ភ្នំពេញៈ មូលនិធិ សូដា នីតា ត្រូវបានគេមើលឃើញថា មានសកម្មភាពច្រើនជាងគេ ក្នុងចំណោមមូលនិធិអ្នកសិល្បៈមួយចំនួនដែលមួយរយៈមុនប្រញាយគ្នា ធ្វើយ៉ាងច្រើនកុះករនោះ តែភ្លាមនោះក៏រលត់ទៅវិញដូចភ្លើងចំបើង។
ទោះ បីជាតិចក្តី ច្រើនក្តី មូលនិធិសូដា នីតា តែងនាំយកនូវថវិកា និងអំណោយជួយដល់បងប្អូនខ្មែរមួយចំនួនដែលពួកគាត់មានបញ្ហាជីវភាព ហើយសកម្មភាពនេះ បានបន្តជាញឹកញាប់ទាំងនៅតាមខេត្ត និងក្នុងរាជធានីភ្នំពេញ។
សូដា នីតា បាននិយាយពីប្រវត្តិមូលនិធិរបស់ខ្លួនថា៖«ពេលដំបូងហ្នឹងខ្ញុំ គ្មានបំណងបង្កើតមូលនិធិអីទេ គ្រាន់តែនៅក្នុងហ្វេសប៊ុកខ្ញុំឃើញខាងក្រុមប្រហុកខ្មែរ(ក្រុម កូនខ្មែរជួយអ្នកក្រីក្រ) គេបានបង្ហោះរូបអ្នកក្រ អ្នកមានបញ្ហា គ្មានលុយកាក់អ៊ីចឹង ហើយខ្ញុំបានទាក់ទងទៅពួកគាត់ថា ខ្ញុំទៅចែកអំណោយពួកគាត់ ផ្តល់ថវិកា ផ្តល់របស់ឲ្យពួកគាត់អ៊ីចឹង ហើយខាងប្រហុកខ្មែរហ្នឹងក៏បានមកជូនខ្ញុំទៅ ក្រោយមកខ្ញុំឃើញពួកគាត់បង្ហោះលោកយាយម្នាក់ពិការជើងអត់មានកូន មានចៅ ដូច្នេះខ្ញុំក៏ចង់ជួយគាត់ទៀត ខ្ញុំក៏បានផ្តល់ឲ្យមួយគ្រួសារ៥០ដុល្លារៗ ក្រោយៗមកគាត់(ប្រហុកខ្មែរ)ក៏ចេះតែទាក់ទងមកខ្ញុំឲ្យជួយ ហើយខ្ញុំនិយាយថា បើយើងតែម្នាក់ឯងមិនអាចជួយគេគ្រប់គ្នាបានទេ អ៊ីចឹងខ្ញុំក៏ហៅក្រុមប្រហុកហ្នឹងជួយផ្តល់យោបល់ខ្ញុំថា ធ្វើយ៉ាងម៉េចបានលុយច្រើនជួយពួកគាត់ ខាងប្រហុកក៏បានឲ្យខ្ញុំបង្កើតមូលនិធិ។ ពួកខ្ញុំគិតភ្លាមគឺធ្វើភ្លាមដែរ គឺគិតម៉េចរកលុយជួយអ្នកមានបញ្ហា»។
ក្នុងសកម្មភាពមនុស្សធម៌ ជាហូរហែនៃការឆ្លៀតពេលពីវិស័យសិល្បៈ សូដា នីតា និយាយថា៖«ខ្ញុំជួយបានច្រើនដែរ ខ្ញុំជួយអ្នកភ្លើងឆេះផ្ទះ យាយពិការ តាយាយអត់កូនអត់ចៅតា កើតមហារីកបំពង់ក ជួយ២នាក់ប្តីប្រពន្ធតាយាយក្រីក្រដែលកូនគាត់មិនសូវជា ហ្នឹង អ្នកនាង អ៊ុំ គន្ធា តាប៉ិគក់ ការផ្តល់អាហារ និងសម្ភារមួយចំនួនដល់សាលា និយាយទៅគឺច្រើន»។
តាំងពីពេល បង្កើតរហូតមកទល់នឹងពេលនេះ ថវិកា និងរបស់ប្រើប្រាស់មួយចំនួន បានមកពីសប្បុរសជនមួយចំនួនដោយរួមគ្នាជាមួយនឹងថវិការបស់នាង ផ្ទាល់តែម្តង។ សូដា នីតា បានឲ្យដឹងថា អ្នកខ្លះគាត់នៅស្រុកខ្មែរក៏គាត់បានជួយដែរ ម្នាក់១០-២០ដុល្លារអ៊ីចឹងទៅ មានអ្នកនៅក្រៅប្រទេសជាមិត្តភកិ្ត និងអ្នកផ្សេងទៀត ពួកគាត់ជួយម្នាក់៥០-១០០អ៊ីចឹងដែរ។
នាងនិយាយថា៖«បើខ្ញុំទៅជួយកន្លែងណាហ្នឹង គឺថវិកាខ្ញុំ៥០ភាគរយ ចូលទៅក្នុងហ្នឹង។ មូលនិធិខ្ញុំថ្វីដ្បិតថា មានឈ្មោះគ្រាន់បើ តែមិនទាន់មានលុយអីនៅសល់ទេ គ្រាន់តែអ្វីដែលខ្ញុំបានឃើញ វាជាសន្តានចិត្តខ្ញុំ។ ខ្ញុំក៏ជាអ្នកក្រដូចគ្នា ខ្ញុំជួយតាមលទ្ធភាពដែលខ្ញុំមាន ដោយគួបផ្សំគ្នារវាងលុយខ្ញុំ និងសប្បុរសជននោះ ហើយប្រាក់ដែលគេបានចូលរួមជួយខ្ញុំតែងបង្ហោះលើហ្វេសប៊ុក ដូចគេជួយតាប៉ិកួៈ១០០ដុល្លារអ៊ីចឹង ខ្ញុំបានយកឲ្យគាត់តាមហ្នឹង ហើយថតរូបជាភស្តុតាង ហើយមានអ្នកសិល្បៈមួយចំនួនហ្នឹង គេថា ខ្ញុំធ្វើមូលនិធិដើម្បីចង់ល្បីល្បាញតែអត់អ៊ីចឹងទេបង ខ្ញុំមិនដែលគិតថា មូលនិធិហ្នឹងអាចជួយឲ្យខ្ញុំល្បីនោះទេ តែអ្វីដែលខ្ញុំជួយហ្នឹង ព្រោះខ្ញុំចង់រួមចំណែកជួយពួកគាត់»។ នាងបញ្ជាក់ថា៖«ខ្ញុំនៅតែប្រឹងប្រែងធ្វើសកម្មភាពនេះបន្ត ទោះតិចក្តី ច្រើនក្តី ទោះអង្ករមួយកំប៉ុងក៏ខ្ញុំយកឲ្យពួកគាត់ដែរ»។
ជាមួយនឹង សកម្មភាពកាន់តែផុសផុលនេះ ពិធីការិនី សូដា នីតា ក៏ទទួលរងការរិះគន់មិនតិចដែរថា រូបនាងធ្វើដើម្បីប្រជាប្រិយភាព និងដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្តែព័ត៌មាននេះត្រូវបាន សូដា នីតា ច្រានចោល ដោយនាងប្រាប់ថា អ្វីដែលនាង និងក្រុមការងារធ្វើសុទ្ធតែជាសន្តានចិត្តស្មោះសរ។
នាងអះអាង ថា៖«តាមរយៈសារព័ត៌មានបង ខ្ញុំសូមអំពាវនាវថា សូមបងប្អូនជួយរួមចំណែកផង ព្រោះថា អ្នកខ្លះគាត់រកបាយតែមួយពេលញុំាមិនបានផង។ តិចច្រើនក៏បាន ព្រោះខ្ញុំធ្លាប់ទទួលពីសប្បុរសជន៥ដុល្លារ ឬ១ម៉ឺនរៀលក៏មានដែរ ហើយសូមបញ្ជាក់ថា មូលនិធិរបស់ខ្ញុំបង្កើតឡើងមិនមែនចង់បានកេរ្តិ៍ឈ្មោះ ឬបង្កើតដើម្បីកេងប្រវ័ញ្ចលុយកាក់នោះទេ ហើយបើមានអ្នកគិតដូច្នេះប្រហែលជាបាបហើយ តាំងពីខ្ញុំបង្កើតមកខ្ញុំមិនដែលគិតថា កេងប្រវ័ញ្ចលុយកាក់របស់សប្បុរសជនទេ គឺមានតែបញ្ចូលលុយខ្ញុំបន្ថែម។ អ្នកដែលបានចូលរួមខ្ញុំតែងមានការកំណត់ក្នុងសៀវភៅត្រឹមត្រូវ »។
ទោះបីជាមានការទិតៀនយ៉ាងណា តែសូដា នីតា នៅតែមានបំណងមួយចង់ឲ្យមូលនិធិខ្លួនមានសកម្មភាពច្រើន និងប្រសើរជាងមុន។ នាងនិយាយថា៖«ខ្ញុំចង់ឲ្យមូលនិធិនេះ ល្អប្រសើរជាងមុន តែខ្ញុំមិនទាន់ដឹងធ្វើតាមណានៅឡើយទេ គឺខ្ញុំបានត្រឹមតែបង្ហោះនៅលើហ្វេសប៊ុក ដើម្បីឲ្យពួកគាត់បានឃើញ និងជួយមូលនិធិខ្ញុំប៉ុណ្ណឹង ។ ឥឡូវនេះ មូលនិធិខ្ញុំមិនទាន់មានទីតាំងទេ តែបើអាច នៅថ្ងៃក្រោយ បើមានការជួយគាំទ្រច្រើន ខ្ញុំនឹងរកទីតាំងណាមួយឲ្យបានច្បាស់លាស់»។ នាងបន្តថា៖«ខ្ញុំអត់ដែលបានទាក់ទងអង្គការក្រៅរដ្ឋាភិបាលអីទេ គឺអត់ទាន់ទាំងអស់ គឺខ្ញុំអត់ទាន់មានប្រាក់ធំដុំនៅឡើយទេ ធំអស់ហើយ១០០ដុល្លារនោះ គឺអត់ដែលបានលើសពីនោះទេ តែអនាគតខ្ញុំសង្ឃឹមថានឹងមានសប្បុរសជនជួយខ្ញុំច្រើន ព្រោះខ្ញុំធ្លាប់ក្រ ធ្លាប់អត់ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ»។
ជា ថ្មីម្តងទៀត សូដា នីតា ប្រកាសថា៖«ខ្ញុំសូមអំពាវអំនាវឯកឧត្តម លោកជំទាវ និងបងប្អូនមិនថា ក្នុង និងក្រៅប្រទេសទេជួយមូលនិធិនាងខ្ញុំផង ដើម្បីជួយរំលែកទុក្ខលំបាកបងប្អូនខ្មែរមួយចំនួនដែលពួកគាត់ក្រី ក្រជួបការលំបាកផ្សេងៗ ហើយអ្វីដែលសំខាន់ ខ្ញុំសូមជម្រាបកុំឲ្យបងប្អូនទាំងអស់មានការយល់ច្រឡំថា ខ្ញុំបង្កើតមូលនិធិនេះដើម្បីភាពល្បីល្បាញទាក់ទាញ ហើយមួយទៀតអ្នកសិល្បៈយើងមួយចំនួនពួកគាត់មិនទាន់បានជួយមូលនិធិខ្ញុំទេ តែបែរជាពួកគាត់ដើរនិយាយថា ខ្ញុំហ្នឹងអ៊ីចេះ ថាខ្ញុំហ្នឹងអ៊ីចុះ អ៊ីចឹងសូមមេត្តា បើមិនបានជួយ មេត្តាកុំនិយាយអី ដូចពាក្យគេថា បើមិនបានជួយចូកជួយចែវកុំយកជើងរាទឹក អាហ្នឹងទូកទៅមុខអត់រួចទេ»។
ជាមួយគ្នានោះ សូដា នីតា ក៏សូមអរគុណសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលតែងជួយមូលនិធិរបស់នាង និងបងប្អូនខ្មែរដែលពួកគាត់ជួបការលំបាក ពិសេសសូមអរគុណក្រុមហ៊ុន ឡៃហ័រអ៊ិចប្រេស ដែលតែងជួយចំណែកក្នុងមូលនិធិ សូដា នីតា នេះ»៕
ភ្នំពេញ ប៉ុស្តិ៍







