ក្រុង ភ្នំពេញៈ ក្រុមអ្នកជំនាញបានឲ្យដឹងថា ចំនួនគេហទំព័រជាភាសាខ្មែរ កំពុងកើនឡើងនៅកម្ពុជា ដែលជំរុញឲ្យមានការអភិវឌ្ឍផ្នែកចំណេះដឹងនិងជាពិសេសក្នុងចំណោមពលរដ្ឋខ្មែរដែលមិនចេះភាសាអង់គ្លេស ។
លោក Paul Blanche-Horgan នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត EZECOM បានថ្លែងថា៖ «ផ្អែកលើអ្វីដែលយើងឃើញបច្ចុប្បន្នពលរដ្ឋខ្មែរចង់មើលព័ត៌មានរបស់ពួកគេជាភាសាខ្មែរ។ យើង រំពឹងថានឹងមានមនុស្សកាន់តែច្រើនឡើងៗចង់មើលគេហទំព័រជាភាសាខ្មែរខណៈគេហទំព័រទាំងនេះកាន់តែមានច្រើនឡើងៗ»។
យោងតាមលោក Mann Sobonអ្នកគ្រប់គ្រងផ្នែកលក់ប្រចាំក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដែលទើបនឹងបង្កើតនៅពេលថ្មីៗ ដែលមានឈ្មោះថា Mega បានថ្លែងថាគេហទំព័រខ្មែរ កំពុងតែទទួលបានប្រជាប្រិយភាពនៅកម្ពុជា។
លោក បានបញ្ជាក់ថា ដោយមានពលរដ្ឋខ្មែរកាន់តែច្រើនចង់ដឹងអំពីដំណើរការវិវឌ្ឍនៃព័ត៌មានក្នុងពិភពលោកគេហទំព័រជាភាសាខ្មែរ អាចជួយលើកស្ទួយចំណេះដឹងក្នុងចំណោមអ្នកដែលមិនអាចអានព័ត៌មានជាភាសាអង់គ្លេសបាន។
លោក ហ៊រ ហាប់ អគ្គនាយករងក្រុមហ៊ុន G-Gear ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយទូរស័ព្ទ LG បានថ្លែងថា គេហទំព័រជាភាសាខ្មែរ បានចាប់ផ្តើមកាលពីពីរឆ្នាំមុន ជាពិសេសគេហទំព័រដែលផ្តល់ព័ត៌មានក្នុងស្រុក។ លោកបានថ្លែងបន្តថា ក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជា ព្យាយាមណែនាំគេហទំព័ររបស់ខ្លួនជាភាសាខ្មែរ និងអង់គ្លេស។
យោងតាមលោក ហ៊រ ហាប់ បានឲ្យដឹងថា កំណើនគេហទំព័រជាភាសាខ្មែរ អាចជួយជំរុញអាជីវកម្មបានមួយផ្នែក។
តាមស្ថិតិរបស់ក្រុមហ៊ុន EZECOM ឲ្យដឹងថាគេហទំព័រជាភាសាខ្មែរ មានប្រមាណ១ពាន់គេហទំព័រនៅពេលបច្ចុប្បន្នប៉ុន្តែនៅឆ្នាំ២០១៣ តួលេខនេះ អាចនឹងកើនទ្វេដង។
លោក ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ឲ្យដឹងថា គេហទំព័រជាភាសាខ្មែរ បាននាំមកនូវការអភិវឌ្ឍដល់កម្ពុជា។
លោក បានថ្លែងបន្តថា៖ «គេហទំព័រជាភាសាខ្មែរបានជួយអភិវឌ្ឍប្រជាជនខ្មែរដែលមិនចេះភាសារបរទេស»។ លោក បានបន្ថែមថាពីមុន ពួកគេមិនអាចអានព័ត៌មានបានទេ ព្រោះគេហទំព័រទាំងនោះ មានភាសាផ្សេងៗ។
លោក ឯក វណ្ណឌី ក៏បានបញ្ជាក់ដែរថា គេហទំព័រកាន់តែច្រើនឡើង អាចជជែកលេងដោយប្រើភាសាខ្មែរដែលជំរុញឲ្យមានការអភិវឌ្ឍភាសាខ្មែរនៅក្នុងប្រទេសកម្ពុជា។
យោងតាមលោក Blanche-Horgan បានឲ្យដឹងថា ក្មេងជំទង់ និងមនុស្សអាយុខ្ទង់២០ឆ្នាំ ហាក់មាននិន្នាការទំនាក់ទំនងក្នុងសង្គមជាភាសារអង់គ្លេស។ លោកមានប្រសាសន៍បន្តថា៖ «ឧទាហរណ៍ ជារឿយៗ យើងឃើញមានពាក្យអង់គ្លេសខ្លះលេចឡើងនៅពេលកំពុងសន្ទនាជាភាសាខ្មែរ»។
លោក Blanche-Horganបានមានប្រសាសន៍បន្តថា ការប្រើប្រាស់អ៊ីនធឺណិតបណ្តាញអចល័ត មានចំនួនប្រមាណ៦សែនពោលគឺប្រហាក់ប្រហែលគ្នាទៅនឹងចំនួនអ្នកប្រើប្រាស់គេហទំព័រសង្គម (Facebook)នៅកម្ពុជា៕ NR
ភ្នំពេញ ប៉ុស្តិ៍







