ភ្នំពេញៈ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធការទប់ស្កាត់ការនាំចូលជីគីមីកសិកម្មពីបរទេស បើទោះបីជាមានក្រុមហ៊ុនវិនិយោគក្នុងស្រុកក្តី ព្រមទាំងបានអំពាវនាវឲ្យក្រុមហ៊ុនផលិតជីកសិកម្មវៀតណាមដែលវិនិយោគនៅកម្ពុជាផលិតឲ្យមានគុណភាពល្អនិងលក់ក្នុងតម្លៃថោកដើម្បីទាក់ទាញការគាំទ្រពីកសិករកម្ពុជា។
លោក ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសដែលលោកចូលរួមជាអធិបតីក្នុងពិធីសម្ពោធរោងចក្រជីគីមីវិនិយោគដោយពាណិជ្ជករវៀតណាមនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីដំណើរការសាងសង់រយៈពេលបីឆ្នាំ។
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «បញ្ហាតម្លៃជាបញ្ហាមួយសំខាន់ដែលខ្ញុំសូមអំពាវនាវចំពោះក្រុមហ៊ុន គឺប្រសិនបើចង់ឲ្យលក់ដាច់ហើយកុំឲ្យមានការនាំចូលជីពីក្រៅប្រទេសជម្រើសដែលល្អ គឺគុណភាពឲ្យប្រាកដប្រជាបូកនឹងតម្លៃថោក»។
លោក ហ៊ុន សែន បានបញ្ជាក់ដល់ពាណិជ្ជករវៀតណាមដែលមកវិនិយោគលើរោងចក្រផលិតជីគីមីថា លោកនឹងមិនអនុវត្តនយោបាយគំាពារនិយមដែលទប់ស្កាត់ការនាំចូលដោយទុកឱកាសឲ្យឈ្មួញនៅក្នុងស្រុកដំឡើងថ្លៃទំនិញរបស់ខ្លួនស្រេចតែនឹងចិត្តនោះទេដែលជាការខុសឆ្គងនឹងក្រឹត្យក្រមទីផ្សារសេរី។
លោក ថ្លែងបន្តថា៖ «បើចង់លក់ដាច់ គឺគុណភាពឲ្យល្អនិង លក់ឲ្យថោក។ ខ្ញុំមិនអនុវត្តនូវនយោបាយគាំពារនិយមទេខ្ញុំប្រឆាំងនឹងនយោបាយគាំពារនិយម»។លោក ហ៊ុន សែនបានជំរុញឲ្យភាគីរោងចក្រផលិតជីគីមីមួយនេះត្រូវប្រាប់ពីរបៀបប្រើប្រាស់ជីគីមីនោះឲ្យបានត្រឹមត្រូវដល់កសិករបើមិនដូច្នោះទេការប្រើប្រាស់នឹងខុសពេលហើយនាំមកនៅការខាតបង់។
អគ្គនាយក ក្រុមហ៊ុនផ្កាយប្រាំអន្តរជាតិកម្ពុជា លោក Tran Van Muoi បាននិយាយថារោងចក្រដែលសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ បានសាងសង់នៅលើផ្ទៃដីចំនួន១២ហិកតា ដោយចំណាយទុនសរុបប្រមាណ ៦៥លានដុល្លារអាមេរិក។ លោក បន្តថារោងចក្រនេះមានបីសង្វាក់ផលិតកម្មដែលពីរសង្វាក់ផលិតកម្មគឺអាចផលិតបានជី ១០០ពាន់តោនសម្រាប់សង្វាក់នីមួយៗ ហើយសង្វាក់ផលិតកម្មមួយទៀតអាចផលិតបាន១៥០ពាន់តោនក្នុងមួយឆ្នាំ។ ជារួមរោងចក្រនេះអាចផលិតបាន៣៥០ពាន់តោនក្នុងមួយឆ្នាំ និងបង្កើតការងារបានប្រមាណ៥០០នាក់។
លោក លឹម ប៊ុនហេង ប្រធានក្រុមហ៊ុនឡូរ៉ង់ គ្រុប ដែលជាក្រមហ៊ុនវិនិយោគលើរោងម៉ាស៊ីនកិនស្រូវនិងបាននាំចូលជីគីមីកសិកម្មពីប្រទេសថៃក្នុងមួយឆ្នាំប្រមាណ១សែនតោននោះ បាននិយាយថាការបង្កើតរោងចក្រជីកសិកម្មនៅក្នុងស្រុកគឺជាការប្រកួតប្រជែងដ៏ធំមួយ។
លោក បន្តថា៖ «ធម្មតាការកើតរោងចក្រនៅក្នុងប្រទេសគឺត្រូវមានការប្រកួតប្រជែងខ្លាំងហើយ។ បើជីផលិតក្នុងស្រុកមានតម្លៃទាប យើងអាចកាត់បន្ថយការនាំចូលតែបើតម្លៃនិងគុណភាពដូចជីគីមីផលិតនៅវៀតណាមកន្លងមក វាមិនថ្វីនោះទេ»។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានថ្លែងថាកម្ពុជាជាប្រទេសដែលមានសក្តានុពលផ្នែកកសិកម្ម ដូចនេះរោងចក្រឧស្សាហកម្មកម្មន្តសាលដែលមានការតម្រង់ទិសនិងផ្សារភា្ជប់ជាមួយវិស័យកសិកម្មគឺពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកថ្លែងថាមកដល់ឆ្នាំ២០១២នេះកម្ពុជាមានរោងចក្រធុនធំចំនួនប្រមាណ៨៩០កន្លែងនិងមានមូលដ្ឋានឧស្សាកម្មតូច និងសិប្បកម្មចំនួនជិត ៤ម៉ឺនមូលដ្ឋានដែលប្រើប្រាស់ពលកម្មសរុបប្រមាណជាង ៧០០ ពាន់នាក់ ផលិតទំនិញប្រើប្រាស់ក្នុងស្រុក និង នាំចេញដែលមានតម្លៃផលិតប្រមាណ ៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
លោក ហ៊ុន សែនមានប្រសាសន៍ដោយផ្អែកលើរបាយការណ៍របស់ក្រសួងកសិកម្មបញ្ជាក់ថាកំណើនការនាំចូលជីគីមីក្នុងវិស័យកសិកម្មបានកើនឡើងជាបន្តបន្ទាប់ ដោយនៅឆ្នាំ២០០៣ការនាំចូលជីគីមីមានត្រឹមតែ ៤៣៦២០ តោន។ការនាំចូលបានហក់ទៅដល់ ១៦ ២១៤០តោននៅឆ្នាំ២០០៨។ ចំណែកឆ្នាំ២០១២នេះ ការនាំចូលបានហក់ទៅដល់ ៥៥៦ ៤០០ តោន ដោយមានកំណើន ៨,៥០ ភាគរយធៀបនឹងឆ្នាំ២០១១ ដែលមានត្រឹមតែ ៥១២៩០០តោនក្នុងមួយឆ្នាំ។
លោក ហ៊ុន សែន បានបញ្ជាក់ថាទិន្នន័យខាងលើ គឺគិតត្រឹមទំហំផ្ទៃដីកសិកម្ម ៤,១លានហិកតា ទំាងផ្ទៃដីស្រូវប្រាំងនិងវស្សា និងផ្ទៃដីដំណាំផ្សេងទៀត។ តែនៅផ្ទៃដីដែលរដ្ឋាភិបាលទើបតែនឹងផ្តល់ប័ណ្ណកម្មសិទិ្ធដល់ប្រជាជនដូចនេះកំណើនតម្រូវការជីគីមីនឹងឡើងខ្ពស់នៅឆ្នាំខាងមុខ៕
ភ្នំពេញ ប៉ុស្តិ៍







