ក្រសួង​មហា​ផ្ទៃ​​កំពុង​​ធ្វើ​ការ​ស៊ើប​អង្កេត​​​ចាប់​ខ្លួន​ជន​ល្មើស​ ​មិន​ស្គាល់​មុខ​​ដែល​បាន​យក​ស្ព្រៃ​ទៅ​បាញ់​និង​ផ្តួល​រលំ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ចំនួន​ ១៦ សា្លក​​​ក្នុង​ខេត្ត​​​​ព្រៃ​វែង​និង​​​ស្វាយ​រៀង​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​។ គណបក្ស​​ធ្វើ​សន្និសីទ​កាសែត ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Headlines:

ជើង​ឯក​ខាង​ហូប លេប​បាញ់ចានឿក​អស់ ៤៥​គ្រាប់​ដោយ​មិន​ខ្ចី​ប៉ោង​ពោះ

  • Prev
  • 1 of 2
  • Next

កំពង់ចាម : តើ​មាន​នរណា​អាច​ហូប​បាញ់​ចានឿក​ទំហំ​ប៉ុន​គ្រាប់​អង្គញ់​បាន​រហូត​ទៅ​ ដល់​១០​គ្រាប់​ទេ​?​ កសិករ​វ័យ​៣៣ គឺ​លោក ធីម ចាន់ធី  រស់​នៅ​ភូមិ​ពោធិ៍ ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម មិន​ត្រឹម​តែ​ហូប​នំបាញ់​ចានឿក​ចំនួន​១០​គ្រាប់​ប៉ុណ្ណោះ​ទេ គឺ​គាត់​អាច​បរិភោគ​រហូត​ដល់​ទៅ​៤៥​គ្រាប់​ឯ​ណោះ ក្នុង​រយ:ពេល​តែ​ប៉ុន្មាន​នាទី​។

ការ​ពូកែ​បរិភោគ​នេះ មិនមែន​ដោយ​សារ​គាត់​មាន​មាឌ​ធំ ឬ​មាន​ក្បាល​ពោះធំ ដែល​អាច​ផ្ទុក​អាហារ​បាន​ច្រើន​នោះទេ ប៉ុន្តែ​វា​ជា​ជំនាញ​ផ្ទាល់​ខ្លួន​ពិតៗ​របស់​គាត់​មួយ​កម្រមាន​អ្នក ​អាច​ធ្វើ​ដូច។

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​ជា​កសិករ​តែងតែ​ត្រូវ​ការ​កម្លាំង​កំហែង​ខ្លាំង​ក្លា​ទៅ ភ្ជួរ​រាស់​លីសែង​។ ដើម្បី​បាន​កម្លាំង​មាំមួន ខ្ញុំ​ត្រូវ​ហូប​ឲ្យ​បាន​ច្រើន​ដែរ។ ដូច្នេះ​ទម្លាប់​បរិភោគ​ច្រើន​បែប​នេះ​គឺ​មាន​តាំង​ពីក្មេង​មក​ម្ល៉េះ»។

ជា​ធម្មតា​ នំ​បាញ់ចានឿក ធ្វើ​អំពី​ម្សៅ​កិន​ចេញ​ពី​អង្ករ​ និង​មាន​ស្នូល​នៅ​ពី​ខាង​ក្នុង។ ប៉ុន្តែ​កម្រ​មាន​អ្នក​ណា​អាច​បរិភោគ​បាន​ច្រើន​ដូច​លោក​ ចាន់ធី ណាស់ ពីព្រោះ​ភាព​ស្អិត​ល្មួត​នៃ​បង្អែម​នេះ អាច​ធ្វើ​ឲ្យ​អួល​នៅ​នឹង​បំពង់ក។ ម្យ៉ាង​ទឹក​នំ​បាញ់ចានឿក​មាន​រសជាតិ​ផ្អែម​ខ្លាំង ធ្វើ​ឲ្យ​អ្នក​បរិភោគ​ឆាប់​ណាយ បន្ទាប់​ពី​បរិភោគ​ប្រមាណ​៥​ទៅ​៦​គ្រាប់។

ប៉ុន្តែ​លោក ចាន់ធី បាន​អះអាង​ថា កន្លង​មក​គាត់​ធ្លាប់​ហូប​បាញ់ចានឿក​នេះ​រហូត​ដល់​ទៅ​៤០​គ្រាប់​ទៅ​ហើយ ដូច្នេះ​ការ​ហូប​នៅ​ពេល​ថ្មីៗ​រហូត​ដល់​ទៅ​៤៥​នំ គឺជា​ការ​អភិវឌ្ឍ​ថែម​មួយ​កម្រិត​ទៀត។ ប៉ុន្តែ​រាល់​ពេល​ដែល​យុវជន​រូប​នេះ​បាន​ដួស​យក​នំ​បាញ់ចានឿក​មក​បរិភោគ​ ម្តង​ៗ​ ពី​ក្នុង​ចាន​ដែល​ដាក់​នៅ​ត្រៀប​ត្រា​ពីមុខ​គាត់ អ្នក​ដែល​ឈរ​មើល​ហាក់​បាន​ឃ្លាន​មួយ​រំពេច បើ​ទោះ​បីជា​គេ​ពុំ​ទាន់​បាន​ហូប​ក្តី។ លោក​ ចាន់ធី បាន​បរិភោគ​ម្តង​មួយ​ៗ​ដោយ​មិន​បង្ខំ​ឡើយ​។ លុះ​អស់​មួយ​ចាន​ គាត់​ក៏​បន្ត​មួយ​ចាន់​ទៀត​ ក្នុង​ល្បឿន​ដូច​ធម្មតា។

មិន​ដល់​៣​នាទី​ផង​ គាត់​ហូបអស់​ជិត​៣០​នំ​ទៅ​ហើយ។ ដោយ​ផ្អាក​បន្តិច គាត់​បាន​លាត់​ក្បាល​ពោះ​ដ៏​រាប​ស្មើ​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​ឃើញ។ គាត់​ក៏​បន្ត​ហូប​នំ​ដែល​នៅ​សេស​សល់​រហូត​ដល់​អស់​៤៥​គ្រាប់។

លោក​បន្ថែម​ថា​៖ «កាលពិត​ ពេល​កំពុង​ហូប​ ខ្ញុំ​មាន​អារម្មណ៍​អួល​តឹង​បំពង់​កបន្តិច​ដែរ ប៉ុន្តែ​បើ​រឿង​ឲ្យ​ហល់​គឺ​ឥត​មាន​ទេ។ ខ្ញុំ​គិត​ថា ដូច​ជា​មាន​អារម្មណ៍​ធម្មតា ពីព្រោះ​ខ្ញុំ​ធ្លាប់​ហូប​ចំនួន​ច្រើន​អ៊ីចឹង​ពី​មុន​មក​ដែរ រហូត​ដល់​ទៅ​៤០​នំ​។ នេះ​គ្រាន់​តែ​លើស​ប្រាំ​គ្រាប់​ប៉ុណ្ណោះ​ ដូច្នេះ​មិន​មាន​អ្វី​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ទេ»។

លោក ​ចាន់ធី​ ថ្លែង​ថា ​ការ​បរិភោគ​ច្រើន​អ៊ីចឹង​មិន​មែន​ឥត​ប្រយោជន៍​នោះ​ទេ គឺ​វា​ធ្វើ​ឲ្យ​រាង​កាយ​របស់​គាត់​ប្លែក​ខុស​មនុស្ស​ធម្មតា ពោល​គឺ​គាត់​អាច​ផ្អាក​ហូបអាហារ​បាន​ដល់​ទៅ​៣​ថ្ងៃ ដោយ​មិន​មាន​ការ​ហេវ​ហត់​អ្វី​ទេ។ ម្យ៉ាង​គាត់​មាន​កម្លាំង​ដ៏​សម្បើម ដែល​អាច​ឲ្យ​គាត់​លី​ស៊ីម៉ងត៍​ឬ​វត្ថុ​អ្វី​ៗ​មាន​ទម្ងន់​ដល់​ទៅ​១០០​គីឡូ​ដោយ​គ្មាន​បញ្ហា​ឡើយ។

ក្រៅ​ពី​នំ​បាញ់ចានឿក​ គាត់​អាច​បរិភោគ​បាយ​បាន​មិន​តិច​ជាង​៥​ចាន​ធំៗ ឬ​នំបញ្ចុក​មិន​តិច​ជាង​៣​គីឡូ​​ទេ។ គាត់​រំពឹង​ថា គាត់​នឹង​អាច​បរិភោគ​នំ​បាញ់ចានឿក​បាន​៥០​គ្រាប់​នៅថ្ងៃ​ណា​មួយ។ ទន្ទឹម​នឹង​នោះ គាត់​ក៏​រង់ចាំ​ស្វាគមន៍​អ្នក​ផ្សេង​មក​បំបែក​ឯតទគ្គកម្ម​របស់​គាត់​ដែរ៕

ប្រសិន​លោក​អ្នក​ចេះ​មន្ត​អាគម ឬ សមត្ថភាព​ពិសេស​អ្វី​មួយ​ចង់​បង្ហាញ​ដល់​អ្នក​ដទៃ ​ កាសែត​ភ្នំពេញ ​ប៉ុស្តិ៍​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ទេពកោសល្យ​អស់​លោក​អ្នក​។ សូម​ទំនាក់​ទំនង​មក​តាម​ទូរស័ព្ទ​ ០១២ ៥២៥ ៦៩៤​ ឬ ០៩២ ៨៩៩ ០២៤។ សូម​បញ្ជាក់​ថា ទេពកោសល្យ​របស់​អ្នក​មិន​ត្រឹម​តែ​ជ្រួតជ្រាប​ដល់​​ប្រជាជន​ខ្មែរ​នៅ​ក្នុង ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​នៅ​ប្រទេស​ណា​ ក៏​នឹង​ឮ​ពី​ទេពកោសល្យ​របស់​អ្នក ពីព្រោះ​​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ផ្សាយ​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​ ព្រម​ទាំង​បង្ហោះ​លើ​បណ្តាញ​អ៊ីនធឺណិត​ទូទាំង​ពិភពលោក​ទៀត​ផង។



This content has been locked. You can no longer post any comments.
Show/hide comments
busy