Headlines:

នាយ ទុយ យំ​ពី​អាមេរិក​ដល់​ផ្ទះ



121109_20a
លោក អ៊ឹង រដ្ឋា ហៅ ទុយ និង​នាង ស៊ឹម ថៃណា នៅ​អាមេរិក​។ រូបថត សហ​ការី

ភ្នំពេញៈ ទម្រាំ​តែ​បាន​ទៅ​សម្តែង​លើ​ទឹក​ដី​អាមេរិក​ជា​លើក​ទី​២​ ដែល​អះ​អាង​ថា​ទៅ​រក​ប្រាក់​ជួយ​សង្គ្រោះ​ជីវិត​ម្តាយ​មាន​ជំងឺ​នោះ លោក អ៊ឹង រដ្ឋា ហៅ ទុយ បាន​សម្រក់​ទឹក​ភ្នែក​មិន​តិច​ដង​ទេ ក្នុង​នោះ​លោក​បាន​លើក​យក​ពេល​មួយ​មក​និយាយ​ថា ពេល​លោក​សម្ភាស​ជាប់​ទៅ​អាមេរិក​លើក​នេះ​ភ្លាម​ លោក​យំ​អត់​ឈប់​សោះ គឺ​យំ​តាំង​ពី​ទូត​អាមេរិក​រហូត​ដល់​ផ្ទះ​តែ​ម្តង​។

ប៉ុន្តែ​នាយ​ទុយ បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​មិន​តិច​ទេ នៅ​ពេល​ដែល​លោក​បាន​ជាប់​សម្ភាស​ ហើយ​អាច​ចេញ​សម្តែង​នៅ​លើ​ទឹក​ដី​អាមេរិក​ជា​លើក​ទី​២ បន្ទាប់​ពី​លោក​ធ្លាប់​ទៅ​អាមេរិក​ម្តង​កាល​ពី​ឆ្នាំ​១៩៩៧​។ ពិធីករ​រូប​នោះ ធ្លាក់​បទ​សម្ភាស​នៅ​ស្ថាន​ទូត​អាមេរិក​ជា​ច្រើន​លើក​ច្រើន​សា រហូត​ធ្វើ​ឲ្យ​លោក​ត្រូវ​លុន​តួ​ប្រកាស​សុំ​អង្វរ​ស្ថាន​ទូត​អាមេរិក​តាម​ កញ្ចក់​ទូរទស្សន៍​ទៀត​ផង​។ ទីបំផុត​ នាយ ទុយ​ ក៏​ទទួល​បាន​ការ​អនុញ្ញាត ដែល​ត្រង់​ចំណុច​នេះ​ហើយ​ ទើប​បាន​ធ្វើ​ឲ្យ​រូប​លោក​រំភើប​រំជួល​ចិត្ត​រហូត​ដល់​យំ​ៗ​មិន​ឈប់​តែ​ ម្តង​។

ក្នុង​បទ​សម្ភាស​ជាមួយ​នឹង​វេប​សាយ​អាមេរិក​មួយ​ រដ្ឋា និយាយ​ទាំង​សំណើច​ថា​៖​«​ខ្ញុំ​បាន​ធ្លាក់​សម្ភាស​អាមេរិក​ហ្នឹង​ច្រើន​លើក​ ហើយ ស្ទើរ​តែ​ខ្ញុំ​ហ្នឹង​រៀង​ចាល​ តែ​ខ្ញុំ​នៅ​តែ​ព្យាយាម​ព្រោះ​ម្តាយ​ខ្ញុំ​ឈឺ​ធ្ងន់​ណាស់ ខ្ញុំ​ត្រូវ​ការ​ប្រាក់​មើល​គាត់ អ៊ីចឹង​នៅ​ពេល​ខ្ញុំ​សម្ភាស​​នៅ​​ទូត​អាមេរិក​ជាប់​​លើក​នេះ​ភ្លាម ទឹក​ភ្នែក​ខ្ញុំ​ចាប់​ផ្តើម​ហូរ ខ្ញុំ​យំ​រហូត​ឥត​ឈប់ គឺ​យប់​តាំង​ពី​ទូត​អាមេរិក​រហូត​ដល់​ផ្ទះ ខ្ញុំ​រំភើប​ខ្លាំង​ពេក ខ្ញុំ​ជិះ​ឡាន​បណ្តើរ​ ខ្ញុំ​យំ​បណ្តើរ ខ្ញុំ​យំ​ផង​ខ្ញុំ​ទូរ-​ស័ព្ទ​ប្រាប់​បង​ប្អូន​ផង​»។​​

នៅ​ពេល​នេះ លោក​សម្តែង​នៅ​អាមេរិក​បាន​ជាង​២​ខែ​ហើយ គឺ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក​នឹង​ដល់​ពេល​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ការ​គ្រោង​ទុក​២​ខែ​កន្លះ តែ​ពិធី​ករ​សម្បូរ​វោហា​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ទោះ​បី​ជា​លោក​ទៅ​ដល់​អាមេរិក ក៏​ទឹក​ភ្នែក​របស់​លោក​មិន​ឈប់​ស្រក់​ដែរ ខណៈ​ដែល​ភ្ញាក់​ផ្អើល​នឹង​ទឹក​ចិត្ត​របស់​បង​ប្អូន​ខ្មែរ​នៅ​អាមេរិក​មាន​ ការ​អាណិត​អាសូរ​ចំពោះ​លោក​ និង​ម្តាយ​ដែល​កំពុង​មាន​ជំងឺ​នោះ​។

នាយ​ទុយ បន្ថែម​ថា៖​«​ពួក​គាត់​បាន​ដឹង​ថា ម្តាយ​ខ្ញុំ​ឈឺ​ ពួក​គាត់​ឈឺ​ឆ្អាល​អាណិត​អាសូរ​ចំពោះ​ខ្ញុំ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ពេល​ពួក​គាត់​យក​ចិត្ត​ទុក​ដាក់ និង​សន្ដោស​ចំពោះ​ខ្ញុំ​ ជួយ​ខ្ញុំ​បែប​នេះ​ ហើយ​ខ្ញុំ​ដែល​កំពុង​នៅ​អាមេរិក​នេះ​សូម​លើក​ដៃ​អរគុណ​ពួក​គាត់ និង​សូម​អង្វរ​ទេពតា​ជួយ​ម្តាយ​ខ្ញុំ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​ផង​»។

នាយ ​ទុយ​បាន​បញ្ជាក់​ថា នៅ​ពេល​តែ​ជាង​មួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ លោក​នឹង​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ និង​មក​ចូល​បម្រើ​ការងារ​ជា​ពិធី​ករ​នៅ​ទូរទស្សន៍​ស៊ីធីអិន​វិញ​។​

គួរ ​បញ្ជាក់​ថា ម្តាយ​នាយ​ទុយ​មាន​ឈ្មោះ​ នៅ សុភី អាយុ​៥២​ឆ្នាំ មាន​កូន​ប្រុស​ស្រី​៣​នាក់​ បាន​ចាប់​ផ្តើម​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ធ្ងន់​ធ្ងរ​ក្រោយ​ពេល​ដែល​លោក អ៊ឹង រដ្ឋា ហៅ ទុយ បញ្ចប់​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ជាមួយ​នឹង​កូន​សេដ្ឋិនី​ស្រុក​ ខ្មែរ​ម្នាក់​។ នាយ​ទុយ​ បាន​សម្តែង​ការ​សោក​ស្តាយ​នឹង​ទង្វើ​របស់​ខ្លួន​កន្លង​មក ហើយ​បាន​ប្រកាសសុំ​ការ​ជួយ​យក​អាសារ​គ្រប់​ទិស​ទី​ដើម្បី​ជួយ​ម្តាយ​របស់​ ខ្លួន​ ពិសេស​អង្វរ​ស្ថាន​ទូត​អាមេរិក​។

នាយ ទុយ ក៏​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​អាមេរិក​រយៈ​ពេល​២​ ខែ​កន្លះ ជាមួយ​នឹង​តារា​សម្តែង​អ្នក​នាង សឿ សុធារ៉ា និង​តារា​ចម្រៀង ស៊ឹម ថៃណា៕

This content has been locked. You can no longer post any comments.
Show/hide comments
busy