ក្រុង ភ្នំពេញៈ កំពង់ផែស្វយ័តភ្នំពេញ (PPAP) នឹងបើកដំណើរការកំពង់ផែថ្មីពីរកន្លែងទៀតក្នុងខែមករា ឆ្នាំ២០១៣ខាងមុខនេះ។ មន្ត្រីកំពង់ផែភ្នំពេញបាននិយាយថា ការបើកដំណើរការកំពង់ផែថ្មីនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទំនិញចេញ-ចូលដែលកំពុងតែកើនឡើង។
លោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានប្រាប់អ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាអធិបតីភាពក្នុងពិធីបើកសម្ពោធផ្លូវការនូវកំពង់ផែថ្មីនាថ្ងៃទី២១ក្នុងខេត្តកណ្តាលហើយកំពង់ផែមួយទៀតដែលបានកែលម្អជាថ្មីនៅក្នុងខេត្តកំពង់ចាមក៏នឹងត្រូវបើកសម្ពោធដំណើរកានាដើមឆ្នាំក្រោយនេះផងដែរ។
លោក លើកឡើងថា កំពង់ផែថ្មីនៅខេត្តកណ្តាលអាចផ្ទុកកុងតឺន័របានចំនួន១៥ម៉ឺនកុងតឺន័រក្នុងមួយឆ្នាំ ស្របពេលដែលកំពង់ផែនៅខេត្តកំពង់ចាមអាចដាក់ទំនិញបាន៣សែនតោនក្នុងមួយឆ្នាំ។
លោកមានប្រសាសន៍ថា៖
«កំពង់ផែទាំងពីរនេះ នឹងជួយយើងដោះស្រាយចំពោះបញ្ហាកំណើនសកម្មភាពទំនិញចេញ-ចូល»។ លោក បានបន្តថា៖ «ការកើនឡើងនៃសកម្មភាពដឹកទំនិញ និងស្តុកទំនិញបានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកំពុងតែមានការរីកចម្រើន»។
លោកបន្តថា៖«ជាទូទៅទំនិញដែលឆ្លងកាត់តាមកំពង់ផែរបស់យើងតែងតែកើនឡើង១០ភាគរយក្នុងមួយឆ្នាំ។ ឆ្នាំនេះយើងរំពឹងថាកុងតឺន័រនឹងកើនឡើងដល់៩ម៉ឺនកុងតឺន័រ ប៉ុន្តែឥឡូវនេះយើងទទួលបានរហូតដល់៩៤ពាន់ឯណោះខណៈពេលកាលពីឆ្នាំមុនមានត្រឹមតែ៨១ពាន់តែប៉ុណ្ណោះ»។
លោក បន្តឲ្យដឹងទៀតថា៖«ប្រសិនបើយើងមិនអាចបើកសម្ពោធកំពង់ផែថ្មីឲ្យទាន់ពេលវេលាទេនោះ ប្រតិបត្តិការរបស់យើងនឹងជួបបញ្ហា ពីព្រោះតម្រូវការកំពុងតែកើនឡើង»។ លោកបានបន្ថែមថាកំពង់ផែដែលមានស្រាប់មានសមត្ថភាពផ្ទុកកុងតឺន័រ បានតែ៨ម៉ឺនកុងតឺន័រប៉ុណ្ណោះក្នុងមួយឆ្នាំ។
ទិន្នន័យពីកំពង់ផែស្វយ័តភ្នំពេញបានបង្ហាញថា ទំនិញដែលឆ្លងកាត់តាមកំពង់ផែនេះបានកើនឡើងជាង១០ភាគរយក្នុងឆ្នាំនេះរហូតដល់៩៤ពាន់កុងតឺន័រខណៈពេលកាលពីឆ្នាំមុនមានចំនួន៨១ពាន់។
លោកបានថ្លែងបន្តថា ទំនិញនាំចូលច្រើនបំផុតគឺសម្ភារសំណង់ ផលិតផលប្រើប្រាស់ និងវត្ថុធាតុសម្រាប់រោងចក្រកាត់ដេរ ហើយទំនិញដែលនាំចេញវិញគឺសម្លៀកបំពាក់ និងផលិតផលកសិកម្ម។
តម្លៃសាងសង់កំពង់ផែថ្មីនេះ មានចំនួនប្រហែល៦៨លានដុល្លារអាមេរិកដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។
កំពង់ផែស្វយ័តភ្នំពេញក៏ជាសហគ្រាសរដ្ឋមួយ ដែលគ្រោងនឹងចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាដែលទើបតែបង្កើតថ្មីនៅត្រឹមឆ្នាំ២០១៤។ លោក ហ៊ឺ បាវីបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាត់ឲ្យក្រុមហ៊ុន Tong Yang Securities ធ្វើជាក្រុមហ៊ុនផ្តល់ប្រឹក្សា។
លោកថា នាពេលបច្ចុប្បន្ន កំពង់ផែកំពុងធ្វើការយ៉ាងសកម្មក្នុងការរៀបចំការងារខាងក្នុង ហើយលោកសង្ឃឹមថានឹងអាចចាប់ផ្តើមបោះផ្សាយមូលបត្រជាសាធារណៈលើដំបូង (IPO)បាននៅឆ្នាំ២០១៤៕ CC
ភ្នំពេញ ប៉ុស្តិ៍







