ក្រុងតូក្យូៈ លោក Shinzo Abe នាយករដ្ឋមន្ត្រីរបស់ជប៉ុនដែលនឹងចូលកាន់តំណែងក្នុងពេលខាងមុខនេះ បានព្រមព្រៀងជាមួយដៃគូរដ្ឋាភិបាលចម្រុះរបស់លោក គឺលោក Natsuo Yamaguchi មកពីគណបក្ស New Komeito Party ស្តីពីកញ្ចប់គោលនយោបាយមួយ ដែលរួមមានការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុខ្លាំង ដើម្បីសម្រេចទិសដៅអតិផរណា ២ភាគរយ។
កិច្ចព្រមព្រៀងដែលបានប្រកាសកាលពីថ្ងៃម្សិលមិញនៅទីក្រុងតូក្យូ ជំរុញគោលជំហររបស់គណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោក Abe នៅក្នុងសភាជាន់ទាបដែលគណបក្សនេះ បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតក្នុងខែធ្នូនេះ។ ដោយមានការគាំទ្រពីគណបក្ស New Komeito ចំពោះកម្មវិធី សេដ្ឋកិច្ចរបស់លោក Abe គណបក្សប្រជាធិបតេយ្យសេរីនិយមក៏ស្ថិតក្នុងគោលជំហរល្អប្រសើរផងដែរដើម្បីធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតនៅខែកក្កដាខាងមុខ នៅក្នុងសភាជាន់ខ្ពស់ដែលគណបក្សនេះ ខ្វះសំឡេងគាំទ្រភាគច្រើន។
លោក Harumi Arima អ្នកវិភាគនយោបាយឯករាជ្យដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ មានប្រសាសន៍ថា៖ «លោក Abe នឹងយកចិត្តទុកដាក់បន្ថែមទៀតលើគោលនយោបាយសេដ្ឋកិច្ច។ បើអ្នកបោះឆ្នោតគាំទ្រ យល់ថា សេដ្ឋកិច្ចរបស់ជប៉ុន មានការរីកចម្រើននោះ លោកទំនងជាទទួលបានការគាំទ្រច្រើននៅសភាជាន់ខ្ពស់ ហើយលោកនឹងមានរដ្ឋបាលមួយកាន់តែមានស្ថិរភាពថែមទៀត»។
លោក Abe គ្រោងនឹងជ្រើសតាំងគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ បន្ទាប់ពីសភាជាន់ទាប ប្រកាសឈ្មោះរបស់លោកជានាយករដ្ឋមន្ត្រីរួច។គណបក្ស New Komeito មានការប្រុងប្រយ័ត្នណាស់នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតដែលជំរុញឲ្យធនាគារកណ្តាលសម្រេចបានទិសដៅកំណើនអតិផរណា២ភាគរយ ដែលបានប្រឈមនឹងហានិភ័យចំពោះឯករាជភាពរបស់ខ្លួន៕ BP
ភ្នំពេញ ប៉ុស្តិ៍







