ភ្នំពេញៈ ខណៈបទចម្រៀង សុខ សីឡាលីន ក្នុងផលិតកម្មរស្មីហង្សមាស មិនទាន់ចេញលក់បានមួយបទនៅឡើយនោះ ស្រាប់តែម្តាយរបស់នាង សុខ សីឡាលីន បានអះអាងថា អ្នកស្រីកំពុងពិចារណាអំពីការជំរុញ សុខ ស្រីល័ក្ខណ៍ ដែលជាប្អូនស្រី ចូលផលិតកម្មធំនោះម្នាក់ទៀតឬយ៉ាងណា។
អ្នកស្រី មិន មានិត ម្តាយ សុខ សីឡាលីន បានលើកឡើងថា៖«ដ្បិតថា បទចម្រៀងថ្មីនៅក្នុងផលិតកម្មហង្សមាសវ៉ុលដំបូង នៅមិនទាន់បានចេញលក់ ប៉ុន្តែពេលនេះកូនស្រីខ្ញុំ សុខ សីឡាលីន កំពុងមមាញឹកនឹងការងារនៅក្នុងផលិតកម្មហង្សមាសនោះ ថតបទចម្រៀង និងកំពុងហាត់បទថ្មីបន្ត»។
អ្នកស្រីអះអាងថា៖«នៅមិនយូរ ទេបទចម្រៀងវ៉ុលដំបូងរបស់កូនស្រីខ្ញុំ នឹងចេញលក់់លើទីផ្សាររួមជាមួយតារាចម្រៀងថ្មីៗនោះ បើយូរបំផុតដំណាច់ឆ្នាំនេះ ព្រោះថាពេលនេះ ខាងផលិតកម្មកំពុងតែសម្រុកផលិតបទចម្រៀងវ៉ុលពិសេសសម្រាប់ឆ្នាំ ថ្មី២០១៣នេះ»។ អ្នកស្រីនិយាយទាំងមោទនភាពថា៖«នៅផលិតកម្មហង្សមាស ក្រៅពីលោកព្រាប សុវតិ្ថ និងកញ្ញា ឱក សុគន្ធកញ្ញា នោះ ចុះមកគឺកូន ឡាលីន ហើយ ព្រោះថាកូន ឡាលីន នាងមិនថាតែបទខ្មែរ ឬបទជាភាសាបរទេសទេ នាងច្រៀងបានទាំងអស់មិនទាស់ទេ ឲ្យតែផលិតកម្មតម្រូវនោះ»។
បន្ថែមលើមោទនភាពនោះ អ្នកស្រី ក៏បានលើកឡើងឲ្យដឹងថែមទៀតថា ក្រោយពីវត្តមានកូនស្រីខ្លួន បានចូលទៅផលិតកម្មរស្មីហង្សមាស មិនទាន់ទាំងបានចេញបទចម្រៀងផង តែពេលនេះខាងផលិតកម្មគេហាក់ផ្តល់ទំនុកចិត្តមួយមកឲ្យកូនរបស់ អ្នកស្រីម្នាក់ទៀត។ អ្នកស្រី មិន មានិត ប្រាប់ថា៖«ខាងផលិតកម្មហង្សមាស គេបានចាប់អារម្មណ៍ លើកូនស្រីខ្ញុំ សុខ ស្រីលក្ខណ៍ មួយទៀត ខណៈផលិតកម្មនេះបានផ្តល់ឱកាសឲ្យកូនខ្ញុំសុខ សីឡាលីន មួយហើយនោះ។ ខាងផលិតកម្មហង្សមាស គេបានសួរខ្ញុំថា តើចង់ឲ្យស្រីលក្ខណ៍ចូលច្រៀងឲ្យហង្សមាសម្នាក់ទៀតទេ?»។
អ្នក ស្រីបន្តថា សម្រាប់អ្នកស្រីជាម្តាយពេលឮដំណឹងនេះ អ្នកស្រីពិតជាចង់ឲ្យកូនស្រីម្នាក់ទៀតបានចូលទៅផលិតកម្ម ហង្សមាសនេះណាស់ ព្រោះថានេះជាឱកាសដែលរត់មករកយើង ខណៈដែលឱកាសបែបនេះស្ទើរមួយជីវិតតារាមួយចំនួនខំស្វែងយ៉ាងណា ក៏នៅតែមិនជួបនោះ។
តែពេលនេះអ្វីៗនៅមិនទាន់ប្រព្រឹត្តទៅតាម ការចង់បានរបស់អ្នកស្រីនោះទេ ព្រោះ សុខ ស្រីលក្ខណ៍ មិនសូវចង់ចូលខ្លួនចុះកុងត្រាច្រៀងឲ្យផលិតកម្មណានោះទេ ខណៈនាងតែងពោលជារឿយៗថា ចង់មានសេរីភាព។ អ្នកស្រីបន្តថា៖«ស្រីលក្ខណ៍កូនខ្ញុំសព្វថ្ងៃនាងមមាញឹកខ្លាំងណាស់ មិនចាញ់បងស្រីគេ ឡាលីន ទេ ដ្បិតថានាងមិនច្រៀងឲ្យផលិតកម្មពិតប្រាកដ ប៉ុន្តែការងារនាងមានគ្រប់ច្រកល្ហកទាំងអស់»។
អ្នក ស្រីបញ្ជាក់ថា៖«មិនថាខនសឺតតាមខេត្ត កម្មវិធីប្រគំតន្រ្តីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍ និងកម្មវិធីជាតិធំៗទេគឺភាគច្រើនមានមុខកូនខ្ញុំផងដែរ ព្រោះថានាងសព្វថ្ងៃជាបុគ្គលិកក្រសួងទេសចរណ៍ និងជាតារាចម្រៀងក្នុងក្រុមសិល្បៈក្រសួងទេសចរណ៍នោះផងដែរ»។
ប៉ុន្តែ យ៉ាងណាក៏ដោយ អ្នកស្រីនៅតែបង្ហាញពីជំហរចង់ឲ្យកូនម្នាក់ទៀតមានទ្រនំត្រឹម ត្រូវ និងចង់់ឲ្យកូនស្រីទាំងពីរជ្រកក្រោមទ្រនំតែមួយ ដោយអ្នកស្រីលើកឡើងថា ជារឿងល្អមួយដែលតារាចម្រៀងម្នាក់ ត្រូវតែមានទ្រនំពិតប្រាកដ ហើយក៏មិនអន់ដែរសម្រាប់តារាចម្រៀងចុះកុងត្រាឲ្យផលិតកម្មណា នោះ ព្រោះអាចនិយាយថាជាឆ្នាំងបាយក៏បាន និងអាចរុញអ្នកចម្រៀងឲ្យល្បីបាន។
អ្នកស្រីអះអាងថា៖ «បើខាងហង្សមាសពិតជាត្រូវការកូនខ្ញុំស្រីលក្ខណ៍នោះ ខ្ញុំនឹងពេញចិត្តឲ្យកូនចូលទៅផលិតកម្មនោះណាស់ ហើយខ្ញុំពន្យល់កូនក៏កាន់តែច្បាស់ក្នុងដំណើរតារាចម្រៀងម្នាក់ មានផលិតកម្មត្រឹមត្រូវនោះ»។
កញ្ញា សុខ ស្រីលក្ខណ៍ បានទទួលស្គាល់ដែរថា ពិតជាត្រូវបានផលិតកម្មរស្មីហង្សមាស ទាក់ទងនាងប្រាកដមែន។ នាងនិយាយថា៖ «គេទាក់ទងតាមរយៈបងស្រីរបស់ខ្ញុំ សុខ សីឡាលីន ហើយខាងផលិតកម្មគេឲ្យខ្ញុំថតសំឡេងឲ្យគេស្តាប់សិន។ ពេលនេះខ្ញុំកំពុងត្រៀមលក្ខណៈនឹងថតសំឡេងខ្ញុំយកទៅឲ្យផលិតកម្ម រស្មីហង្សមាសវាយតម្លៃ ប៉ុន្តែយ៉ាងណា ខ្ញុំនៅមិនទាន់ដល់ដំណាក់កាលចុះកុងត្រាជាមួយទេ»។
យ៉ាងណានាងហាក់ដឹងពីការបែងចែកតារាចម្រៀងរបស់ផលិតកម្មនោះដោយនាងនិយាយថា៖«ប្រសិនបើការចរចានេះត្រូវរ៉ូវគ្នាឬយ៉ាងណានោះ ខ្ញុំប្រហែលជាខាងផលិតកម្មតម្រូវឲ្យខ្ញុំច្រៀងក្នុងផលិតកម្ម ភ្លេងរីខដ (Phleng Records) ដែលជាសាខាថ្មីរបស់ហង្សមាសមិនមែនជាផលិតកម្មរស្មីហង្សមាសតែ ម្ដងនោះទេ ព្រោះវាជាក្រុមហ៊ុនតែមួយ»។
តារាចម្រៀងវ័យក្មេង ប្រចាំក្រសួងទេសចរណ៍រូបនេះក៏លើកឡើងឲ្យដឹងដែរថា៖«មុននេះ ខ្ញុំមិនសូវជាចង់ចូលច្រៀងឬចុះកុងត្រាឲ្យផលិតកម្មណាមួយទេ ព្រោះនៅខាងក្រៅផលិតកម្ម ខ្ញុំមានការងារមមាញឹកណាស់់ទៅហើយ ទាំងការងាររដ្ឋក្នុងក្រសួងនោះ ដូច្នេះខ្ញុំក៏មានការស្ទាក់់ស្ទើរដែរ តែពេលនេះទទួលបានការណែនាំពីបងស្រី និងម្តាយ ខ្ញុំក៏គិតថា តារាចម្រៀងម្នាក់មានទ្រនំច្រៀងរាំច្បាស់លាស់នោះក៏ល្អដែរ»។
ជាមួយ នឹងការត្រៀមចូលផលិតកម្មថ្មីនេះ សុខ ស្រីលក្ខណ៍ បានសម្ដែងសុទិដ្ឋិនិយមថា៖«ប្រសិនបើរស្មីហង្សមាស សម្រេចជ្រើសរើសយកខ្ញុំមែននោះ ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យល្បីដូចជាបងស្រីរបស់ខ្ញុំ មិនឲ្យផលិតកម្មមួយនេះខកបំណងនោះទេ»៕
ភ្នំពេញ ប៉ុស្តិ៍






