ខេត្តហៃណានៈ សារព័ត៌មាន 21st Century Business Herald របស់ចិន បានរាយការណ៍ថាចិនគ្រោងនឹងចំណាយថវិកាជាង ១ពាន់លានដុល្លារ ដើម្បីសាងសង់អាកាសយាន្តដ្ឋានកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅលើដីកោះ ដែលកំពុងមានជម្លោះជាមួយប្រទេសវៀតណាម និងហ្វីលីពីន។
តាមការដកស្រង់សម្តីរបស់លោក Jiang Dingzhi អភិបាលខេត្តហៃណាន សារព័ត៌មានដដែល បានបន្តឲ្យដឹងថារដ្ឋាភិបាលថ្នាក់កណ្តាល បានអនុម័តគម្រោងវិនិយោគដែលមានតម្លៃ ១០ពាន់លានយន់ (១,៦ពាន់លានដុល្លារ) ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់មួយចំនួន ដែលស្ថិតក្រោយការគ្រប់គ្រងរបស់ទីក្រុង Sansha នៃខេត្តហៃណាន។ ចិនបានបង្កើតទីក្រុង Sansha កាលពីខែមិថុនា ដើម្បីគ្រប់គ្រងកោះ Paracel និងកោះ Spratly ដែលទឹកដីមួយនៃកោះទាំងនេះ ត្រូវបានគ្រប់គ្រង ឬអះអាងថាជាដែនដីរបស់ខ្លួនពីសំណាក់វៀតណាម និងហ្វីលីពីនកោះតៃវ៉ាន់ ម៉ាឡេស៊ី និងប្រទេសប៊្រុយណេផងដែរ។
ភាពតានតឹងរវាងប្រទេសចិន និងប្រទេសជិតខាងរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង បានបង្កឲ្យមានក្តីបារម្ភថា ការប្រកួតប្រជែងដណ្តើមទឹកដីនេះ នឹងប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ចរវាងសមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ និងដៃគូពាណិជ្ជកម្មធំជាងគេរបស់សមាគមនេះ។ ជម្លោះជុំវិញការគ្រប់គ្រងដីកោះ Diaoyu ឬកោះ Senkaku នៅសមុទ្រចិនខាងកើត ក៏កំពុងប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងជប៉ុនផងដែរ។
មូលនិធិវិនិយោគសម្រាប់កសាងទីក្រុង Sansha នឹងត្រូវចំណាយលើការអនុវត្តច្បាប់ដែនទឹក និងជលផលសមុទ្រផងដែរ នេះបើយោងសារព័ត៌មាន 21st Century Herald។ ដោយពុំផ្តល់ព័ត៌មានលម្អិត សារព័ត៌មានដដែលនេះ បានបន្តរាយការណ៍ថា ការសាងសង់ផ្នែករូបវន្តមួយចំនួន បានចាប់ផ្តើមរួចហើយ៕ BP
ភ្នំពេញ ប៉ុស្តិ៍







