។
តួលេខនាំចេញអង្កររបស់កម្ពុជាគិតត្រឹមដំណាច់ខែតុលាបានកើនឡើងតែ០,៥១ភាគរយប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ទិន្នន័យនាំចេញ១០ខែឆ្នាំ២០១២មាន១៤៨២០០តោនបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១ដែលមាន១៤៧៤៣៥តោន។
ប្រទេសកម្ពុជារំពឹងទុកថានៅ២០១២នេះការនាំចេញអង្កររបស់កម្ពុជានឹងមានចំនួន២៥ម៉ឺនតោនដែលស្មើនឹង២៥ភាគរយនៃផែនការសរុប១លានតោនត្រឹម២០១៥។នេះបើតាមឯកសារគោលនយោបាយ។
លោក តែពេជ្របានឲ្យដឹងថាការប្រមូលទិញស្រូវបានច្រើនចំពេលស្រូវកំពុងតែធ្លាក់ថ្លៃគឺមិនត្រឹមតែធ្វើឲ្យការនាំចេញទទួលបានចំណេញច្រើនទេតែវាក៏បង្កើតការងារក្នុងស្រុកនិងទប់ស្កាត់ការហូរចេញស្រូវទៅប្រទេសជិតខាងបានច្រើន។
លោកបានបន្តថា៖ «បើពេលនេះយើងមានលុយភ្លាមយើងទិញភ្លាមវាគឺជាឱកាសល្អរបស់កម្ពុជាយើង។ពេលនេះយើងមានលទ្ធភាពកែច្នៃនាំចេញយើងមានទីផ្សារពិភពលោកទទួលស្គាល់ហើយតែយើងបែរជាអត់ទុនទិញស្រូវចូលសួរថាតើយើងឈឺចាប់ប៉ុនណា?»៕
ភ្នំពេញ ប៉ុស្តិ៍







