ភ្នំពេញៈ នៅពេលបានទៅសម្តែងច្រៀងយ៉ាងរស់រវើកជាមួយនឹងសម្រស់ដើមទ្រូងធំ មូលក្លំទ្រលុកទ្រលន់គយគន់មិនចង់ដកភ្នែកជាលើកដំបូងក្នុងឆាក ជីវិតជាអ្នកសិល្បៈជិត១០ឆ្នាំនៅទឹកដីសហរដ្ឋអាមេរិកនោះ តារាចម្រៀងនាង ស៊ឹម ថៃណា បានប្រកាសប្រាប់អ្នកអាមេរិកថា បើនាងមានស្វាមីនាងនឹងឈប់ពីសិល្បៈ ខណៈនាងកំពុងសម្លឹងមើលបុរសអាណិកជនអាមេរិក។
នៅពេលប្រមាណជាមួយ សប្តាហ៍ទៀតប៉ុណ្ណោះ តារាចម្រៀងដែលទើបដើរចេញពីផលិតកម្មអឹម(M Production) ជាលើកទី២ មុននឹងបោះជំហានទៅច្រៀងនៅអាមេរិកនាង ស៊ឹម ថៃណា នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប៉ុន្តែក្នុងរយៈពេលនៃការច្រៀងនៅអាមេរិកជាង២ខែមកនោះ ស៊ឹម ថៃណា បានអះអាងថា នាងបានជួបនឹងមនុស្សល្អៗជាច្រើនរូប ហើយទន្ទឹមនឹងនោះ នាងបានបញ្ជាក់ប្រាប់អ្នកអាមេរិកថា ប្រសិនបើនាងមានបុរសជាគូគាប់ក្នុងចិន្តាធ្វើជាស្វាមីនោះ ជីវិតភ្លើងពណ៌នៃសិល្បៈនឹងត្រូវឃ្លាតឆ្ងាយពីរូបនាងហើយ ពោលគឺនាងនឹងឈប់ពីសិល្បៈតែម្តង។
នៅក្នុងបទសម្ភាសជាមួយនឹង គេហទំព័របរទេសមួយ តារាចម្រៀងដែលអះអាងថា ដើមទ្រូងដ៏ធំសខ្ចីចេញសរសៃខៀវរបស់នាងជារបស់ធម្មជាតិសុទ្ធ សាធនោះនាង ស៊ឹម ថៃណា និយាយថា៖ «ខ្ញុំមិននឹកស្មានថា បងប្អូនខ្មែរនៅអាមេរិកគាំទ្រសិល្បៈខ្មែរបែបនេះសោះ។ ក្នុងរយៈពេលការសម្តែងរបស់ខ្ញុំនេះ ខ្ញុំបានស្គាល់មនុស្សល្អៗជាច្រើននាក់ ពួកគាត់ពិតជាល្អ»។ ស្របគ្នានោះ នាងបន្តថា៖ «រឿងជីវិតស្នេហាខ្ញុំមិនទាន់មានអ្នកណាឡើយ បើខ្ញុំមានគ្រួសារ ខ្ញុំនឹងឈប់ពីសិល្បៈតែម្តង ខ្ញុំចង់រកស៊ីឬក៏ធ្វើអ្វីផ្សេងវិញម្តង»។
ទោះជាយ៉ាង ណាក្នុងដំណើរសម្តែងច្រៀងជ្រែកដីអាមេរិកជាលើកដំបូងដែល ស៊ឹម ថៃណា អះអាងថា នាងបានជួបនឹងបុរសល្អកម្រប្រទះក៏ពិតមែន តែនាងបានឲ្យដឹងថា នាងនៅមិនទាន់មានទំនាក់ទំនងរឿងស្នេហានៅឡើយ តែនាងក៏មិនព្រងើយកន្តើយបណ្តែតបណ្តោយពេលវេលាឲ្យអណ្តែតត្រសែតអត់ ប្រយោជន៍ដែរ ពោលគឺនាងកំពុងសម្លឹង ខណៈដែលនាងគិតថា វ័យនាងបច្ចុប្បន្នក៏ជាវ័យមិនអាចមើលរំលងពីរឿងគូអនាគតនោះបានដែរ។
តារា ស្រីដែលធ្លាប់ផ្ទុះរឿងចំណងស្នេហាភេទដូចគ្នារូបនេះបាននិយាយ ថា៖ «ខ្ញុំមិនទាន់ដឹងថា បុរសណាមួយទេ តែកំពុងស្ថិតនៅក្នុងការសម្លឹង មានបុរសជាច្រើនសុទ្ធតែល្អៗ តែខ្ញុំកំពុងគិត។ ជាការពិតហើយ នៅវ័យប៉ុណ្ណឹង ក៏ដល់ពេលខ្ញុំត្រូវគិតគូរពីរឿងគូអនាគតនេះដែរហើយ»។
ដោយឡែក សម្រាប់រយៈពេលជិត១០ឆ្នាំក្នុងសិល្បៈនេះ ស៊ឹម ថៃណា ទើបតែឈានជើងបានទៅសម្តែងនៅបរទេសតែម្តងគត់ តែនាងបញ្ជាក់ថា វាជាសំណាងសម្រាប់នាង ដែលសម្ភាសនៅស្ថានទូតអាមេរិកតែម្តងគត់ក៏ជាប់ភ្លាម។
តារាចម្រៀង មានកំណើតនៅខេត្តបាត់ដំបង ស៊ឹម ថៃណា ចូលប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ២០០៣។ នាងបានផ្លាស់ប្តូរផលិតកម្មជាច្រើនកន្លែង ហើយចុងក្រោយនេះនាងបានដើរចេញពីផលិតកម្មអឹមជាលើកទី២ មុននឹងទៅច្រៀងនៅសហរដ្ឋអាមេរិក។ នាងមានបងប្អូន៨នាក់ នាងជាកូនពៅ។ ក្រោយមកពីអាមេរិក នាងនឹងរកកន្លែងច្រៀងថ្មី៕
ភ្នំពេញ ប៉ុស្តិ៍







